ខំ​រត់​ចេញពីផ្ទះ​ម្ដាយ​ដើម្បី​តាម​ប្តី ដឹង​អី​ប្រុស​ថ្លៃ​មិន​អាសូរ !


ខេត្តស្វាយរៀង ៖ តូចចិត្ត​គ្មាន​លុយ​ចិញ្ចឹម​កូន រីឯ​ប្តី​ចេញ​ទៅ​ធ្វើ​កម្មករ​មិន​ព្រម​មក​ផ្ទះ ពរ​កូនស្រី​អាយុ​៣​ខែ រត់​ចូល​រថយន្ត និង​ម៉ូតូ​ក្នុង​បំណង​សម្លាប់​ខ្លួន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៨ ភូមិ​ស​ម្ភ័​រ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។ បើ​តាម​ស្ត្រី​ដែល​គិត​ខ្លី​ប៉ង​សម្លាប់​ខ្លួន​បាន​ឲ្យ​ដឹង​ថា រូបគេ​មានឈ្មោះ សូ មុំ រស់នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ក្នុងភូមិ​កើតហេតុ ត្រូវ​បាន​ម្តាយ​ឪពុក​បង្កើត​បងប្អូន​កាត់កាល​ចោល ព្រោះតែ​ស្រឡាញ់​ប្តី ដែល​ឪពុក​ម្តាយ មិន​ពេញចិត្ត ហើយ​ក៏​សម្រេចចិត្ត រត់​ទៅ​រៀប​ការ​ខាង​ប្តី​បាន​ជាង​១​ឆ្នាំ​មក​ហើយ ជាប់​ជា​ចំណងដៃ​កូន ស្រី​មួយ ដែល​ទើបតែ​មាន​អាយុ​៣​ខែ​។

ខណៈ​ដែល​ប្តី​ចេញ​ទៅ​ធ្វើ​ជា​កម្មករ​លី​សែង នៅ​ក្នុង​ដេប៉ូ​ឈើ មួយ​កន្លែង ក្នុងភូមិ​ស​ម្ភ័​រ ឃុំ​សំបួរ ដើម្បី​រក​ថវិកា​មក​ផ្គត់ផ្គង់​ក្នុង​គ្រួសារ តែ​ក្តី​សង្ឃឹម បាន​ប្រែជា​រលាយ សាបសូន្យ ដោយ​ចាប់តាំងពី​ប្តី​ខ្លួន មក​ធ្វើការ​ជា​កម្មករ នៅ​កន្លែង​ដេប៉ូ​ឈើ​នេះ​មិន​ដែល​ទៅ​ផ្ទះ​វិញ​ទេ ហើយ​លុយកាក់​ក៏​មិនឃើញ​ផ្ញើ​ឲ្យ​ដែរ ធ្វើ​ឲ្យ​ជីវភាព​ក្នុង​គ្រួសារ រស់នៅ​ក្នុង​ខ្ទម​កម្សត់ សូ​ម្បី​តែ​ភ្លើង​ក៏​គ្មាន ប្រើ​ផង ផ្ទះ​ងងឹត​សូន្យសុង​ឮ​តែ​សំឡេង​កង្កែប ចង្រិត យំ​ពេល​រាត្រី សុខចិត្ត​យំ​ឱប​កូនខ្ចី ស្រណោះ​ខ្លួន​រត់​តាម​ប្តី តែ​ប្តី​មិន​នៅ​ជួបជុំ ជីវិត​ហាក់បីដូច​អស់សង្ឃឹម ចង់​តែ​ស្លាប់ ដើម្បី​ផុត​ទុក្ខ ដ៏​មហា​សែន​លំបាក​មួយ​នេះ​។

បើ​តាម​ស្ត្រី​អ​ភ័​ព្ទ​ខាងលើ បាន​បន្ត​ទៀត​ថា ពេល​ដាំបាយ​គ្មាន​អង្ករ ច្រក​ឆ្នាំង រត់​ទៅ​ខ្ចី​អង្ករ​អ្នក​ជិតខាង សង្ឃឹម​លុយ​ប្តី តែ​មិនឃើញ​ប្តី​មក ក៏​សម្រេចចិត្ត​ជួល​ម៉ូតូឌុប ជិះ​មក​តាម​ប្តី​ដើម្បី​បាន​លុយ​ខ្លះ អ្វី​ៗ​មិន​ដូច​បំណងប្រាថ្នា​ទាល់តែ​សោះ ខណៈ​មក​ជួប​មុខ​ប្តី បែរជា​ប្តី​មិន​ព្រមទៅ​ផ្ទះ ហើយ​ចង់​ចែកផ្លូវ​ទៅ​ទៀត តើ​ឲ្យ​ស្ត្រី​ណា​មិន​ឈឺចិត្ត ទើប​រូប​នាង​សម្រេចចិត្ត រត់​ចូល​រថយន្ត និង​ម៉ូតូ​គេ ដើម្បី​បញ្ចប់ជីវិត​ដ៏​ស្មុគស្មាញ​មួយ​នេះ​។ ស្រី​មុំ បាន​រៀបរាប់​ទាំង​ទ្រហោ យំ​ទៀត​ថា ប្តី​ខ្លួន​មានឈ្មោះ យស់ កាន អាយុ​២៦​ឆ្នាំ ជា​អ្នក​ភូមិ​ជាមួយ​គ្នា ចាប់​តាំង​រៀប​ការ​ជាមួយ​គ្នា បាន​ជាង​មួយ​ឆ្នាំ​មកនេះ ពុំដែល​វាយតប់​នាង​ទេ ហើយ​កាលពី​មិន​ទាន់​មក​ធ្វើការ​កន្លែង​លក់​ឈើ​នេះ គេ​មានមុខ​របរ​ដើរ​តាម​ឡាន​ដឹក​ឥដ្ឋ ហើយ​បាន​មក​ផ្ទះ​ជួបជុំ​ប្រពន្ធ​កូន​រាល់ថ្ងៃ និង​បាន​លុយ​ចូល​ផ្ទះ​ខ្លះ តែ​ចាប់​តាំង​ប្តី​ខ្លួន​មាន​មិត្ត​ភ​ក្កិ ធ្វើការ​នៅ​ដេប៉ូ​ឈើ​នេះ បាន​អូស​ទាញ​ប្តី​ឲ្យ​មក​ធ្វើការ មិន​ទៅ​ផ្ទះ​វិញ​ទេ ធ្វើ​ឲ្យ​នាង​កំព្រា​រងារ រស់នៅ​តែ​ពីរ​នាក់​ម្តាយកូន យ៉ាង​វេទនា​ជា​ពន់ពេក​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ បើ​តាម​ឈ្មោះ យស់ កាន ត្រូវជា​ប្តី​របស់​នារី​គិត​ខ្លី​បាន​បញ្ជាក់​ថា ខ្លួន​មិន​បាន​រត់​ចោល​ប្រពន្ធ​កូន​ទេ ដោយសារ​ជីវភាព​ខ្វះខាត ចេញពីផ្ទះ​មក​ធ្វើ​កម្មករ​លី​សែង​ឲ្យ​គេ​នៅ​ដេប៉ូ​ឈើ​ខាងលើ​នេះ គ្រាន់តែ​មិន​បាន​ទៅ​ផ្ទះ ព្រោះ​រវល់​ទៅ​តាម​រថយន្ត​ដឹក​អីវ៉ាន់​មក​វិញ​យប់ មិន​បាន​ទៅ​ផ្ទះ​វិញ​តែ​ប៉ុណ្ណោះ ហើយ​ក៏​មិន​បាន​លែងលះ​គ្នា​ដែរ​។ ក្រោយ​ពី​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ ប្រជាពលរដ្ឋ​ក៏​បាន រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន មក​សាកសួរ និង​ធ្វើការ​អប់រំ​កុំ​ឲ្យ​ស្ត្រី​គិត​ខ្លី​នេះ ធ្វើអំពើ​ឆោតល្ងង់​បែប នេះ​តទៅ​ទៀត និង​ត្រូវ​ចេះ​ស្រឡាញ់​គ្រួសារ ជា​ពិសេស​កូន​ដែល​នៅ​តូច​មិនដឹង​អី ហើយ​មក​រង​គ្រោះ ដោយសារ​ម្តាយ​គិត​ខ្លី​។ ដោយ​មាន​ក្តី​អាណិត​មេត្តា មាន​សប្បុរសជន​ម្នាក់​ឈ្មោះ សុ​ន សុខ​ជាតិ ក៏​ជូន​ថវិកា​ទៅ​ស្ត្រី​គិត​ខ្លី​ចំនួន​២​ម៉ឺន​រៀល​ផង​ដែរ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ