រាជធានីភ្នំពេញ ៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហការជាមួយក្រសួងទេសចរណ៍ នឹងរៀបចំកញ្ចប់ទស្សនកិច្ចថ្មីមួយ ដោយរៀបចំដំណើរទេសចរណ៍បែបផ្សងព្រេងនៅក្នុងព្រៃនៃរមណីយដ្ឋានអង្គរ ដែលនឹងត្រូវផ្សព្វផ្សាយកម្មវិធីនេះនៅថ្ងៃទី២ វិច្ចិកា ខាងមុខ នៅរមណីយដ្ឋានអង្គរ ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៤ តុលា ថា ក្នុងគោលដៅទាក់ទាញនិងធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរស្នាក់នៅយូរនៅកម្ពុជា សមាគមបានសហការជាមួយមន្ទីរទេសចរណ៍ខេត្ត និងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំកម្មវិធីផ្សព្វផ្សាយពីកញ្ចប់ទេសចរណ៍ថ្មីនេះ ។
លោកស្រីបន្ដថា ៖« យើងបាននិងកំពុងព្យាយាមធ្វើយ៉ាងណាឲ្យភ្ញៀវស្នាក់នៅយូរ ហេតុនេះទើបរៀបចំកម្មវិធីនេះឡើង ព្រោះនៅតំបន់អង្គរមានព្រៃឈើធំៗ មានទំហំធំ និងទាក់ទាញ »។ លោកស្រីបន្ថែមថា ៖« ជាមធ្យមភ្ញៀវទេសចរអន្តរជាតិស្នាក់នៅរយៈពេល៣ថ្ងៃនៅកម្ពុជា ជារយៈពេលខ្លីមួយដែលយើងកំពុងធ្វើយ៉ាងណាឲ្យពួកគេស្នាក់នៅបានយូរបន្ថែមទៀតនៅកម្ពុជា »។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានមានប្រសាសន៍ឲ្យដឹងផងដែរថា គម្រោងនេះយើងដាក់ឈ្មោះថា ទេសចរណ៍ក្រៅពីប្រាសាទ (Siem Reap Beyond of the temple) ដែលជាផលិតផលថ្មីសម្រាប់វិស័យទេសចរណ៍ ។ លោកបន្ដថា ៖«ការរៀបចំកម្មវិធីនេះ ធ្វើឡើងក្នុងគោលដៅពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរឲ្យស្នាក់នៅក្នុងខេត្តសៀមរាប ក៏ដូចជា នៅកម្ពុជាឲ្យបានកាន់តែយូរ »។ លោកបន្តថា មន្ទីរបានសហការជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងសមាគមសណ្ឋាគារនៅខេត្តសៀមរាបដើម្បីធ្វើការងារនេះ ។ លោកបញ្ជាក់ថា ៖« យើងបានសាកល្បងហើយនូវគម្រោងនេះ ស្របពេលយើងមានសហគមន៍ទេសចរណ៍ចំនួន២២ ប៉ុន្តែមានសហគមន៍ចំនួន១២ប៉ុណ្ណោះ ដែលយើងបានរៀបចំរួច ហើយអ្វីសំខាន់នោះគឺយើងចង់ផ្តល់ចំណូលដល់សហគមន៍ និងរៀបចំបែបណាដើម្បីយើងតភ្ជាប់ការធ្វើដំណើរទៅសហគមន៍បានប្រសើរ ហើយយើងអាចជួយសហគមន៍ដូចម្តេច ដើម្បីឲ្យពួកគេទទួលបានផលប្រយោជន៍ពីវិស័យនេះ »។
ខេត្តសៀមរាប ជាគោលដៅទេសចរណ៍វប្បធម៌ដ៏ទាក់ទាញបំផុតពោរពេញទៅដោយសក្ដានុពលបេតិកភ័ណ្ឌវប្បធម៌យ៉ាងច្រើនអនេករួមមាន សំណង់ប្រាសាទជាប្រវត្តិសាស្ដ្រដែលមានអាយុកាលរាប់ពាន់ឆ្នាំជាច្រើន និងសហគមន៍ទេសចរណ៍ធម្មជាតិជាច្រើនទៀត ។ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៨នេះ តំបន់សៀមរាបអង្គរទទួលបានទេសចរអន្តរជាតិចំនួន១,៥លាន នាក់ កើនឡើង៣៧,៧% ។ វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកជាវិស័យអាទិភាពមួយដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងរួមចំណែកយ៉ាង មានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពក្រីក្រ ។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ នៅឆ្នាំ២០១៧ វិស័យនេះបាននាំមកចំណូលដោយផ្ទាល់ប្រមាណ៣,៦ពាន់លានដុល្លារអាមេរិក ចាក់បញ្ចូលទៅក្នុងកំណើនសេដ្ឋកិច្ចជាតិ ប្រមាណ១៣%នៃផលិតផលសរុបក្នុងស្រុក ព្រមទាំងបង្កើតការងារដោយផ្ទាល់ចំនួន៦២ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត ៕
ចែករំលែកព័តមាននេះ