ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេត្តា​ជា​ធម៌​សំខាន់​ក្នុង​លោក

6 ឆ្នាំ មុន

មេត្តា​មាន​សេចក្តី​ដូច​ម្តេច?  ពាក្យ​ថា មេត្តា​សំដៅយក​អ្នកមាន​មេត្រីភាព​, សេចក្តី​រាប់រក​, សេចក្តី​រាប់អាន​គ្នា​, សេចក្តី​សន្តោស​ប្រោសប្រណី​, បំណង​ចង់ឱ្យ​អ្នក​ដទៃ​បាន​សេចក្តីសុខ ចម្រើន​ដូច​ខ្លួន​ដែរ​, មាន​មេត្តា​, ផ្សាយ​មេត្តា​ថា…

មេត្តា​មាន​សេចក្តី​ដូច​ម្តេច?  ពាក្យ​ថា មេត្តា​សំដៅយក​អ្នកមាន​មេត្រីភាព​, សេចក្តី​រាប់រក​, សេចក្តី​រាប់អាន​គ្នា​, សេចក្តី​សន្តោស​ប្រោសប្រណី​, បំណង​ចង់ឱ្យ​អ្នក​ដទៃ​បាន​សេចក្តីសុខ ចម្រើន​ដូច​ខ្លួន​ដែរ​, មាន​មេត្តា​, ផ្សាយ​មេត្តា​ថា ខ្ញុំ​មានចិត្ត​សុខ​ស្ងប់​យ៉ាងណាមិញ សូម​ឱ្យ​សព្វ​សត្វ​​បាន​សុខ​ស្ងប់​ដូច​ខ្ញុំ​ចង់បាន​នុះ​ដែរ​ចុះ ។

មេត្តា​នេះ​ជា​ធម៌​សំខាន់​មួយ​ក្នុង​លោក អ្នកមាន​ក្តី​មេត្តា​អាច​យកឈ្នះ​ចិត្ត​ក្រោធ​របស់​អ្នក​ដទៃ​បាន​ដែល​ចាត់​ថា​ជា​ជ័យជម្នះ​ដ៏​ប្រសើរ​។ អ្នក​ដែល​តាំងនៅ​ក្នុង​មេត្តា ឈ្មោះ​ថា​ធ្វើ​ប្រយោជន៍​ទាំង​ពីរ គឺ​ប្រយោជន៍​ខ្លួនឯង​ផង និង​ប្រយោជន៍​អ្នក​ដទៃ​ផង​ឱ្យ​កើតឡើង​។

អ្នក​មានធម៌​មេត្តា​មាន​ទឹកមុខ​ស្រស់ថ្លា ស្អាត​ផូរផង់ មាន​សេចក្ដីសុខ​ក្រៃ​លែង​។ ព្រោះហេតុនោះ​បានជា​ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​អានិសង្ស​របស់​មេត្តា​ដូច​តទៅៈ ១-​មិន​វង្វេង​នៅ​ពេល​ហៀបនឹង​ស្លាប់ មនុស្ស​ដែល​វង្វេង​នៅ​ពេល​ជិត​ស្លាប់ ព្រោះ​បាត់បង់​មេត្តា​ដែល​ជា​គុណជាតិ​ញ៉ាំង​ស្មារតី​ឲ្យ​ចម្រើន ២-​សុបិន​ល្អ​ៗ​ដូច​ជា ថ្វាយបង្គំ​ព្រះ និង​ឃើញ​ធ្វើបុណ្យ​ផ្សេង​ៗ​ទៀត​យ៉ាង​សប្បាយ ដោយ​មិន​បាន​យល់សប្តិ​ឃើញ​អំពើ​ឃោរឃៅ​អ្វី​ឡើយ ៣-​មេត្តា​ជា​ធម៌​រម្ងាប់​នូវ​ពៀរ អ្នក​ចម្រើន​នូវ​មេត្តា​ជា​អ្នកមាន​ចរិត​ស្លូតបូត រហូត អាច​ការពារ​អន្ដរាយ​ដោយ​ប្រការ​ផ្សេង​ៗ​បាន ៤-​បើ​យើង​ចង់​ឲ្យ​មនុស្ស​ទាំងឡាយ​ស្រឡាញ់​ចូល​ចិត្ត គឺ​យើង​ត្រូវ​រៀន​ស្រឡាញ់​អ្នក​ដទៃ​ជា​មុន​សិន គឺ​រៀន​ឲ្យ​មាន​មេត្តា ៥-​ដេក​លក់​ជា​សុខ ភ្ញាក់​ឡើង​ក៏​ជា​សុខ តែបើ​យើង​ក្រោធ​ខឹង​នឹង​អ្នក​ដទៃ យើង​ប្រៀប​ដូច​ជា​អ្នក​ដែល​ត្រូវ​ថ្នាំ​ពិស មិន​បាន​ដេក​នៅ​ជា​សុខ​ឡើយ ដូច្នេះ​ទើបត្រូវ​ចម្រើន​នូវ​មេត្តា រស់នៅ​ជាមួយនឹង​មេត្តា​គ្រប់ពេលវេលា ៦-​ទេវតា​ទាំងឡាយ​តាម​ជួយ​ថែរក្សា ឱ្យ​រួចពីទុក្ខ ទោស គ្រោះថ្នាក់​ដោយ​ប្រការ​ផ្សេង​ៗ ៧-​សម្បុរ​ស្រស់ថ្លា​ដោយ​អំណាច​នៃ​មេត្តា​បាន​ញ៉ាំង​ឲ្យ​ទឹកមុខ​ស្អាត​គួរ​ឲ្យ​រាប់អាន​។

ទោះបី​អ្នក​ស្អាត​ពី​កំណើត​មក​ក៏​ដោយ ក៏​ព្រោះ​មក​អំពី​មានបុណ្យ​ដែល​បាន​ធ្វើ​នោះ​ប្រកបដោយ​មេត្តា​ជាប់​មក​ជាមួយ​ដែរ ៨-​កាលបើ​ស្លាប់​ទៅ​រមែង​ចូល​ទៅ​កាន់​សុគតិភព​ដោយ​អំណាច​នៃ​មេត្តាចិត្ត​នេះឯង ។

បើ​សត្វលោក​ចង់បាន​អានិសង្ស​ទាំងនេះ​មក​ស្ថិត​នៅ​ក្នុង​សន្តាន គួរ​ព្យាយាម​ចម្រើនមេត្តា​ឲ្យ​ជា​ធម៌​ប្រចាំចិត្ត ប្រចាំជីវិត ហ្វឹកហាត់​អប់រំ​ឲ្យ​មាន​មេត្តា​ជា​ប្រក្រតី​រាល់ថ្ងៃ ព្រោះ​ថាបើ​មេត្តាចិត្ត​នៅ​មិន​ទាន់​បាន​មាំទាំ​ទេ គឺ​មិន​អាច​យកឈ្នះ​លើ​សេចក្ដី​ក្រោធ ទោសៈ លោភៈ មោហៈ​បាន​ឡើយ ។