រាជធានីភ្នំពេញ ៖ ក្រុមប្រឆាំងបានកំពុងតែធ្វើឲ្យហិនហោច និងអន្តរាយដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ។ នេះបើតាមការអះអាងរបស់អនុប្រធានគណបក្សប្រជាជនកម្ពុជា ។
សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានប្រតិបត្តិយ៉ាងខ្ជាប់ខ្ជូននូវដំណើរលទ្ធិប្រជាធិបតេយ្យ ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ថា រហូតមកដល់ពេលនេះមានតែគណបក្សប្រជាជនកម្ពុជាទេដែលមានបំណងពិតប្រាកដក្នុងការស្តារឡើងវិញនូវរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងអនុវត្តយ៉ាងជាក់លាក់នៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង ។
ថ្លែងក្នុងពិធីកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ និងទិសដៅភារកិច្ចអនុវត្តបន្តកាលពីពេលថ្មីកន្លងមកនេះសម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការប្រតិបត្តិនូវដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺជាបំណងពិតប្រាកដជាក់លាក់នូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះហើយទើបគណ បក្សប្រជាជនកម្ពុជានាពេលកន្លងមកតែងបានខិតខំរិះរកគ្រប់វិធីគ្រប់បែបយ៉ាងដើម្បីការបង្រួបបង្រួមជាតិ និងឲ្យមានការដំណើរការនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យកាន់ប្រសើរឡើង ។
សម្តេចក្រឡាហោមបានគូសបញ្ជាក់ថា ៖«មជ្ឈដ្ឋានប្រឆាំងខ្លះបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរាជរដ្ឋាភិបាលបានធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាថមថយតាមពិតក្រុមមួយចំនួនតូចដែលជាអ្នកប្រឆាំងនោះទេដែលបានធ្វើសកម្មភាពរួចហើយនឹងកំពុងធ្វើតទៅទៀតក្នុងបំណងឲ្យហិនហោច និងអន្តរាយដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ៕
ចែករំលែកព័តមាននេះ