សហរដ្ឋអាមេរិក ៖ មនុស្ស៣នាក់បានត្រូវស្លាប់ ហើយ៣នាក់ទៀតរងរបួសកាលពីថ្ងៃទី២០ កញ្ញា ពេលមានការបាញ់ប្រហារថ្មីមួយនៅសហរដ្ឋអាមេរិក ក្នុងតំបន់ឧស្សាហកម្មមួយនៃរដ្ឋម៉ារីឡែន។ ការបាញ់ប្រហារនេះជាស្នាដៃរបស់នារីវ័យក្មេងម្នាក់ដែលបន្ទាប់មកបានបាញ់សម្លាប់ខ្លួន ខណៈហេតុផលនៅពុំទាន់ដឹងនៅឡើយ។
ក្នុងសន្និសីទសារព័ត៌មានមួយប្រមុខប៉ូលិសម្នាក់ លោក JEFFREY GAHLERថ្លែងថា ការបាញ់ប្រហារកើតមាននៅទីក្រុងABERDEENរដ្ឋម៉ារីឡែនភាគឦសានសហរដ្ឋអាមេរិក។ មានមនុស្សស្លាប់៣នាក់ក្នុងនោះ២នាក់ស្លាប់នៅនឹងកន្លែង ហើយម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ ចំណែកមនុស្ស៣នាក់រងរបួស។
នារីខ្មាន់កាំភ្លើងក៏ស្លាប់នៅមន្ទីរពេទ្យដែរ។ នារីនោះមានអាយុ២៦ឆ្នាំធ្វើសកម្មភាពតែម្នាក់ឯង។ នារីរូបនេះតាមប៉ូលិសថា មានឈ្មោះSNOCHIA MOSELAYរស់នៅតំបន់បាល់ទីម័រ។ នាងនាព្រឹកថ្ងៃទី២០ កញ្ញា ស្ថិតនៅក្នុងឃ្លាំងដែលនាងធ្វើការ ក្នុងក្រុមហ៊ុនផលិតឱសថមួយនៃទីក្រុងABERDEENជាទីក្រុងតូចមួយស្ថិតនៅចម្ងាយ១០០គីឡូម៉ែត្រខាងជើងក្រុងវ៉ាស៊ិនតោន។
ពុំទាន់ដឹងពីហេតុផល នារីរូបនោះបានបាញ់ដំបូងនៅខាងក្រៅ បន្ទាប់មកក្នុងអគារ។ ក្រោយបាញ់ប្រហារនាងប៉ុនប៉ងសម្លាប់ខ្លួន ដោយបាញ់ក្បាលខ្លួនឯង១គ្រាប់។ របួសធ្ងន់គេបានបញ្ជូននាងទៅមន្ទីរពេទ្យតំបន់មួយ ហើយស្លាប់នៅទីនោះ។ ប៉ូលិសនិយាយថានារីរូបនេះបានប្រើកាំភ្លើងខ្លីម៉ាក GLOCK ដែលនាងទិញស្របច្បាប់ ព្រមទាំងបង់គ្រាប់ជាច្រើន។
ការបាញ់ប្រហារតែងកើតមានញឹកញាប់នៅសហរដ្ឋអាមេរិក តែកម្រមានប្រព្រឹត្តដោយនារី។ យោងតាមការសិក្សាមួយរបស់FBIថា នារីខ្មាន់កាំភ្លើងមានមិនដល់៥%ផង។ករណីនារីបាញ់ប្រហារមានសរុបប្រមាណជា១៦០លើករវាងឆ្នាំ២០០០ទៅ២០១៣៕
ចែករំលែកព័តមាននេះ