ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្តមណ្ឌលគិរីបានដឹកនាំមន្ទីរជំនាញបរិស្ថានខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ស្នងការដ្ឋាននគរបាលខេត្ត ចុះពិនិត្យដោយផ្ទាល់ នៅក្នុងភូមិសាស្ត្រឃុំរយ៉ ស្រុកកោះញែក និងនៅក្នុងតំបន់ច្រករបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលត្រូវបានគេលួចកាប់ទន្ទ្រានយកដី ធ្វើជាកម្មសិទ្ធិ។ ប៉ុន្តែសកម្មភាពនេះត្រូវបានចាត់វិធានការភ្លាមៗផងដែរ ដោយមន្ត្រីជំនាញបានដកបង្គោលតម្រុយព្រំ ដែលដាំនៅលើតំបន់ការពារដោយខុសច្បាប់នេះ។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រោយការចុះពិនិត្យផ្ទាល់របស់ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីជំនាញ ជាលទ្ធផលឃើញមានការចូលលួចកាប់ទន្ទ្រានដី ព្រៃដោយខុសច្បាប់ ហើយឃើញមានបោះបង្គោលព្រំ និងបាញ់ថ្នាំពណ៌ក្រហមជាសញ្ញាសម្គាល់នៅលើដើមឈើ។ ហើយករណីនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាមកមន្ទីរបរិស្ថានខេត្ត ត្រូវចាត់វិធានការស្រាវជ្រាវដើម្បីចាត់វិធានការ តាមច្បាប់។
ហើយត្រូវសហការជាមួយរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មខេត្ត និងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តការងារល្បាត និងទប់ស្កាត់ឲ្យបានទាន់ពេលវេលាកុំឲ្យមានការលួចកាប់រានបន្តទៀត។ លោកបានបន្ថែមថា ក្រុមការងារដែលដឹកនាំដោយឯកឧត្តមអភិបាលខេត្ត បានពិនិត្យនិងដើរដកតម្រុយបង្គោលនោះចេញ ហើយបានបញ្ជាឲ្យ មន្ទីរបរិស្ថានខេត្ត ធ្វើស្លាកសញ្ញាហាមឃាត់មិនឲ្យមានការលួចកាប់ព្រៃឈើជាដាច់ខាត៕
ចែករំលែកព័តមាននេះ