ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់​…ចាហួយ​ដាក់​​ជាតិ​ប្លា​ស្ទិ​ក​​នេះ?

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត នាព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ទំនិញ បន្លែ​ផ្លែ​ឈើ​នៅ​ផ្សារ​ប្រសូត ស្រុក​ស្វាយ​ទាប និង​ផ្សារ​ជី​ភូ…

ខេត្តស្វាយរៀង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត នាព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ទំនិញ បន្លែ​ផ្លែ​ឈើ​នៅ​ផ្សារ​ប្រសូត ស្រុក​ស្វាយ​ទាប និង​ផ្សារ​ជី​ភូ ក្នុង​ក្រុង​បា​វិត រកឃើញ​ចាហួយ​សង្ស័យ​ដាក់​ជាតិ​ប្លា​ស្ទិ​ក​ចំនួន​១៥ក្រឡ ​ស្មើនឹង​៣៧,៥​គីឡូក្រាម និង​ទំនិញ​ខូច​គុណភាព​ជា​ច្រើន​មុខ​ទៀត ហើយ​ក៏​បាន​ដកហូត​យក​ទៅ​ពិសោធន៍​និង​ដុត​កម្ទេច​ចោល ។

បើ​តាម​មន្ត្រី​សាខា​កាំកុងត្រូល​មួយ​រូប​ឱ្យ​ដឹងថា កន្លង​មក​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត តែងតែចុះ​ពិនិត្យ​មុខទំនិញ​ជា​ច្រើន​លើក ហើយ​ការ​ចុះ​ពិនិត្យ​មុខទំនិញ​នៅ​ថ្ងៃនេះ ក្នុង​គោលបំណង​ធានា​បាន​សុវត្ថិភាព​ម្ហូបអាហារ​ជូន​ប្រជាពលរដ្ឋ និង​លើកកម្ពស់​សុខុមាលភាព​ដល់​ពួក​គាត់ ។ នេះ​ជា​ការ​ទទួលខុសត្រូវ​លើ​សុវត្ថិភាព​ម្ហូបអាហារ ជា​ការ​ទទួលខុសត្រូវ​រួម​គ្នា ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំ​ចូល អ្នក​ផលិត អ្នក​ចែកចាយ និង​អ្នក​ប្រើប្រាស់​ផង​ដែរ ព្រោះ​សុខភាព​គឺជា​កត្តា​ចម្បង​នៃ​ភាព​រស់រាន​នៃ​ជីវិត ។

ប្រភព​ដដែល​បន្ត​ថា ចាហួយ​ចំនួន​១៥​ក្រឡដែល​រក​ឃើញ​នៅ​ផ្សារ​ទាំង​២​ខាងលើ គឺជា​ប្រភេទ​ចាហួយ​នាំ​ចូល​ពី​វៀតណាម វា​មាន​ជាតិ​រឹង​ស្វិត​ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ក្រពះ ពោះវៀន យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​យើង​បរិភោគ​វា ជា​ពិសេស​នោះ​ក្មេង​តូច​ៗ​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។ ជាមួយ​នេះ ក៏​បាន​រក​ឃើញ​ទំនិញ ហួស​កាលបរិច្ឆេទ​មួយ​ចំនួន​ទៀត​ដែរ ។

ក្នុង​ឱកាស​នោះ មន្ត្រី​ជំនាញ​បាន​ធ្វើតេស្តមុខទំនិញ​ជា​ច្រើន​មុខ​មាន​ដូច​ជា បន្លែ ផ្លែ​ឈើ ផ្អក ប្រហុក ជ្រក់ សណ្តែកបណ្តុះ ឈាម​គោ ។​ល​។ ប៉ុន្តែ​ពុំ​បាន​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​គីមី​ទេ ។ ចំណែក​អ្នកលក់ ក៏​យល់ព្រម​បញ្ឈប់ការ​ដាក់​លក់ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ដែរ ព្រោះ​ពួក​គេ​បាន​យល់​ដឹង​ពី​ផល​ប៉ះពាល់​ដល់​សុខភាព នៅ​ពេល​ប្រើប្រាស់​ទំនិញ​ខូចគុណភាព​នោះ ។

មន្ត្រី​សាខា​កាំកុងត្រូល បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ខេត្តស្វាយរៀង សូម​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​ចំណីអាហារ ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា កាលបរិច្ឆេទ​ឱ្យ​បាន​ច្បាស់លាស់​មុន​នឹង​ទិញ​យក​ទៅ​បរិភោគ ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ទាំងអស់​គ្នា ។មន្ត្រី​កាំកុងត្រូល នឹង​បន្ត​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​ផ្សារ​នានា​ក្នុង​ខេត្ត​ឱ្យ​បាន​ញឹកញាប់​បន្ថែម​ទៀត ជា​ពិសេស​ជិត​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ៕

អត្ថបទសរសេរ ដោយ