ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប ប្រកាស​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដល់​ផ្ទះ​ពលរដ្ឋ​ដែល​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨​នេះ​ថា គ​.​ជ​.​ប បាន​ដាក់​ផែនការ​ចុះ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដល់​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨​នេះ​ថា គ​.​ជ​.​ប បាន​ដាក់​ផែនការ​ចុះ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដល់​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ ដោយ​អនុវត្ត​ចាប់ពី​ខែតុលា​នេះ​តទៅ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ​ឱ្យ​បាន​គ្រប់​ៗ​គ្នា ។

លោក នុ​ត សុខុម អនុប្រធាន គ​.​ជ​.​ប បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជុំវិញ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ស្តី​ការ គ​.​ជ​.​ប នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា នេះ​ថា ការ​ចុះ​ដល់​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​ក្នុង​រយៈពេល​១៨​ថ្ងៃ ដោយ​បាន​កំណត់​យក​៥​ថ្ងៃ​ដំបូង ធ្វើការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​នៅ​តាម​សាលាឃុំ​សង្កាត់ ហើយ​៩​ថ្ងៃ​បន្ទាប់​ចុះ​ទៅ​តាម​បណ្តា​ភូមិ និង​សល់​៤​ថ្ងៃ​ទៀត ត្រឡប់​មក​ធ្វើការ​ចុះ​ឈ្មោះ​នៅ​សាលាឃុំ​សង្កាត់​វិញ ។

លោក​អនុប្រធាន គ​.​ជ​.​ប បាន​បន្ត​ថា​«​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៨ ខែតុលា​នេះ ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​គ្រប់​រូប ហើយ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​មុន​មក និង​ប្រជាពលរដ្ឋ​ខ្មែរ​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​គ្រប់​ៗ​គ្នា ។

តែ​យោង​តាម​អ្នកស្រី អ៊ូច អរុណ​វ​ដ្តី ប្រធាន​សមាគម​អរុណរះ​ដែល​តែង​ចូលរួម​ឃ្លាំមើល​រាល់​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា​បាន​គាំទ្រ​ចំពោះ​នីតិវិធី​ថ្មី​នេះ ដោយ​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​មុន​មក រួសរាន់​ទៅ​ចុះ​ឈ្មោះ​នៅ​តាម​សាលាឃុំ​សង្កាត់ ឬ​ក្នុង​ការិយាល័យ​ណាមួយ​ក្នុងភូមិ​ឱ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ចៀសវាង​ការ​បាត់​សិទ្ធិ​បោះ​ឆ្នោត​សម្រាប់​អាណត្តិ​ៗ​ទៀត ។

សូម​បញ្ជាក់​ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នេះ គឺ​សំដៅលើ​អ្នក​ផ្លាស់​ប្តូរ​លំនៅ​ឋាន ការ​កែតម្រូវ​ឈ្មោះ ឬ​ទិន្នន័យ​អ្នកបោះឆ្នោត​អ្នក​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ អ្នក​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​មុន​មក ការ​ស្រង់ និង​លុបឈ្មោះ​ចំពោះ​អ្នក​មរណភាព និង​អ្នក​ត្រូវ​បាន​ដកសិទ្ធិ​បោះ​ឆ្នោត​បណ្តោះអាសន្ន ។

យោង​តាម​ការ​ប៉ាន់ស្មាន​របស់ គ​.​ជ​.​ប បាន​បង្ហាញ​ថា ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​មាន​ប្រហែល​ជាង​៤៨​ម៉ឺន​៩​ពាន់​នាក់ ។ ជាមួយ​គ្នា​នេះ​ក៏​លុបឈ្មោះ​អ្នកបោះឆ្នោត​ចេញពី​បញ្ជី​ជាង​៩​ម៉ឺន​នាក់​ផង​ដែរ ៕

កែសម្រួលដោយ