ខេត្តកំពង់ចាម៖ មានហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយដែលកម្របានជួបដោយយុវជនម្នាក់ផឹកស្រាស្រវឹងហើយប្រព្រឹត្តិនូវទង្វើមិនគប្បីដោយចាប់សត្វហែកស៊ីទាំងរស់ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៨ កញ្ញា ២០១៨ បង្កឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចចុះទៅតាមឃ្លាំមើលផងដែរ ។
យុវជនខាងលើឈ្មោះ រុន រាជ អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិកោះចិន ឃុំកំពង់រាប ស្រុកកោះសូទិន ដោយបានចាប់កូនឆ្កែហែកស៊ីទាំងរស់ចំនួន៣ក្បាល ស៊ីគង្គក់អស់១ក្បាល និងស៊ីកូនឆ្មាទាំងរស់១ក្បាលថែមទៀត ។
លោកវរសេនីយ៍ឯក អ៊ឹម ខឿន អធិការនគរបាលស្រុកកោះសូទិនប្រាប់ថា មួយរយៈនេះយុវជនខាងលើបានចេញពីផ្ទះទៅលេងម្តាយនៅភ្នំពេញជាច្រើនថ្ងៃ ហើយផ្ទះនៅភូមិកោះចិនបានបិទទ្វារចាក់សោចោល លុះត្រឡប់មកវិញទើបតែ៤ទៅ៥ថ្ងៃ នៅព្រឹកថ្ងៃទី៨ កញ្ញា បានចេញទៅច្រូតស្មៅជាមួយនឹងអ្នកជិតខាង ពេលមកវិញក៏ទិញស្រាផឹកម្នាក់ឯងនៅលើផ្ទះឈើរបស់ខ្លួន ។
អធិការនគរបាលស្រុកប្រាប់បន្តថា យុវជននោះមុនផឹកបានប្រាប់ទៅអ្នកជិតខាងថា សូមឲ្យជួយប្រាប់ដល់សាច់ញាតិរបស់ខ្លួនថា «ល្ងាចនេះរូបគេដូចមិនស្រួលខ្លួនទេ សូមជួយប្រាប់ទៅបងប្អូនឲ្យបានដឹង ព្រោះក្នុងខ្លួនដូចមានមនុស្សប៉ុន្មាននាក់អញ្ចឹង»។ លុះដល់ម៉ោង៧និង៣០នាទីយប់ស្រាប់តែឮសូរសម្លេងឆ្កែស្រែក ពលរដ្ឋក៏នាំគ្នាបញ្ចាំងភ្លើងពិលមើលក៏ឃើញយុវជននេះហែកកូនឆ្កែស៊ីទាំងរស់ពិតជាគួរឲ្យខ្លាច។ សូមបញ្ជាក់ថា កូនឆ្កែដែលហែកស៊ីទាំងរស់ចំនួន៣ក្បាល (ស៊ីអស់២ក្បាល ក្នុងនោះ១ក្បាលហែកខាំស៊ីត្រង់បំពង់កហុតឈាម) ស៊ីគីង្គក់ទាំងរស់ចំនួន១ក្បាល និងស៊ីកូនឆ្មារទាំងរស់ចំនួន១ក្បាលសត្វទាំងនេះជារបស់ខ្លួន។
ដោយឃើញសភាពបែបនេះ ពលរដ្ឋបានរាយការណ៍មករូបលោក ហើយក៏ចាត់ឲ្យនាយរងប៉ុស្តិ៍រដ្ឋបាលកំពង់រាប និងប្រជាការពារចុះទៅដល់ផ្ទះនោះ តែមិនឃើញយុវជននោះនៅផ្ទះទេ រហូតម៉ោង៩និង១៥នាទីយប់យុវជននោះត្រឡប់មកលើផ្ទះវិញព្រមទាំងបិទទ្វារដេក។ ដោយបារម្ភពលរដ្ឋក្នុងភូមិគ្រោះថ្នាក់សមត្ថកិច្ចនៅឃ្លាំមើលរហូតដល់ម៉ោង៨ព្រឹកថ្ងៃទី៩ ក៏ទៅគោះទ្វារឲ្យបើក ប៉ុន្តែយុវជននោះមិនព្រមបើកទេ ថែមទាំងឆ្លើយថានៅដេក។
លោកអធិការបញ្ជាក់ថា ដោយយុវជននោះមិនទាន់ប្រព្រឹត្តនូវទង្វើអ្វីមួយក្នុងបទល្មើសព្រហ្មទណ្ឌ គ្រាន់តែឲ្យនៅតាមឃ្លាំមើលរហូត ស្រាប់តែម៉ោងប្រមាណ១១ព្រឹកថ្ងៃទី៩ យុវជននោះក៏លើកពាងប្រហុកបើកស៊ីនៅមាត់ច្រកចូលផ្ទះឈើ ចំណែកសមត្ថកិច្ចមិនហ៊ានឡើងទៅទេដោយខ្លាចគ្រោះថ្នាក់ដោយប្រការណាមួយអាចខ្លាចជននេះមានកាំបិត ទោះជាបែបណាសមត្ថកិច្ចនូវបន្តឃ្លាំមើលបន្តទៀត ៕
ចែករំលែកព័តមាននេះ