ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានឈើ​183​ម៉ែត្រ​នៅ​ប្រាសាទបេង​មាលា​រុះរើ​សង់​ថ្មី

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រាសាទបេង​មាលា បើ​ទោះបី​ស្ថិត​នៅ​ឆ្ងាយ​ពី​តំបន់​អង្គរ ហើយ​មាន​ការ​​បែកបាក់​ច្រើន ក៏​ប៉ុន្តែ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ​លើ​ស្ថាបត្យកម្ម​សំណង់ ទេសភាព ពិសេស​ស្ពានឈើ​សម្រាប់​ដើរ​ទស្សនា​ប្រាសាទ។ ដោយសារ​កត្តា​អាយុកាល…

ខេត្តសៀមរាប ៖ ប្រាសាទបេង​មាលា បើ​ទោះបី​ស្ថិត​នៅ​ឆ្ងាយ​ពី​តំបន់​អង្គរ ហើយ​មាន​ការ​​បែកបាក់​ច្រើន ក៏​ប៉ុន្តែ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ​លើ​ស្ថាបត្យកម្ម​សំណង់ ទេសភាព ពិសេស​ស្ពានឈើ​សម្រាប់​ដើរ​ទស្សនា​ប្រាសាទ។

ដោយសារ​កត្តា​អាយុកាល អាកាសធាតុ បាន​ធ្វើ​ឱ្យ​ស្ពានឈើ​ដែល​សង់​ឡើង​កាលពី​ឆ្នាំ​២០០២ រង​នូវ​ការ​ពុក​ផុយ​ដោយ​អន្លើរ​អាច​បង្ក​ឱ្យ​គ្រោះថ្នាក់ ហើយ​ស្ថានភាព​ស្ពាន​តូច​ចង្អៀត ពិបាក​ទេសចរ​ធ្វើ​ដំណើរ និង​ដើរ​ចៀស​គ្នា​ផង​នោះ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​ក្រុមហ៊ុន​ខាំ សា​មេ​ត បាន​រុះ​ស្ពាន​ចាស់​ធ្វើ​ថ្មី​ទាំងស្រុង មាន​ទំហំ​ធំ​ជាង​មុន និង​ប្រវែង​១៨៣​ម៉ែត្រ ក្នុង​ប្រវែង​ស្ពាន​សរុប​២៦៣​ម៉ែត្រ ។

លោក​បណ្ឌិត​ឈាន រ​ដ្ឋា ប្រធាន​ស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨​ខែតុលា​ឆ្នាំ​២០១៨​នេះ​ថា ដំណើរការ​ជួស​ជុល​ស្ពានឈើ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ជា​អ្នក​ទទួលខុសត្រូវ​លើ​បច្ចេកទេស​ជួស​ជុល រីឯ​ក្រុមហ៊ុន​ខាំ សា​មេ​ត ជា​អ្នក​ផ្តល់​ប្រាក់​ទិញ​សម្ភារ ។ ក្នុង​ការ​សាងសង់​ប្រើ​ឈើ​អស់​ចំនួន​ជាង​៨០​ម៉ែត្រគូប មាន​ឈើ​បី​ប្រភេទ គឺ​ផ្ចឹក គគីរ និង​រាំង ដែល​ធន់​នឹង​អាកាស​ធាតុ ហើយ​ធានា​គុណភាព​បាន​យូរ​ឆ្នាំ ។

ការ​ជួសជុល​នេះ​ធ្វើ​ឡើង​ក្នុង​បំណង​ការពារ​សុវត្ថិភាព​អ្នក​ទស្សនា​ដែល​កើន​ឡើងជា​លំដាប់ ការពារ​មិន​ឱ្យ​ទេសចរ​ចុះ​ជាន់​លើ​ថ្ម​នាំ​ឱ្យ​រអិល ឬ​ធ្លាក់​នាំ​គ្រោះថ្នាក់​ដល់​ខ្លួន ហើយ​ប៉ះពាល់​ដល់​ថ្ម​ប្រាសាទ និង​សម្រួលការ​ធ្វើ​ដំណើរ​ចៀស​ស​គ្នា​ថែម​ទៀត ។

ចំពោះ​ការ​សាងសង់​វិញ ក្រុមការងារ​បុរាណ​វិទូ និង​ស្ថាបត្យករ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​​យកចិត្តទុកដាក់​ខ្ពស់ និង​សិក្សា​យ៉ាង​ល្អិតល្អន់ ទាំង​ប្លង់ រួម​ទាំង​បញ្ជៀ​ស​ហានិភ័យ ផ្សេង​ៗ​ដល់​ថ្ម​ប្រាសាទ​ដោយ​ការ​មិន​ជីកដី​ដាំសសរ បើ​កន្លែង​ប៉ះ​ថ្ម គឺ​ប្រើ​សំបក​កង់​ឡាន​ទ្រាប់​ពីលើ​ចៀសវាង​ការ​កកិត​។ ដោយឡែក​សម្រាប់​ស្ពាន​ចាស់ ដែល​មាន​ទំហំ​សម​ល្មម និង​មាន​ភាព​មាំទាំ​នៅឡើយ ក៏​ក្រុមការងារ​បន្ត​ការ​យកចិត្តទុកដាក់​ថែទាំ​ពង្រឹង​បន្ថែម​ទៀត​ដែរ ។

ស្ពានឈើ​ដែល​ជា​សោភ័ណ​ភាព​មួយ​នៃ​ប្រាសាទបេង​មាលា​នេះ កើតឡើង​នៅ​ឆ្នាំ​២០០២ ដោយ​ក្រុមហ៊ុន​ភាពយន្ត​ហូ​លី​វូ​ដ​បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​ធ្វើ​ស្ពានឈើ​ចូល​ទៅ​ក្នុង​ប្រាសាទ​សម្រាប់​ជញ្ជូន​សម្ភារ​ក្នុង​ការ​ថត​ភាពយន្ត និង​ជួយ​ផ្សព្វផ្សាយ​ដល់​ទេសចរ​ឱ្យ​ស្គាល់​ពី​ប្រាសាទបេង​មាលា​ផង​។

ក្រោយមក​ដោយ​កំណើន​ភ្ញៀវ​ទេសចរ​កាន់តែ​កើនឡើង ធ្វើ​ឱ្យ​ភ្ញៀវ​ខ្លះ​ជាន់​ថ្ម​ប្រាសាទ​ពេល​ដើរ​ទស្សនា ហើយ​មើលឃើញ​ពី​ប្រយោជន៍​នៃ​ស្ពានឈើ​នេះ​អាច​សង្គ្រោះ​ដល់​ប្រាសាទ​ផង​នោះ អា​ជា្ញ​ធរ​ជាតិ​អប្សរា​ក៏​បាន​បន្ត​ពង្រីក​ធ្វើ​ស្ពានឈើ​នេះ​ជា​បន្ត​ភ្ជាប់​ជាមួយ​ស្ពាន​ចាស់​រហូត​មក​សព្វថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ