រយៈពេល​7​ខែ ចិនវិនិយោគ​នៅ​កម្ពុជាមាន​ទឹកប្រាក់​ជាង2​ប៊ី​លាន​ដុល្លារ


រាជធានី​ភ្នំពេញ ៖ យោង​តាម​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​ថា ទឹកប្រាក់​វិនិយោគ​ពី​ប្រទេស​ចិន​មក​កម្ពុជា​បាន​កើនឡើង​ពី​៩០០​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​២០១៦ ដល់​១,៦​ប៊ី​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៧ ហើយ​នៅ​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៨​នេះ​បាន​កើនឡើង​ដល់​២,៨​ប៊ី​លាន​ដុល្លារ ។

កំណើន​នៃ​ការ​វិនិយោគ​មក​ពី​ចិន​ជា​បន្ដបន្ទាប់​នេះ បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ បាន​ឲ្យ​ដឹង​ថា ដោយសារ​កម្ពុជា​កំពុង​មាន​សន្ដិភាព និង​កំណើនសេដ្ឋកិច្ច​រឹង​មាំ ព្រមទាំង​លក្ខខណ្ឌ​នៃ​ច្បាប់​វិនិយោគ​អំណោយផល ដែល​ជា​កត្តា​ទាក់ទាញ​វិនិយោគិន​បរទេស ។ លោក​ថ្លែង​ថា ៖« ដោយសារ​តែ​ប្រទេស​យើង​មាន​សន្តិសុខ​, ស្ថិរភាព​នយោបាយ​, សុវត្ថិ​ភាពល្អ​, និង​គោលនយោបាយ​វិនិយោគ​មាន​លក្ខណៈ​បើក​ទូលាយ​ជាងគេ​ក្នុង​តំបន់ ព្រមទាំង​អត្រា​ប្ដូរ​ប្រាក់​មាន​លំនឹង​ល្អ គឺជា​កត្តា​ទាក់ទាញ​វិនិយោគិន​ចិន​មក​បណ្ដាក់ទុន​មាន​កំណើន​ឡើងជា​បន្ដ​បន្តា​ប់ »​។

សេដ្ឋវិទូ​សេដ្ឋកិច្ច​កម្ពុជា បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ
បាន​មាន​ប្រសាសន៍​ថា កត្តានយោបាយ​, ទំនាក់ទំនង​អន្តរជាតិ​, ភូមិសាស្ត្រ​នយោបាយ​, កត្តាសេដ្ឋកិច្ច និង​ប្រទេស​ជាតិ​មាន​ស្ថិរ​ភាពល្អ កំពុង​ធ្វើ​ឲ្យ​វិនិយោគិន​បរទេស​មក​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស កើន​ឡើងជា​បន្ដបន្ទាប់ ។ លោក​បណ្ឌិត​លើក​ឡើង ៖« យើង​ស្វាគមន៍​ការ​មក​ដល់​នៃ​វិនិយោគិន​បរទេស ហើយ​វិនិយោគិន​ចិន​គឺ​ល្អ​សម្រាប់​ប្រទេស​យើង ប៉ុន្តែ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ហាក់​មាន​បញ្ហា​មួយ​ចំនួន ដែល​យើង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ធ្វើ​យ៉ាងណា​កុំឱ្យ​មាន​បញ្ហា​នោះ​កើតឡើង​ទៀត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ជាតិ »​។ លោក​បញ្ជាក់​ថា ៖« ខ្ញុំ​មិន​ជ័យ​យោ​ៗ​ទាំង​អស់នោះ​ទេ គឺថា ជ័យ​យោ​ៗ ត្រូវ​មានការ​ប្រយ័ត្នប្រយែង និង​ធ្វើការ​គ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ »​។

អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក​បណ្ឌិត ហុង វណ្ណៈ បាន​មាន​ប្រសាសន៍​ថា ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ ។ លោក​ថ្លែង​ថា ៖« វា​បាន​កើតឡើង​ដោយសារ​ហេតុផល​មួយ​ចំនួន​ដូច​ជា ទី​១ គោលនយោបាយ​ផ្លូវ​សូត្រ ឬ ខ្សែក្រវាត់​មួយ ផ្លូវ​មួយ របស់​ចិន ដែល​ឆ្ពោះ​មក​កាន់​តំបន់​អាស៊ី ហើយ​កម្ពុជា​យើង​ជា​ប្រទេស​ដែល​បាន​ទទួលផល​ច្រើន​ជាងគេ ដោយសារ​ទំនាក់ទំនង​ដ៏​ល្អជា​ប្រវត្តិសាស្ត្រ និង​រវាង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ និង​ទី​២ ដោយសារ​កត្តា​ផ្ទៃក្នុង​កម្ពុជា ដែល​សម្រេច​បាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​រឹង​មាំ »​។

ប្រទេស​ចិន​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ។ បច្ចុប្បន្ន​មិន​ត្រឹមតែ​ទំហំ​ទឹកប្រាក់​វិនិយោគ និង​ទំហំ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ​ដែល​ឈានមុខ​គេ ក្នុង​នោះ​ទេសចរ​ចិន​មក​ទស្សនា​នៅ​កម្ពុជា​ក៏​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​១​ផង​ដែរ ។

យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍ ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​ជាង​៣,៥​លាន​នាក់ ក្នុង​អត្រាកំណើន​ជាង​១១% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន ក្នុង​នោះ​ភ្ញៀវ​ចិន​ប្រមាណ​ជាង​១​លាន​នាក់ ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១ ក្នុង​ចំណោម​ទីផ្សារ​គោលដៅ​ទេសចរណ៍​ទាំង​១០​ប្រទេស ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ