ខេត្តព្រៃវែង ៖ ខឹងឪពុករករឿងជេរបញ្ចោ និងវាយម្តាយ កូនប្រុសម្នាក់បានទាញកាំបិតផ្គាក់កាប់ចិញ្ច្រាំឪពុកបង្កើតឡើងសុសក្បាល រួចរត់គេចខ្លួនបាត់ស្រមោល ។
ករណីហិង្សាក្នុងគ្រួសារខាងលើបានកើតឡើងកាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨វេលា នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអញ្ចាញ ខាងកើត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
លោកអធិកានគបាលស្រុកកំចាយមារបានឲ្យដឹងថា ជនរងគ្រោះត្រូវជាឪពុកឈ្មោះ មិន បុត្រ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានរងរបួសធ្ងន់ ចំណែកជនសង្ស័យត្រូវជាកូនឈ្មោះ បុត្រ ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ បានរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចបានបញ្ជាក់ផងដែរថា ករណីខាងលើគឺដើមហេតុកើតចេញពីឪពុកជាជនរងគ្រោះ ដែលកន្លងមកតែងតែរករឿងជេរបញ្ចោ និងវាយប្រពន្ធជាញឹកញាប់ ហើយរហូតមកដល់យប់ថ្ងៃកើតហេតុនេះក៏បានឈ្លោះប្រកែកគ្នា និងបំរុងវាយប្រពន្ធទៀត ទើបកូនប្រុសខឹងទាញកាំបិតផ្គាក់កាប់ចិញ្ច្រាំសុសក្បាល បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ។ ចំណែកកូនប្រុសបានរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនជនសង្ស័យមកចាត់ការតាមច្បាប់ផងដែរ៕
ចែករំលែកព័តមាននេះ