វិនិយោគិន​​ដណ្តើម​គ្នា​ទិញ​ដី​ជុំវិញ​តំបន់ DMZ


ទីក្រុង​សេ​អ៊ូ​ល ៖ តម្លៃ​ដី​នៅ​ជិត​តំបន់​គ្មាន​កងទ័ព (Demilitarized Zone) ឬ​ហៅ​ថា​DMZ ដែល​កាត់​ផ្តាច់​កូរ៉េ​ខាងជើង និង​ខាងត្បូង​បាន​កើនឡើង​យ៉ាង​លឿន​នៅ​ឆ្នាំ​នេះ ព្រោះតែ​វិនិយោគិន​ដែល​រំពឹង​លើ​ដំណោះស្រាយ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េ​ខាងជើង​ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ។

អ្នកស្រី Kim Jong-soon នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​នៅ​ទីក្រុង Paju បាន​ឲ្យ​ដឹង​ថា ដី​ប្រមាណ​២០០​កន្លែង​ត្រូវ​បាន​លក់​ចេញ​នៅ​ក្នុង និង​ជុំវិញ​ភូមិ Unification Village ។

ចំណែកឯ​លោក Lee Kong-song នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​មួយទៀត​នៅ​ក្នុង​តំបន់​តែ​មួយ​បាន​ឲ្យ​ដឹង​ថា ៖« អ្នក​ដែល​ទិញ​ដី​នៅ​ម្តុំ​នេះ​គឺ​មាន​អាយុ​ខ្ទង់​៤០​ទៅ​៥០​ឆ្នាំ»។ លោក​ថា ៖« ការ​ទិញ​ទាំងនេះ​មិន​ដូច​ការ​ទិញ​អចលនទ្រព្យ​រយៈពេល​ខ្លី​ដូចដែល​បានឃើញ​នៅ​សេ​អ៊ូ​ល​ទេ វា​ជា​ការ​វិនិយោគ​រយៈពេល​វែង​ដែល​ពួក​គេ​អាច​រក​ប្រាក់​ចំណេញ​បាន​ច្រើន »​។

សក្តានុពល​នៃ​កំណើន​តម្លៃ​ដី​បាន​ធ្វើ​ឲ្យ​វិនិយោគិន​កាន់តែ​ចាប់អារម្មណ៍​ក្នុង​ការ​ទិញ​អចលនទ្រព្យ ។ លោក Lee បាន​ឲ្យ​ដឹង​ដែរ​ថា​តម្លៃ​ដី​បាន​កើនឡើង​ទ្វេ​ដង​ឯណោះ​នៅ​ឆ្នាំ​នេះ ។

លោក Lee បាន​បន្ថែម​ថា ការ​វិនិយោគ​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ខែមេសា​ដែល​ជា​ពេល​លោក​ប្រធានាធិបតី Moon Jae-in ចូលរួម​កិច្ចប្រជុំ​ដំបូង​របស់​លោក​ជាមួយ​មេ​ដឹកនាំ​របស់​កូរ៉េ​ខាងជើង ។ ការ​ទិញ​លក់​បាន​ធ្លាក់​ចុះ​បន្តិច​នៅ​ខែកក្កដា និង​សីហា ខណៈ​ដែល​កូរ៉េ​ខាងជើង​និង​សហរដ្ឋអាមេរិក​នៅ​មិន​ទាន់​អាច​ព្រមព្រៀង​គ្នា​លើ​បញ្ហា​រំសាយ​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​ចំណាប់អារម្មណ៍​បាន​កើនឡើង​សា​ជា​ថ្មី​កាលពី​ខែ​មុន ព្រោះតែ​កិច្ចប្រជុំ​ទី​បី​រវាង​លោក Moon និង​លោក Kim Jong-un ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន Samsung Electronics និង​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ទៀត​មាន​ការិយា​ល័យ​ធំ​នៅ Suwon ប៉ែក​ខាងត្បូង​នៃ​ទីក្រុង​សេ​អ៊ូ​ល ប៉ុន្តែ​នៅ​ប៉ែក​ខាងជើង​វិញ​ពុំ​សូវ​មាន​រោងចក្រ​ធំ​ៗ​ឡើយ ក្រៅពី​រោងចក្រ LG Display ។

វិសមភាព​នៃ​ការ​អភិវឌ្ឍ បាន​ធ្វើ​ឲ្យ​តំបន់​ប៉ែក​ខាងជើង​ទាមទារ​ជំនួយ​ពី​រដ្ឋាភិបាល​ដើម្បី​ជំរុញ​ដល់​ការ​វិនិយោគ​ក្នុងស្រុក ។ ប្រសិនបើ​អង្គការសហប្រជាជាតិ​ដក​ការ​ដាក់​ទណ្ឌ​កម្ម​លើ​កូរ៉េ​ខាងជើង​នោះ តំបន់​នៅ​ជិត DMZ អាច​អភិវឌ្ឍន៍​ខ្លាំង​ជាង​មុន ៕

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ