រាជធានីភ្នំពេញ ៖ រយៈពេល៨ខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទប្រមាណ១.៥០៣លានដុល្លារអាមេរិក ស្មើ៧៨,១៥%នៃផែនការកំណត់ដោយច្បាប់ ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែសីហា ឆ្នាំ២០១៨ កាលពីថ្ងៃទី១០ កញ្ញា កន្លងមកថា ប្រសិទ្ធភាពនៃការប្រមូលពន្ធ គឺបានកើតចេញពីការកែទម្រង់នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាកំណែទម្រង់ប្រព័ន្ធពន្ធដារ ដោយផ្តើមចេញពីការពង្រឹងអភិ បាលកិច្ចល្អ ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងកើតឡើងពីការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់មន្ត្រីពន្ធដារក្នុងការពង្រឹងការអនុវត្តច្បាប់ វិន័យការងារ ទើបជំរុញការអនុវត្តប្រមូលពន្ធ បានលទ្ធផលល្អប្រសើរ ។
លោកបន្តថា ៖« សម្រាប់តែខែសីហាកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបានក្នុងខែសីហា ឆ្នាំ២០១៨នេះ មានចំនួនជាង១៤៦លានដុល្លារអាមេរិក ស្មើនឹង៧,៦៤%នៃផែនការច្បាប់ឆ្នាំ២០១៨ ក្នុងនោះបើធៀបនឹងចំណូលខែសីហា ឆ្នាំ២០១៧ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ(Online)ដូចគ្នា ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទក្នុងខែសីហា ឆ្នាំ២០១៨ កើនឡើងប្រមាណជាង១៨លានដុល្លារអាមេរិក កំណើនស្មើឡើងជាង១៤ភាគរយ » ។
ក្នុងឱកាសនោះ លោកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ សំដៅឱ្យពួកគាត់រីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមា នូវការរអ៊ូរទាំរបស់អ្នកជាប់ពន្ធ និងផ្តល់កិច្ចសហការល្អ ក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ