រដូវភ្ជុំបិណ្ឌបាននិងកំពុងប្រព្រឹត្តយ៉ាងឱឡារិក ដែលជាឱកាសល្អសម្រាប់សាធុជនបំពេញកងការកុសលតាមកម្លាំងសទ្ធារៀងៗខ្លួន ដើម្បីឧទ្ទិសមគ្គផលដល់ញាតិមិត្តសាច់សាលោហិតដែលបានចែកឋានទៅផង ហើយបុណ្យកុសលនេះក៏នឹងទ្រទ្រង់យើងឱ្យបានសុខចម្រើនផងដែរ ។
ហេតុដូចនេះសូមសប្បុរសកុំធ្វេសប្រហែស កុំប្រមាទឱ្យសោះ គួរខិតខំបំពេញបុណ្យកុសល ខំសន្សំតែអំពើល្អ ធ្វើបុណ្យដាក់បាត្រឱ្យបានច្រើន ព្រោះមនុស្សយើង មានជីវិតប្រមាណខ្លីណាស់ តិចតួចស្តួចស្តើងណាស់ ឆាប់សឹករេចរឹល ឆាប់ធ្លុះធ្លាយពុកផុយណាស់ គឺមិនជាប់មាំទាំយូរអង្វែងទេ ។
ដូចឃើញស្រាប់ហើយបុគ្គលដែលស្លាប់បាត់បង់ជីវិត ទៅកាន់បរលោកនាយនោះពុំមែនសុទ្ធតែជាអ្នកក្រ ស្លាប់ដោយអត់បាយ អត់ទឹកនោះទេ អ្នកមានខ្លះក៏ស្លាប់នៅលើគំនរទ្រព្យសម្បត្តិដែរ ដូច្នេះជីវិតនេះត្រូវសេចក្តីទុក្ខចោមរោមគ្របសង្កត់ជិះជាន់គ្រប់ពេលវេលា ឥតមានទំនេរស្រាកស្រាន្តសោះឡើយ ។
មានតែបុណ្យកុសលហ្នឹងហើយដែលអាចជួយចម្លងសង្ខារយើងឱ្យរួចពីការញាំញីដោយសេចក្តីទុក្ខ ទៅដាក់ដល់ទីសុខាពោលគឺសុគតិភព ។
ចែករំលែកព័តមាននេះ