រាជធានីភ្នំពេញ ៖ ស្របពេលកំណើនប្រជាសាស្ត្រក្នុងទីក្រុង កំណើនយានយន្ត និងមធ្យោបាយដឹកជញ្ជូននានា សាលារាជធានីភ្នំពេញកំពុងរៀបចំផែនការថ្មីសម្រាប់អភិវឌ្ឍន៍ក្នុងរយៈពេលវែងខាងមុខ ដើម្បីឲ្យរាជធានីនេះមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់ចេញនូវផែនការថ្មីមួយនៅពេលថ្មីៗនេះដើម្បីឆ្លើយតបទៅនឹងលំហូរចរាចរណ៍ ទេសចរណ៍ សោភ័ណភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅរាជធានីភ្នំពេញ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារនានាក្នុងរាជធានី ។ គម្រោងនេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយ និងសាលាក្រុងប៉ារីសលើវិស័យនគរូបនីយកម្មក្នុងរាជធានីភ្នំពេញ ។
លោកបន្តថា ៖« តំបន់ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ គឺជាទំហំនៃការអភិវឌ្ឍធំមួយ ដូច្នេះហើយទើបសាលាក្រុងប៉ារីស ដែលជាទីក្រុងមានបទពិសោធន៍នៃការរៀបចំទីក្រុងឲ្យមានភាពស្រស់បំព្រងចង់ឲ្យតំបន់នោះក្លាយជាតំបន់បៃតង ដែលមានបរិស្ថានល្អ »។
លោកអភិបាលរាជធានីភ្នំពេញ បានបង្ហាញពីការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីភ្នំពេញ ហើយចាប់ផ្តើមមានការអភិវឌ្ឍឆ្លើយតបនឹងកំណើនប្រជាជនទីក្រុង ដែលកើនឡើងយ៉ាងឆាប់រហ័សរហូតដល់៣,២៥%ក្នុង១ឆ្នាំៗ ។
យោងតាមទិន្នន័យរបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្នចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ បានកើនឡើងរហូតដល់១,៧លាននាក់ គឺប្រមាណជា៥៦%នៃប្រជាពលរដ្ឋទីក្រុង ដែលជាអ្នកចំណាកស្រុក ចូលមកសិក្សា និងធ្វើការនៅទីក្រុងភ្នំពេញ ។
តំណាងសាលាក្រុងប៉ារីសនៃសាធារណរដ្ឋបារាំង លោកស្រី អេឡូឌី គុយអង់កា បានថ្លែងថា ដើម្បីឆ្លើយតបនឹងស្ថានភាពនៃការអភិវឌ្ឍទីក្រុងដែលទីក្រុងភ្នំពេញបាននិងកំពុងជួបប្រទះ គឺមានការងារអាទិភាពចំនួនពីរត្រូវបានដាក់ឲ្យសិក្សាដូចជា ទី១-ការរៀបចំផែនការអភិវឌ្ឍតំបន់ភាគខាងត្បូងក្រុងភ្នំពេញ ដែលសព្វថ្ងៃកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង និងទី២ ការពង្រឹងការរំដោះនិងការគ្រប់គ្រងច្រាំងមាត់ទន្លេសាប ព្រមជាមួយនឹងពង្រីកទៅភាគខាងជើងនៃតិរវិថីព្រះស៊ីសុវត្ថិ ។
លោកបណ្ឌិត វ៉ាន់ វ៉ាត អ្នកជំនាញផ្នែក នគរូបនីយកម្ម និងជាអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកណ្តាលបានថ្លែងថា នៅក្នុងប្លង់គោលប្រើប្រាស់ដីក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ មានភាពប្រហាក់ប្រហែលគ្នា ព្រោះប្លង់គោលផ្តោតសំខាន់លើបញ្ហាផ្លូវ និងផែនការប្រើប្រាស់ដី ប៉ុន្តែផែនការលម្អិតមិនទាន់បានធ្វើនៅឡើយទេ ហេតុនេះវាទាមទារឲ្យមានការសិក្សាបន្ថែមទៀតនៅតាមបណ្តាស្រុក ឬក្រុងនីមួយៗទៅតាមដំណាក់កាលនៃការអភិវឌ្ឍ ។
លោកបន្តថា ៖« អ្វីដែលសំខាន់តើដីនីមួយៗមានការចុះបញ្ជីប្រើប្រាស់ដីធ្លីបានត្រឹមត្រូវឬយ៉ាងណា និងចុះជាប្រព័ន្ធយ៉ាងដូចម្តេច ដើម្បីយើងដឹងប្រាកដថាតំបន់នោះគួរប្រើប្រាស់ក្នុងលក្ខខណ្ឌអ្វី និងគួររៀបចំទំហំផ្លូវបែបណា ដើម្បីមានភាពសមស្របនឹងកំណើនប្រជាសាស្ត្រ និងយានយន្ដ »៕
ចែករំលែកព័តមាននេះ