ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​កីឡា​ជំនាញ​បង្វឹក​ឆ្កែ​ដ៏​ល្បី​នៅ​កម្ពុជា​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ លោក ហ៊ិ​ន រតនា គ្រូ​កីឡា​ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​អ្នក​បង្វឹក​ឆ្កែ​ពូជ​ធំ​ៗ​ឱ្យ​ចេះ​ហិត​គ្រឿង​ញៀន​​​រហូត​មានការ​ទទួលស្គាល់​ពី​ស្នាដៃ​នោះ នៅ​តែ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ ដោយ​លោក​កំពុង​ស្ថិត​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ លោក ហ៊ិ​ន រតនា គ្រូ​កីឡា​ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​អ្នក​បង្វឹក​ឆ្កែ​ពូជ​ធំ​ៗ​ឱ្យ​ចេះ​ហិត​គ្រឿង​ញៀន​​​រហូត​មានការ​ទទួលស្គាល់​ពី​ស្នាដៃ​នោះ នៅ​តែ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ ដោយ​លោក​កំពុង​ស្ថិត​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ហើយ​អាច​នឹង​មាន​គ្រោះ​ថ្នាក់​ផង​ប្រសិន​បើ​ខ្វះ​ការ​ជួយ​ជ្រោមជ្រែង​ជា​ថវិកា នា​ពេល​នេះ ។

យ៉ាងណាមិញ គេ​ឃើញ​បណ្ដា​សប្បុរសជន​បាន​ចេញ​មុខ​ធ្វើ​សកម្មភាព​ជួយ​រៃ​អង្គាស​ថវិកា​ជួយ​ដល់​លោក​បើ​ទោះជា​មិន​ទាន់​ដឹង​ថា តើ​ថវិកា​នោះ​គ្រប់​ចំនួន​អាច​ជួយ​សង្គ្រោះ​លោក​ឱ្យ​ល្អ​ប្រសើរ​បាន ឬ​មិន​បាន ខណៈ​ដែល​ការ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​ប្រទេស​ថៃ​ត្រូវ​គេ​ដឹង​ថា ចំណាយ​ខ្ពស់​។

លោក ហ៊ិ​ន រតនា ត្រូវ​រថយន្ត​មួយ​បុក​ពេញទំហឹង ហើយ​ជ្រុល​ល្បឿន​កិន​បន្ថែម​ទៀត បណ្ដាល​ឱ្យ​លោក​រង​របួសធ្ងន់​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្នុង​ប្រទេស​ថៃ ។ បងថ្លៃ​របស់​លោក ហ៊ិ​ន រតនា គឺ​លោក ខ្លេ​ង សុខ​ហ៍ បាន​រៀបរាប់​ក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ឱ្យ​ដឹង​ថា ប្អូនប្រុស​របស់​លោក​ជា​កូន​ខ្មែរ​និង​ធំ​ដឹងក្ដី​នៅ​អា​មេ​រិ​ក​គឺជា​គ្រូបង្វឹក​សុនខ​ដ៏​ល្បី​របស់​កម្ពុជា រហូត​មានការ​ទទួលស្គាល់​ក្នុង​កម្រិត​អន្តរ​ជាតិ​លើ​ជំនាញ​នេះ​ផង​ដែរ ។ លោក​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃ​ទី ២៥ ខែសីហា ឆ្នាំ​២០១៨ ដោយ​រថយន្ត​បុក និង​កិន​បន្ថែម​ជា​ហេតុ​នាំ​ឲ្យ​រង​របួសធ្ងន់​ត្រូវ​ដឹក​យក​ទៅ​ព្យាបាល​នៅ​ក្នុង​ប្រទេស​ថ ។

គិត​មក​ទល់​ម៉ោង​នេះ មានការ​អះអាង​ថា ការ​ចំណាយ​លើ​ការ​ព្យាបាល​លោក គឺ​អស់​រង្វង់​​ពី​៨​ទៅ​១០​ម៉ឺន​ដុល្លារ​ហើយ ទើប​ធ្វើ​ឱ្យ​លោក​ប្រឈម​នឹង​ការ​លំបាក​រឿង​អស់​ថវិកា​ក្នុង​ការ​ព្យាបាល ។ ក្នុង​នោះ​គ្រួសារ​របស់​លោក​ទាំងមូល​ក៏​បាន​ប្រកាស​ថា ឈាន​ដល់​ដំណាក់កាល​អស់​លទ្ធភាព​ដើម្បី​បន្ត​ការ​ព្យាបាល​លោក ហ៊ិ​ន រតនា ទៀត​ហើយ ដោយ​សារ​តែ​សភាព​កិន​របស់​រថយន្ត​ក្នុង​ពេល​គ្រោះថ្នាក់ ធ្វើ​ឱ្យ​លោក​បាក់ឆ្អឹង​ច្រើន​អន្លើ ដែល​ទាមទារ​ឱ្យ​ចំណាយ​ច្រើន​ទៀត​ដើម្បី​សង្គ្រោះ​។

លោក ជី សិលា ដែល​ត្រូវ​គេ​ស្គាល់​ថា​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​សប្បាយ បាន​អះ​អាង​ថា លោក​នឹង​ចេញ​ធ្វើ​យុទ្ធនាការ​ប្រមូល​ថវិកា​ជួយ​ដល់​គ្រូ​កីឡា​ខាង​ផ្នែក​បង្វឹក​សុនខ​រូប​នេះ ដោយ​លោក​និយាយ​ថា គឺជា​រឿង​សង្វេគ​ណាស់​ប្រសិនបើ​លោក ហ៊ិ​ន រតនា ត្រូវ​ធ្លាក់​ខ្លួន​ពិការ ឬ​មាន​គ្រោះថ្នាក់​ដល់​ជីវិត ដោយសារ​តែ​អស់​លទ្ធភាព​ក្នុង​ការ​ព្យាបាល ។

លោក​ថា យុទ្ធនាការ​ដែល​ខ្លួន​នឹង​ធ្វើ​គឺ​មានឈ្មោះ​ថា​(#​ស៊ូ​ស៊ូ​susu)​ដោយ​លោក​ប្រកាស​ថា​នឹង​អំពាវនាវ​ឱ្យ​មហាជន​បរិច្ចាគ​ជួយ​ដល់​លោក ខណៈ​ដែល​ទឹកប្រាក់​របស់​មហាជន​ដែល​ជួយ​ដល់​លោក​មាន​ចំនួន​ប៉ុន្មាន រូប​លោក​និង​ក្រុមហ៊ុន​ជា​ដៃគូ​មួយទៀត ក៏​នឹង​បរិច្ចាគ​ឱ្យ​ស្មើនឹង​២​ភាគ​បន្ថែម​ដើម្បី​ឱ្យ​ជំនួយ​នោះ​បាន​ច្រើន ។ លោក​ឧទាហរណ៍​ថា បើ​អ្នក​អាណិត​លោក ចូលរួម​វិភាគទាន​១​ដុល្លារ​នោះ​នឹង​បាន​២​ដុល្លារ​បន្ថែម​ទៀត​ពី​ក្រុម​ហ៊ុន​របស់​លោក ធនាគារ​ជា​ដៃគូ ដែល​មាន​ន័យ​ថា មហាជន​ជួយ​លោក​តែ​១​ដុល្លារ តែ​លោក ហ៊ិ​ន រតនា ទទួល​បាន​៣​ដុល្លារ​។

លោក ប៊ិ​ន ដេ​វិ​ន នាយក​ប្រតិបត្តិ​ធនាគារ​មួយ ដែល​បាន​ចាប់ដៃ​ក្នុង​គម្រោង​យុទ្ធនាការ​នេះ បាន​អះអាង​ថា លោក​នឹង​ស្វែងរក​ថវិកា​ឱ្យ​បាន​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ ជួយ​ដល់​លោក ហ៊ិ​ន រតនា សម្រាប់​ការ​ព្យាបាល​ក្នុង​ជំហាន​ដំបូង ហើយ​ប្រសិនបើ​គ្រូ​កីឡា​ដែល​ល្បី​ខាង​បង្វឹក​ឆ្កែ​រូប​នេះ នៅ​តែ​មានការ​ប្រឈម​ការ​ខ្វះខាត នោះ​លោក​នឹង​ធ្វើការ​ពិចារណា​ពី​រឿង​ជួយ​រៃ​អង្គាស​ថវិកា​ជួយ​បន្ត​ទៀត ។

លោក​ថា យុទ្ធនាការ​នេះ នឹង​តម្រូវ​ឱ្យ​អ្នក​អាណិត​ស្រឡាញ់​លោក វេរ​ជំនួយ​ចូល​ក្នុង​គណនី វី​ង​លេខ ០០៥៤៣៦០១​ដែល​ជា​គណនី​របស់​លោក ហ៊ិ​ន រតនា ដោយ​ផ្ទាល់ ដើម្បី​ឱ្យ​លោក​មាន​ថវិកា​ក្នុង​ការ​ព្យាបាល​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ