ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ បឺត ខាំ និង​ឡុ​ង សុ​ភី ក្លាយជា​ថៅកែ​មិនធម្មតា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​ទឹកដី​ខេត្តកំពង់ស្ពឺ ក្នុង​តំបន់​វត្ត​ទួល​សុ​ភី គេ​សុទ្ធតែ​ឃើញ​ផ្លា​ក​យីហោ​លក់​ដី​ឡូត៍​របស់​កីឡាករ​ពីរ​រូប គឺ​បឺត ខាំ និង​ឡុ​ង សុ​ភី ដាក់​ត្រដាង​តាម​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​ទឹកដី​ខេត្តកំពង់ស្ពឺ ក្នុង​តំបន់​វត្ត​ទួល​សុ​ភី គេ​សុទ្ធតែ​ឃើញ​ផ្លា​ក​យីហោ​លក់​ដី​ឡូត៍​របស់​កីឡាករ​ពីរ​រូប គឺ​បឺត ខាំ និង​ឡុ​ង សុ​ភី ដាក់​ត្រដាង​តាម​ផ្លូវ ដោយ​អ្នក​ទាំង​ពីរ​ត្រូវ​គេ​ដឹង​ថា គឺជា​ម្ចាស់​ដី​ឡូត៍ដែល​បាន​ប្រកាស​លក់​ក្នុង​មួយ​ប្លង់​ជាង​២​ពាន់​ដុល្លារ​នោះ​ផង បើ​ទោះជា​អ្នក​ទាំង​ពីរ​គ្រាន់តែ​មាន​ចំណែក​ជា​ម្ចាស់​ក្នុង​ភាគហ៊ុន​មួយ​ក្ដី។

អ៊ីចឹង​ហើយ​ទើប​បឺត ខាំ ប្រកាស​ទាំងស្រុង​ថា​ឈប់​ប្រដាល់​ដោយ​ឈប់​ទាំង​ទទួល​បង្ហាត់ ខណៈ​ដែល​ឡុ​ង សុ​ភី ក៏​ត្រូវ​គេ​ដឹង​ថា ស្ទើរតែ​លែង​ទទួល​ប្រដាល់​ដោយសារ​តែ​លោក​រវល់​ក្នុង​ការ​ចុះឡើង​មូលដ្ឋាន​លក់​ដី ហើយ​គ្មាន​ពេល​ហ្វឹកហាត់ ។ នេះ​គឺជា​ជំហាន​​ថ្មី​មួយ​នៅ​ក្នុង​វិស័យ​ប្រដាល់​ដែល​ពេល​កន្លង​មក​មាន​តែ​ការ​លើក​ឡើង​ថា កីឡា​ករ​ប្រដាល់​មាន​ជីវភាព​ខ្សត់ខ្សោយ​នោះ ប៉ុន្តែ​ពេល​នេះ គឺ​អ្នក​ទាំង​ពីរ​បាន​ក្លាយជា​អ្នកជំនួញ​ដីធ្លី​ខុស​ពី​កីឡាករ​ផ្សេង​ៗ​។

កីឡាករ បឺត ខាំ បាន​អះអាង​ថា លោក​បាន​សម្រេចចិត្ត​បោះទុន​ក្នុង​ជំនួញ​ដីធ្លី​ប្រមាណ​ច្រើន​ខែ​មក​ហើយ បន្ទាប់​ពី​លោក​សាកល្បង​ធ្វើ​ជា​ភ្នាក់ងារ​លក់​ដី​ឡូត៍​ជាមួយ​បងធម៌​មួយ​រយៈ ហើយ​ត្រូវ​បងធម៌​ផ្ដល់​ឱកាស​ឱ្យ​ចូល​ជា​ភាគហ៊ុន ដើម្បី​ទទួល​បាន​ផល​ចំណេញ​​ច្រើន ។

លោក​ថា ខ្លួន​មាន​ភាគហ៊ុន​លើ​គម្រោង​ដីធ្លី​ដែល​លោក​បង្ហោះ​ដាក់​លក់​រាល់ថ្ងៃ តែ​លោក​បដិសេធ​មិន​ប្រាប់​ទំហំ​ដើមទុន​ដែល​បាន​ដាក់​ចូល​ក្រុមហ៊ុន​នោះ​ទេ ដោយ​គ្រាន់តែ​អះ​អាង​ថា ​មាន​ចំនួន​ច្រើន​ដែរ ដែល​ថវិកា​ទាំងនោះ គឺ​បាន​ពី​ការ​សន្សំ និង​ពី​ចំណែក​ដែល​លោក​ទទួល​បាន​ពី​ការ​ផ្ចុងផ្ដើម​ដោយ​ក្រុម​បងធម៌​ដែល​ជា​ម្ចាស់​ដី​ធ្លី ។

លោក​ថា រយៈពេល​២​ខែ​ចុង​ក្រោយ លោក​ទទួល​បាន​ផល​ចំណេញ​គួរសម ទើប​បណ្ដាល​​ឱ្យ​លោក​សម្រេចចិត្ត​បោះបង់​ការ​បង្វឹក​កូនសិស្ស​នូវ​ផ្នែក​ប្រដាល់ ដើម្បី​ផ្ដាច់​ខ្លួន​មក​រកស៊ី​ដីធ្លី​វិញ​ម្ដង​ទុកជា​បង្អែក ។ លោក​រៀបរាប់​ពី​បទ​ពិសោធន៍​នាំ​ឱ្យ​ក្លាយជា​អ្នកជំនួញ​ដីធ្លី​នេះ​ថា​៖«​ពី​មុន​ខ្ញុំ​គ្រាន់តែ​រៀន​ជួយ​លក់​ដី​ឡូត៍​បងធម៌​យក​បទ​ពិសោធន៍ អ៊ីចឹង​ខ្ញុំ​នៅ​តែ​ឆ្លៀត​បង្ហាត់​សិស្ស​ដដែល បើ​ទោះជា​ខ្ញុំ​ឈប់​ប្រដាល់ ប៉ុន្តែ​ខែ​ចុង​ក្រោយ គឺ​ខ្ញុំ​ចូល​ហ៊ុន​ជាមួយ​បងធម៌​តែ​ម្ដង ទើប​ខ្ញុំ​បោះចោល​ទាំងស្រុង​តែ​ម្ដង​សម្រាប់​ការ​បង្វឹក​សិស្ស​ដែល​ធ្លាប់​ធ្វើ​!»​។

អតីត​កីឡាករ​ជើង​ខ្លាំង បឺត ខាំ លោក​ប្រកាស​លែង​ស្ដាយ និង​ឈប់​ងាក​ក្រោយ​ពាក់ព័ន្ធ​នឹង​ការ​ប្រដាល់​ទៀត​ហើយ បន្ទាប់​ពី​លោក​រក​ឃើញ​មុខរបរ​ដីធ្លី ដែល​លោក​បាន​ហៅ​ជំនួញ​របស់​ខ្លួន​នេះ​ថា​ធ្វើ​ឱ្យ​លោក​បាន​ប្រាក់​ចំណូល​រឹង​មា ។ លោក​និយាយ​ថា​៖«​រាល់​ថ្ងៃ​​ខ្ញុំ​មិនមែន​ភាគហ៊ុន​ធំ​ទេ ប៉ុន្តែ​ខ្ញុំ​មើលឃើញ​ពី​ផល​ចំណេញ​ខ្ពស់ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​មាន​លទ្ធភាព​ជាង​មុន គឺ​ខុស​គ្នា​ដាច់​ឆ្ងាយ​ពី​កាល​ខ្ញុំ​នៅ​ប្រដាល់ និង​នៅ​បង្ហាត់​សិស្ស​»​។

ក្រៅពី​ប្រកាស​ឱ្យ​ដឹង​ពីមុខរ​បរជា​អ្នក​ចូលហ៊ុន​លក់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មួយ អតីត​កីឡា​ករ បឺត ខាំ កាលពី​ពេល​ថ្មី​ៗ​ក៏​ត្រូវ​គេ​ឃើញ​ឡើង​ច្រៀង​លើ​ឆាក​តន្ត្រី​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ អម​ដោយ​ការ​ប្រកាស​ថា លោក​នឹង​បន្ត​ឡើង​ឆាក​បែប​នេះ​ឱ្យ​បាន​ញឹកញាប់ ។

បន្ថែម​ពីលើ​ការ​ប្រកាស​លោក​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ត្រៀម​ផលិត​បទ​និពន្ធ​ថ្មី​ដើម្បី​ឡើង​ឆាក​នោះ​ផង ដែល​ការ​សម្រេចចិត្ត​នេះ គឺ​ដោយសារ​តែ​លោក​ត្រូវប៉ាន់​ក្រោយ​ពី​បោះ​ជំហាន​​ធ្វើ​ជំនួញ​ដីធ្លី​ក្នុង​នាម​ជា​ម្ចាស់​ភាគហ៊ុន​មួយ​នា​ពេល​ចុង​ក្រោយ​នោះ​ឯង​។

មិន​ខុស​គ្នា​ដែរ កីឡាករ ឡុ​ង សុ​ភី បាន​អះអាង​ថា លោក​រាល់ថ្ងៃ​ក៏​ទទួលផល​ចំណេញ​ពី​ការ​ឈរ​លក់​ដី​ឡូត៍​ក្នុង​នាម​ជាទី​ផ្សារ​ផង និង​ក្នុង​នាម​ជា​ម្ចាស់​ភាគហ៊ុន​ផង​ដែរ ដោយ​តំបន់​ដែល​លោក​ចេញ​ធ្វើ​ជំនួញ មាន​សក្ដានុពល​ខ្លាំង​ក្នុង​ការ​ប្រកប​អាជីវកម្ម​ផង ដោយ​សារ​តែ​ក្នុង​តំបន់​នោះ ត្រូវ​បាន​គេ​បង្កើត​ជា​ខេត្ត​ថ្មី ហើយ​ជិត​ក្រុង​ឧដុង្គ ដែល​មានការ​អភិវឌ្ឍ​ខ្លាំង ។ លោ​កថា​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ដែល​លោក​មានឱកាស​ចាប់ដៃ​ជាមួយ​បឺត ខាំ ហើយ​បើក​ជំនួញ​ដីធ្លី ដោយ​មាន​បងធម៌​ធ្វើ​ជា​បង្អែក ។

យ៉ាងណាមិញ​លោក​ថា ខ្លួន​នឹង​នៅ​តែ​ទទួល​ប្រដាល់​ដោយ​គ្រាន់តែ​កាត់​បន្ថយ​ជាង​មុន និង​ទទួល​ឡើង​តែ​ការ​ប្រដាល់​ណា​ដែល​លោក​គួរតែ​ទទួល​ប៉ុណ្ណោះ ។ លោក​ថា ក្នុង​មួយ​​ខែ​ខ្លួន​ទទួល​បាន​ប្រាក់​ចំណែក​ខ្ពស់ ហើយ​ក្នុង​ពេល​ខាង​មុខ​លោក​នឹង​លុកលុយ​ក្នុង​មុខ​ជំនួញ​ដីធ្លី​នេះ​ឱ្យ​កាន់តែ​ខ្លាំង ស្រប​ពេល​ដែល​លោក​ក៏​មាន​ដើមទុន​ច្រើន​ក្នុង​ដៃ​ខុស​ពី​មុន ដែល​អាច​ទៅ​រួច​ក្នុង​ពេល​ខាង​មុខ​។

ជាមួយនឹង​កា​រវិ​វត្ត​ខ្លួន​ពី​កីឡាករ​ក្លាយជា​ថៅកែ​ពុះ​ដី​ឡូត៍​លក់​ទាំង​ពីរ​នាក់​ព្រម​គ្នា​បែប​នេះ ធ្វើ​ឱ្យ​គេ​ម្នាក់​ៗ​កោតសរសើរ​ចំពោះ​កីឡាករ បឺត ខាំ និង​ឡុ​ង សុ​ភី យ៉ាង​ខ្លាំង ដែល​អាច​បំ​លាស់​ខ្លួន​ពី​ស្ថានភាព​កីឡាករ​ដែល​គេ​យល់​ថា​នៅ​តែ​ក្រ នៅ​តែ​ខ្សត់​ក្រោយ​ពេល​ទីផ្សារ​ថយ​ចុះ ក្លាយជា​ថៅកែ​មួយ​បាន បើ​ទោះជា​ក្នុង​ពេល​នេះ លោក​គ្រាន់តែ​ជា​ថៅកែ​ដី​ឡូត៍​ក្នុង​ចំណែក​ភាគហ៊ុន​មួយ​នៅឡើយ ដោយ​មិន​ទាន់​ក្លាយជា​ថៅកែ​ផ្ដាច់មុខ​ម្នាក់​ឯង ។

កីឡាករ​បឺត ខាំ បញ្ជាក់​ថា មិនយូរ​នោះ​ទេ លោក​នឹង​ធ្វើ​ជា​ថៅកែ​ដោយ​ខ្លួនឯង ប៉ុន្តែ​បណ្ដាល​​មក​ពី​ក្នុង​ពេល​នេះ លោក​ត្រូវការ​ដៃគូ​រួម​គ្នា​ឱ្យ​រឹង​មាំ​សិន ទើប​លោក​ត្រូវ​តែ​ចាប់​ដៃ​ជាមួយ​អ្នកមាន​ជំនាញ​គ្រប់​គ្នា​ដើម្បី​បែងចែក​ផល​ចំណេញ​ឱ្យ​គ្នា ។

ឡុ​ង សុ​ភី ត្រូវ​គេ​ឃើញ​លេច​មុខតែ​ក្នុង​គម្រោង​ដី​ពុះ​ឡូត៍​នៅ​កំពង់ស្ពឺ​ភាគច្រើន តែបើ​កីឡា​ករ​បឺត ខាំ ឃើញ​លេចមុខ​ក្នុង​គម្រោង​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ម្ដុំ​ភ្នំ​បាសិត និង​នៅ​តំបន់​ផ្សេង​ៗ​ទៀត​នោះ​ផង ខណៈ​ដែល​លោក​ក្រៅពី​ចុះ​មើល​ការដ្ឋាន​ពុះ​ដី​ឡូត៍​លក់ ក៍​ចុះ​ទិញ​ពី​ពលរដ្ឋ​មិន​ខុស​ពី​ថៅ​ម្នាក់​ជាមួយ​ដៃគូ​ភាគហ៊ុន​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ