ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អឺរ៉ុប​ទាមទារ​ទម្លាក់​ចោល​បទចោទប្រកាន់ និង​បម្រាម​ប្រឆាំង​នឹង​លោក​កឹ​ម សុខា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​លោក​មុត ច​ន្ថា បាន​អះអាង​ថា សហភាព​អ៊ឺ​រ៉ុ​ប នៅ​តែ​ទាមទា​ឲ្យ​ទម្លាក់​ចោល​បទចោទប្រកាន់ និង​បម្រាម​ទាំងអស់​ប្រឆាំង​លើក​លោក​កឹ​ម សុខា ។…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​លោក​មុត ច​ន្ថា បាន​អះអាង​ថា សហភាព​អ៊ឺ​រ៉ុ​ប នៅ​តែ​ទាមទា​ឲ្យ​ទម្លាក់​ចោល​បទចោទប្រកាន់ និង​បម្រាម​ទាំងអស់​ប្រឆាំង​លើក​លោក​កឹ​ម សុខា ។

លោក​មុត ច​ន្ថា អតីត​ជំនួយការ​លោក​កឹ​ម សុខា បាន​សរសេរ​លើក​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៨ កញ្ញា​នេះ​ថា លោក Carl Hallegard តំណាង​អចិន្ត្រៃយ៍​របស់​សហភាព​អឺរ៉ុប​ប្រចាំ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​បាន​ថ្លែង​ទៅ​កាន់​សម័យប្រជុំ​ទី​៣៥​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស សហភាព​អឺរ៉ុប​បាន​បញ្ជូន​បេសកកម្ម​ស្វែងរក​ការ​ពិត​នៅ​កម្ពុជា​នៅ​ដើមខែ​កក្កដា ឆ្នាំ​២០១៨ ដើម្បី​សិក្សា​ស្រាវជ្រាវ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​ជា​ពិសេស​សិទ្ធិ​ការងារ​ដែល​ជា​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​ប្រទេស​កម្ពុជា ។

លោក​មុត ច​ន្ថា ដែ​មនុស្ស​ជំនិត​លោក កឹ​ម សុខា បាន​លើក​ឡើង​ទៀត​ថា សហភាព​អឺរ៉ុប​គាំទ្រ​របាយការណ៍​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​របស់​អ្នករាយការណ៍​ពិសេស​សហភាព​អឺរ៉ុប​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​បំផុត ចំពោះ​ដំណើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ផុយ​ស្រួយ​របស់​កម្ពុជា សហភាព​អឺរ៉ុប​ចាត់​ទុក​ថា ការ​បោះ​ឆ្នោត​សភា​នា​ខែកក្កដា មិន​មាន​ភាព​ស្រប ច្បាប់​ឡើយ ព្រោះ​ការ​បោះ​ឆ្នោត​សភា​នេះ​ពោរពេញ​ដោយ​បរិយាកាស​គាបសង្កត់​ខ្លាំង​ដែល​មិន​តំណាង​ឲ្យ​ឆន្ទៈ​ប្រជាធិបតេយ្យ​របស់​ប្រជាជន​កម្ពុជា ហើយ​គណបក្សប្រឆាំង​ដ៏​ធំ​ត្រូវ​បាន គេ​ដក​ចេញ​ដោយ​ទំនើងចិត្ត ។

លោក​បាន​សរសេរ​ទៀត​ថា សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​ស្តា​នីតិសម្បទា​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ ។ ជាង​នេះ​សហភាព​អឺរ៉ុប​រំពឹង​ឲ្យ​ទម្លាក់​ចោល​បទចោទប្រកាន់ និង​ដក​ចេញ​នូវ​បម្រាម​ទាំងអស់​ប្រឆាំង​នឹង​លោក​កឹ​ម សុខា ។ ជាង​នេះ​សហភាព​អឺរ៉ុប​រំពឹង​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាតិ​ឲ្យ​អង្គការ​សង្គម​ស៊ី​វិល​បំពេញ​តួនាទី​ស្របច្បាប់​របស់​ខ្លួន ។ ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន ធ្លាប់​លើក​ឡើង​ថា សំណុំរឿង​របស់​លោក​កឹ​ម សុខា កំពុង​ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ​នៅ​ឡើង ។ លោក​ថា កម្ពុជា​មាន​អធិបតេយ្យភាព​មិន​អាច​ប្រទេស​ផ្សេង​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​បាន​នោះ​ទេ ។

សូម​ជម្រាប​ថា លោក​កឹ​ម សុខា ត្រូវ​បាន​ជាប់​ពន្ធនាគារ​ជាង​១​ឆ្នាំ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ហើយ​កាលពី​ថ្ងៃ​ទី​១០ វេលា​ម៉ោង​៣​ទាប​ភ្លឺ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព បណ្តោះអាសន្ន​ដោយ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​គេហដ្ឋាន​លោក​ស្ថិត​នៅផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទូល​គោល រាជធានី​ភ្នំពេញ ។

លោក​កឹ​ម សុខា មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​បរិវេណ​ផ្ទះ​ឡើយ​ដូច​ជា ការ​ជួប​ជាមួយ​កម្ម​ជន ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជនបរទេស​ជាដើម ។ លោក​កឹ​ម សុខា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​តាម​មាត្រា​៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ ។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​ជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា ។ បទល្មើស​នេះ​អាច​ត្រូវ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ ។ លោក​កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់កណ្តាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ