រាជធានីភ្នំពេញ ៖ ការប្រកួតវគ្គជម្រុះរបស់កីឡាករជើងខ្លាំងប្រចាំពូលB ឆ្ពោះទៅដណ្តើមខ្សែក្រវាត់ប្រភេទទម្ងន់៦៣,៥គីឡូក្រាមដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍បាយ័នកាលពីរាត្រីថ្ងៃសុក្រ ទី៣ ឧសភាកន្លងទៅនៅសង្វៀនបឹងស្នោ ជាលទ្ធផលកីឡាករនូវ ស៊ីថា មកពីក្លិបតាឡីដំរីមានឫទ្ធិ ឈ្នះពិន្ទុកីឡាករហ៊ុន គិរី មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន, កីឡាករយ៉ាម ពិសិដ្ឋ មកពីក្លិបរស្មីកុមារកំព្រា ចាញ់ពិន្ទុកីឡាករថៃ ប៊ុនហាន មកពីក្លិបបុរីនាគរាជ និងកីឡាករស៊ូ វណ្ណៈ មកពីក្លិបយុវកីឡាខេត្តកណ្តាល ឈ្នះពិន្ទុកីឡាករសុខ វីរៈ មកពីក្លិបសំរោងកោងខេត្តបាត់ដំបង ។
នូវ ស៊ីថា ឈ្នះពិន្ទុ ហ៊ុន គិរី ទាំងលំបាកបំផុតដោយសារ ហ៊ុន គិរី ប្រើស្នៀតកាចៗវាយសន្ធាប់យ៉ាងចាស់ដៃដូចទឹកបាក់ទំនប់ តែការវាយនោះមិនសូវចំគោលដៅល្អឡើយ ធ្វើឱ្យគេអស់កម្លាំងពីខ្លួនរលីងនៅ២ទឹកចុងក្រោយផ្តល់ឱកាសដល់ នូវ ស៊ីថា បើកការវាយបកសងវិញយ៉ាងចាស់ដៃ ធ្វើឱ្យ ហ៊ុន គិរី ទ្រមខ្លួនមិនតិចទេ។ ដោយសារទទួលរងនូវកណ្តាប់ដៃម៉ាត់ និងការទាត់បំបាក់ជើងក្រោមទៀតនោះកាន់តែធ្វើឱ្យ ហ៊ុន គិរី ឈឺចុកចាប់លែងហ៊ានវាយខ្លាំងៗទៀត បានត្រឹមវាយទប់ៗ និងគេចវក់វីពេញសង្វៀនទើបចប់ការប្រកួត នូវ ស៊ីថា ត្រូវគេកាត់ក្តីឱ្យឈ្នះពិន្ទុ។
យ៉ាម ពិសិដ្ឋ មិនអាចសម្រេចគោលដៅយកឈ្នះដៃគូរបស់ខ្លួនដូចការអះអាងមុនពេលឡើងប្រកួតឡើយ ផ្ទុយទៅវិញ បែរជាត្រូវជើងខ្លាំង ថៃ ប៊ុនហាន វាយទាល់តែឈ្នះពិន្ទុដាច់តែម្តង ។ យ៉ាម ពិសិដ្ឋ វាយបានល្អត្រឹមតែ២ទឹក លុះចូលទឹកទី៣ ត្រូវ ថៃ ប៊ុនហាន វាយកែងចូលគុម្ពថ្គាមបណ្តាលឱ្យចង់ដួល ត្រូវអាជ្ញាកណ្តាលរាប់រហូតដល់ជិត១០ ទើបអាចបន្តការប្រកួតបានទាំងប្រដាបត្រដួស ។ បន្ទាប់ពីនោះមក គេនៅតែឃើញ ថៃ ប៊ុនហាន មានប្រៀបដដែលដោយគេស្ទុះចូលវាយ យ៉ាម ពិសិដ្ឋ ដូចបាវសាក់ ទើបគេឈ្នះពិន្ទុដាច់តែម្តង ។
ការប្រកួតរវាងកីឡាករស៊ូ វណ្ណៈ និង សុខ វីរៈ បង្កការជក់ចិត្តដល់អ្នកទស្សនាមិនធម្មតាទេ។ នៅដើមទឹកទី៣ សុខ វីរៈ ហាក់បង្ហាញភាពទន់ជ្រាយផ្នែកល្វែងខាងក្រោមដោយបណ្តោយឱ្យ ស៊ូ វណ្ណៈ ទាត់ឱ្យដួលដល់ទៅ២ដង និងម៉ាត់បន្ថែមទៀតផង ប៉ុន្តែគេនៅតែអាចគ្រប់គ្រងស្ថានការណ៍ប្រកួតបានដដែល ។ ទោះបីយ៉ាងណា ស៊ូ វណ្ណៈ បានរកយុទ្ធសាស្ត្រថ្មីៗវាយដៃគូឱ្យតដៃលែងកើត បានត្រឹមតែដកថយគេចចេញពីការវាយប្រហារប៉ុណ្ណោះ ទើបនៅវិនាទីចុងក្រោយ ស៊ូ វណ្ណៈ ឈ្នះពិន្ទុទាល់តែបាន ៕
ចែករំលែកព័តមាននេះ