រាជធានីភ្នំពេញ ៖ ក្នុងគោលបំណងចង់ខ្មែរស្រឡាញ់គ្នាជួយគ្នាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានស្នើឲ្យខ្មែរគ្រប់មជ្ឈដ្ឋានបញ្ចប់ការលាបពណ៌ និងវាយប្រហារគ្នា ។ ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះបន្ទាប់ពីមានការវាប្រហារគ្នារវាងអ្នកមាននិន្នាការគណបក្សប្រឆាំង និងគណបក្សកាន់អំណាចកាលពីពេលកន្លងមកនេះ ។
លោក សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមយ៉ាងដូច្នេះថា «ដើម្បីការឯកភាពជាតិខ្មែរ និងសុខដុមនីយកម្មខ្មែរទាំងមូល គួរតែខ្មែរនៅគ្រប់មជ្ឈដ្ឋានឈប់លាបពណ៌គ្នា ឈប់វាយប្រហារគ្នា និងឈប់រើសអើងគ្នាទៅ» ។
លោកបានលើកឡើងថា ដោយសារមានខ្មែរនៅក្នុងស្រុកទើបបរទេសដកថយចេញពីកម្ពុជាទើបខ្មែររក្សាបាននូវប្រពៃណីយ៍ ទំនៀមទម្លាប់ ជាពូជសាសន៏ខ្មែរ រហូតដល់សព្វថ្ងៃ និងទៅអនាគត ។ អ្វីដែលបង្ហាញជាក់ស្តែងនោះទើបរក្សាបានបូរណភាពទឹកដី១៨១០៣៥គីឡូម៉ែត្រការ៉េ មានការបោះបង្គោលព្រំដែន ថែមរាប់រយដើមធ្វើឲ្យព្រំដែនកាន់តែរឹងមាំ ។
លោកគូសបញ្ជាក់បន្ថែមថា កត្តាទាំងនេះហើយបានធ្វើឲ្យកម្ពុជាមានឯករាជអធិបតេយ្យភាពនិងបូរណភាពគង់វង្សរហូតដល់សព្វថ្ងៃ និងទៅអនាគត ធ្វើឲ្យកម្ពុជាមានកិត្យានុភាពជាតិស្មើមុខស្មើមាត់ និងមានកិត្តិយសលើឆាកអន្តរជាតិ រក្សា និងពង្រីកបានសមិទ្ធផលសង្គមជាតិលើគ្រប់វិស័យ ៕
ចែករំលែកព័តមាននេះ