ពុទ្ធោអើយ…រឿងចឹងមិនហ៊ានប្រឈម បែរនាំ​កូន​​ទៅ​ស្លាប់?


ខេត្តស្វាយរៀង ៖ ស្ត្រី​ម្នាក់​ដែល​តូចចិត្ត​គ្មាន​លុយ​ចិញ្ចឹម​កូន និង​ខឹង​ប្តី​ចេញ​ទៅ​ធ្វើ​កម្មករ​មិន​ព្រម​មក​ផ្ទះ ក៏​គិត​ខ្លី​ពរ​កូនស្រី​អាយុ​៣​ខែ ​ប៉ុនប៉ង​រត់​ចូល​រថយន្ត​ដើម្បី​ធ្វើ​អត្តឃាត តែ​មិន​បាន​សម្រេច ។ ហេតុការណ៍​នេះ​បាន​កើតឡើងនៅ​ភូមិ​ស​ម្ភ័​រ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ។

ស្ត្រី​រូប​នេះ​ឱ្យ​ដឹង​ថា គាត់​ឈ្មោះ សូ មុំ រស់នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ ក្នុងភូមិ​កើតហេតុ​ខាងលើ​ ត្រូវ​បាន​ម្តាយ​ឪពុក​បង្កើត និង​បងប្អូន​កាត់កាល​ចោល ព្រោះតែ​ស្រឡាញ់​ប្តី​ដែល​ពួក​គាត់​មិន​ពេញចិត្ត​ ហើយ​ក៏​សម្រេច ចិត្តរ​ត់ទៅ​រៀប​ការ​ខាង​ប្តី​បាន​ជាង​១​ឆ្នាំ​មក​ហើយ បានកូន​ស្រី​ម្នាក់ ដែល​ទើបតែ​មាន​អាយុ​៣​ខែ ។ ស្ត្រី​ដដែល​នេះ​បន្ត​ថា ខណៈ​ដែល​ប្តី​ចេញ​ទៅ​ធ្វើ​ជា​កម្មករ​លី​សែង​នៅ​ក្នុង​ដេប៉ូ​ឈើ​មួយ​កន្លែង ​ក្នុងភូមិ​ស​ម្ភ័​រ ឃុំ​សំបួរ ដើម្បី​រក​ប្រាក់​មក​ផ្គត់ផ្គង់​ក្នុង​គ្រួសារ តែ​ក្តី​សង្ឃឹម​បាន​ប្រែជា​រលាយ​សាបសូន្យ ។

ចាប់តាំងពី​ប្តី​មក​ធ្វើការ​ជា​កម្មករ​នៅ​កន្លែង​ដេប៉ូ​ឈើ​នេះ មិន​ដែល​ទៅ​ផ្ទះ​វិញ​ទេ ហើយ​លុយកាក់​ក៏​មិនឃើញ​ផ្ញើ​ឱ្យ​ដែរ ធ្វើ​ឱ្យ​ជីវភាព​ក្នុង​គ្រួសារ ​រស់នៅ​ក្នុង​ខ្ទម​កម្សត់ សូ​ម្បី​តែ​ភ្លើង ក៏​គ្មាន​ប្រើ​ផង​ផ្ទះ​ងងឹត​សូន្យសុង ឮ​តែ​​សំឡេង​កង្កែប​ចង្រិត​យំ​ពេល​រាត្រី​ ។ នាង​ទួញ​ថា ដោយសារ​អស់សង្ឃឹម​ សុខចិត្ត​យំ​ឱប​កូនខ្ចី​ស្រណោះ​ខ្លួន​រត់​តាម​ប្តី តែ​ប្តី​មិន​ព្រម​មក​ជួបជុំ ជីវិត​ហាក់បីដូចជា​អស់សង្ឃឹម​ចង់​តែ​ស្លាប់ ​ដើម្បី​ផុត​ទុក្ខ​ដ៏​មហា​សែន​លំបាក​មួយ​នេះ ។

បើ​តាម​ស្ត្រី​ខាងលើ​បាន​បន្ត​ទៀត​ថា ពេល​ដាំបាយ​ គ្មាន​អង្ករ​ច្រក​ឆ្នាំង រត់​ទៅ​ខ្ចី​អង្ករ​អ្នក​ជិតខាង សង្ឃឹម​លុយ​​ប្តី​តែ​មិនឃើញ​ប្តី​មក​ក៏​សម្រេចចិត្ត​ជួល​ម៉ូតូឌុប​ជិះ​មក​តាម​ប្តី​ ដើម្បី​បាន​លុយ​ខ្លះទៅ​សង​គេ អ្វី​ៗ​មិន​ដូច​បំណងប្រាថ្នា​ទាល់តែ​សោះ ។ នាង​ថា ខណៈ​មក​ជួប​មុខ​ប្តី​ បែរជា​ប្តី​មិន​ព្រមទៅ​ផ្ទះ ​ហើយ​ចង់​ចែកផ្លូវ​គ្នា​ទៀត តើ​ឱ្យ​ស្ត្រី​ណា​មិន​ឈឺចិត្ត ទើប​សម្រេចចិត្ត​រត់​ចូល​រថយន្ត​និង​ម៉ូតូ​គេ​ ដើម្បី​ឱ្យ​បុក​បញ្ចប់ជីវិត​ដ៏​ស្មុគ​ស្មាញ​មួយ​នេះ ។

ស្រី​មុំ​បាន​រៀបរាប់​ទាំង​ទ្រហោយំ​ទៀត​ថា ប្តី​ឈ្មោះ យស់ កាន អាយុ​២៦​ឆ្នាំ ជា​អ្នក​ភូមិ​ជាមួយ​គ្នា ចាប់​តាំងពី​រៀប​ការ​ជាមួយ​គ្នា​បាន​ជាង​មួយ​ឆ្នាំ​មកនេះ ពុំដែល​វាយតប់​នាង​ទេ ហើយ​កាលពី​មិន​ទាន់​មក​ធ្វើការ​កន្លែង​លក់​ឈើ​នេះ គេ​មានមុខ​របរ​ដើរ​តាម​រថយន្ត​ដឹក​ឥដ្ឋ ហើយ​បាន​មក​ផ្ទះ​ជួបជុំ​ប្រពន្ធ​កូន​រាល់ថ្ងៃ​និង​បាន​លុយ​ចូល​ផ្ទះ​ខ្លះ តែ​ចាប់​តាំង​ប្តី​ខ្លួន​មាន​មិត្តភក្តិ​ធ្វើការ​នៅ​ដេប៉ូ​ឈើ​នេះ បាន​អូស​ទាញ​ប្តី​ឱ្យមក​ធ្វើការ​មិន​ទៅ​ផ្ទះ​វិញ​ទេ ធ្វើ​ឱ្យ​នាង​កំព្រា​រងា​រស់នៅ​តែ​ពីរ​នាក់​ម្តាយកូន​យ៉ាង​វេទនា ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ ឈ្មោះ យស់ កាន ដែល​ត្រូវជា​ប្តី​នារី​ គិត​ខ្លី​បញ្ជាក់​ថា ខ្លួន​មិន​បាន​រត់​ចោល​ប្រពន្ធ​កូន​ទេ ដោយសារ​ជីវភាព​ខ្វះខាត​ ចេញពីផ្ទះ​មក​ធ្វើ​កម្មករ​លី​សែង​ឱ្យ​គេ​នៅ​ដេប៉ូ​ឈើ​ខាងលើ​នេះ គ្រាន់តែ​មិន​បាន​ទៅ​ផ្ទះ ព្រោះ​រវល់​ទៅ​តាម​រថយន្ត​ដឹក​អីវ៉ាន់ មក​វិញ​យប់​មិន​បាន​ទៅ​ផ្ទះ​វិញ​តែ​ប៉ុណ្ណោះ ហើយ​ក៏​មិន​បាន​លែងលះ​គ្នា​ដែរ ។

ក្រោយ​ពី​មាន​ព្រឹ​ត្ត​ការណ៍​ភ្ញាក់ផ្អើល​នេះ​ ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន មក​សាកសួរ​និង​ធ្វើការ​អប់រំ កុំឱ្យ​ស្ត្រី​រូប​នេះ​ ធ្វើអំពើ​ឆោតល្ងង់​បែប​នេះ​តទៅ​ទៀត ​និង​ត្រូវ​ចេះ​ស្រឡាញ់​គ្រួសារ ។ ជា​ពិសេស​កូន​ដែល​នៅ​តូច​មិនដឹង​អី ហើយ​មក​រង​គ្រោះ​ ដោយសារ​ម្តាយ​គិត​ខ្លី ។ ដោយ​មាន​ក្តី​អាណិត​មេត្តា​មាន​សប្បុរសជន​ម្នាក់ ​ឈ្មោះ សុ​ន សុខ​ជាតិ ក៏​ជូន​ប្រាក់​ចំនួន​២​ម៉ឺន​រៀល​ផង​ដែរ​ ៕ ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ