រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ការមរណភាពប្រធានរដ្ឋសភាសង្គមនិយមវៀតណាម គឺជាការបាត់បង់មិត្តដ៏ល្អ របស់កម្ពុជា ។
ការបញ្ជាក់របស់សម្តេចតេជោ ខណៈដែលសម្តេចបានអញ្ជើញគោរព វិញ្ញាណក្ខន្ធសពលោក ត្រាន់ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៦ កញ្ញា ២០១៨ ។ យោងតាមបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោបានសរសេរយ៉ាងដូច្នេះថា ភ្លាមៗបន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតនោះ គឺនៅថ្ងៃទី២១ កញ្ញានោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្ញើសារនូវលិខិតចូលរួមមរណៈទុក្ខជូន លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុនហ្វួក ចំពោះការបាត់បង់ លោកប្រធានរដ្ឋវៀតណាមដែលនេះ គឺជាការបាត់បង់ដ៏ធំធេងនៃថ្នាក់ដឹកនាំដ៏ល្អ និងគួរឱ្យកោតសរសើរម្នាក់របស់ប្រ ទេស និងប្រជាជនវៀតណាម និងក៏ជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា ។
ប្រភពបញ្ជាក់ថា «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្តេចសូមសម្តែងនូវសមានចិត្ត និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាមក៏ដូចជា ជូនចំពោះក្រុមគ្រួសារសព ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់នេះ» ។ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាសមរណៈទុក្ខរបស់រដ្ឋវៀតណាមដែលមានខ្លឹមសារជាអាទិ៍ថា «ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រោមក្រំបំផុតក្នុងនាមគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនចំពោះគណបក្សកុម្មុយនីស្តវៀតណាម រាជរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះមរណភាពលោក ត្រាន់ ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២១ កញ្ញាកន្លងទៅ» ។
សម្តេចតេជោបានបញ្ជាក់ទៀតថា «មរណភាពរបស់លោកត្រាន់ ដាយក្វាង គឺជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា និងជាមិត្តដ៏ល្អរបស់សម្តេច ដែលធ្លាប់មានអនុស្សាវរីយ៍ដ៏ជិតស្និទ្ធ ជាមួយគ្នា ។ យើងនឹងចងចាំជានិច្ចនូវការខិតខំប្រឹងប្រែងរបស់លោក ត្រាន់ ដាយក្វាង ដើម្បីលើកកម្ពស់ ចំណងទាក់ទងជាភាតរៈរវាងកម្ពុជា និងវៀតណាមក៏ដូចជា នាំមកនូវសុភមង្គល និងការរីកចម្រើនជឿនលឿនថែមទៀតរបស់ប្រជាជាតិវៀតណាម» ។
នៅព្រឹកថ្ងៃទី២៦ កញ្ញានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជា បណ្តាមេដឹកនាំ និងគណៈប្រតិភូនៃប្រទេសជាមិត្តនានារបស់វៀតណាមចំនួន១១ប្រទេសផ្សេងទៀត រួមមានប្រទេសឡាវ សិង្ហបុរី ម៉ូសំប៊ិច បេឡារ៉ុស សាធារណរដ្ឋកូរ៉េ ជប៉ុន គូបា ឥណ្ឌូនេស៊ី ចិន ម៉ាឡេស៊ី និងរុស្សី បានអញ្ជើញទៅដល់ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកប្រធានរដ្ឋវៀតណាម ត្រាន់ ដាយក្វាង ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១០និង៥នាទីព្រឹកថ្ងៃទី២១ កញ្ញាកន្លងទៅថ្មីៗនេះ ក្នុងជន្មាយុ៦១ឆ្នាំ ដោយជំងឺដ៏ធ្ងន់ធ្ងរ ។
សពរបស់ប្រធានរដ្ឋវៀតណាមបានប្រារព្ធពិធីតម្កល់ជាផ្លូវការ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៦-២៧កញ្ញា នៅបញ្ជាការដ្ឋានកងទ័ពប្រជាជនវៀតណាម ក្នុងទីក្រុងហាណូយ ដើម្បីអនុញ្ញាតឲ្យគណៈប្រតិភូបរទេសនានា អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសព ។ យោងតាមការបញ្ជាក់រដ្ឋរបស់ប្រទេសវៀតណាម ប្រធានរដ្ឋ ត្រាន ដាយក្វាង បានទទួលមរណភាពដោយជំងឺយ៉ាងធ្ងន់ធ្ងរដែលបានទទួលមរណភាពនៅម៉ោង១០និង០៥នាទីនៅមន្ទីរពេទ្យយោធាក្នុងទីក្រុងហាណូយ ៕
ចែករំលែកព័តមាននេះ