រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងបានឆេះបង្កជាការភ្ញាក់ផ្អើលដល់សន្តិសុខណាហ្គាលវើរទី១ទាញបំពង់ពន្លត់អគ្គីភ័យ និងទុយោទឹកមកជួយបាញ់ពន្លត់បានភ្លាមៗបង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ធឈប់ចោមរោមមើលពេញដងផ្លូវ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីទាបភ្លឺ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅមុខមជ្ឈមណ្ឌលកម្សាន្តណាហ្គាវើលទី១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពពីសន្តិសុខម្នាក់បានបង្ហើបប្រាប់អោយដឹងថា គាត់ក៏មិនដឹងច្បាស់ពីមូលហេតុអំពីការឆេះរថយន្តនោះទេ រថយន្តដែលឆាបឆេះម៉ាក Rangrover ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២Y-៥១៦១ ម្ចាស់រថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណទេគ្រាន់តែដឹងថា ជាជនជាតិខ្មែរ និងជាអ្នកមានអំណាចបុណ្យស័ក្តិម្នាក់នៅក្នុងរាជធានីភ្នំពេញ ហើយក៏ជាភ្ញៀវវីអាយភី ប្រចាំនៅទីនោះផងដែរ ។
មុនមានការភ្ញាក់ផ្អើលគឺរថយន្តនោះបានបើកមកឈប់នៅមុខណាហ្គាវើរ ហើយម្ចាស់រថយន្តបានដើរចូលទៅខាងក្នុងមួយសន្ទុះក្រោយមកស្រាប់តែមានផ្សែងហុយចេញពីក្នុងក្បាលរថយន្តមកឃើញដូច្នោះពួកគាត់ជាក្រុមសន្តិសុខបានទាញយកបំពង់ពន្លត់អគ្គីភ័យចេញមកជួយបាញ់ពន្លត់អស់២០បំពង់ហើយភ្លើងនៅតែមិនរលត់ក៏ត្រូវខាងក្រុមបុគ្គលិកពន្លត់អគ្គីភ័យប្រចាំនៅទីនោះផ្ទាល់ទាញទុយោទឹកចេញពីខាងក្នុងមកជួយបាញ់បន្ថែមទើបភ្លើងបានរលត់ទៅវិញភ្លាមៗទាន់ពេលវេលា និងបណ្តាលអោយរថយន្តខូចខាតតែតួម៉ាស៊ីនតែប៉ុណ្ណោះ ។ ក្នុងហេតុការណ៍នោះម្ចាស់រថយន្តផ្ទាល់ក៏មិនបានចេញពីខាងក្នុងមកមើលរថយន្តខ្លួនទេ ហើយមូលហេតុដែលបង្កអោយឆេះគ្មានប្រភពណាដឹងច្បាស់ថាមកពីមូលហេតុអ្វីទេ ។
ក្រោយកើតហេតុរថយន្តដែលឆាបឆេះនេះត្រូវបានក្រុមសន្តិសុខជួយពន្លត់បានទាន់ពេលវេលា ហើយក៏មានតំណាងម្ចាស់រថយន្តចេញមុខមកដោះស្រាយ ដោយបានទាក់ទងហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ