រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនធំៗរបស់ចិនចំនួន៣ បានប្រកាសពីគម្រោងវិនិយោគសាងសង់ទីក្រុងរណបតម្លៃរាប់លានដុល្លារអាមេរិកនៅក្នុងទីក្រុងបាវិត ខេត្តស្វាយរៀង ដែលគម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០១៩ខាងមុខ ។
ការសាងសង់ទីក្រុងរណបនេះគ្របដណ្តប់លើផ្ទៃដី៨០៣ហិកតា ដោយបានប្រកាសក្នុងសន្និសីទសារព័ត៌មាន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនធំៗចំនួន៣ រួមមានក្រុមហ៊ុន Empire World City, ក្រុមហ៊ុន Bauing និងក្រុមហ៊ុន CFMA របស់ចិន ដើម្បីរួមគ្នាកសាងទីក្រុងរណបOBCនៅទីក្រុងបាវិតនេះ ។
តំណាងក្រុមហ៊ុន Empire World City បានថ្លែងថា ទីក្រុងរណបOBCនេះ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១៨នេះ ដែលត្រូវចែកជា៣ដំណាក់កាល ។ ដំណាក់កាលទី១ នឹងត្រូវសាងសង់លើផ្ទៃដី៥០ហិកតា ដោយរួមមានទាំងសណ្ឋាគារ ផ្ទះសំណាក់ ផ្សារទំនើប និងកាស៊ីណូជាដើម ។
តំណាងក្រុមហ៊ុនដដែលបានបន្តថា គម្រោងសាងសង់នេះមានរយៈពេលពី៥ឆ្នាំទៅ១៥ឆ្នាំ និងត្រូវចំណាយថវិការាប់លានដុល្លារ ហើយពេលទីក្រុងរណបនេះរួចរាល់ នឹងផ្តល់ឱកាសការងារឱ្យពលរដ្ឋកម្ពុជារាប់ពាន់នាក់មានការងារធ្វើ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែសម្បូរបែបថែមទៀត ។
លោក ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងការអបអរសាទរចំពោះការវិនិយោគនេះ ដែលនឹងធ្វើឲ្យទីក្រុងជាប់ព្រំដែននេះកាន់តែមានភាពរសរវើក ព្រោះទីក្រុងរណបនេះមិនត្រឹមតែជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារដល់ប្រជាពលរដ្ឋនោះទេ តែក៏ជាគម្រោងដែលផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋជាច្រើនផងដែរ ។
ក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មរបស់រដ្ឋាភិបាល ឆ្នាំ២០១៥-២០២៥ បានដាក់ក្រុងបាវិតជាទីក្រុងពិសេសមួយ ដើម្បីរៀបចំអភិវឌ្ឍន៍ជាតំបន់ឧស្សាហកម្មនិងជាមូលដ្ឋានសម្រាប់ស្តុកទំនិញសម្រាប់អ្នកវិនិយោគផងដែរ ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក គីម ហ៊ាង បានថ្លែងថា ទីក្រុងបាវិតកាន់តែមានភាពរីកចម្រើនកាន់តែខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកំណើនរបស់អ្នកវិនិយោគចិន ដែលបានប្រែក្លាយទីក្រុងស្ងប់ស្ងាត់មួយនេះ មកជាទីក្រុងមានសភាពអ៊ូរអរ និងទាក់ទាញជាថ្មី ។ ហេតុនេះ ការកសាងទីក្រុងរណបថ្មី នឹងធ្វើឲ្យទីក្រុងនេះ កាន់តែមានភាពរីកចម្រើន ។
លោកបន្តថា ៖« ភាពជោគជ័យនៃគម្រោងនេះ អាស្រ័យលើផែនការអភិវឌ្ឍ និងយុទ្ធសាស្ត្រទីផ្សាររបស់អ្នកវិនិយោគខ្លួនឯង ដែលបានដាក់គោលដៅចាប់យកអតិថិជនប្រភេទណា ប៉ុន្តែលោកជឿថា គម្រោងនេះនឹងមានការចាប់អារម្មណ៍ច្រើន » ។
ចិនជាប្រទេសវិនិយោគធំជាងគេបំផុតនៅកម្ពុជា គិតក្នុងរយៈពេល៧ខែដើមឆ្នាំនេះ ទុនវិនិយោគរបស់ចិនដែលបណ្ដាក់ទុននៅប្រទេសកម្ពុជា មានរហូតដល់ជាង៥ពាន់លានដុល្លារអាមេរិក ខណៈរយៈពេល៥ឆ្នាំចុងក្រោយនេះ ពោលគឺចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ វិនិយោគិនចិនដែលបានបណ្ដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា មានរហូតដល់ជាង២១ពាន់លានដុល្លារអាមេរិក ដែលផ្ដោតទៅលើវិស័យមួយចំនួនដូចជា កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និងថាមពលអគ្គិសនីជាដើម ៕
ចែករំលែកព័តមាននេះ