ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​ឃុំ​ត្រពាំង​ធំ​នាំ​គ្នា​បិទផ្លូវ​ជា​លើក​ទី​៣ ព្រោះ​រឿង​ទីតាំង​ចាក់សំរាម

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ នៅ​ស្រុក​ប្រាសាទបាគង ត្រូវ​បាន​ក្រុម​អ្នក​ភូមិ មក​ពី​៥​ភូមិ នៃ​ឃុំ​ត្រពាំង​ធំ បាន​ប្រមូលគ្នា​មក​កាន់​ច្រកចូល​ទីតាំង​ចាក់សំរាម​ដែល​ស្ថិត​នៅ…

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ នៅ​ស្រុក​ប្រាសាទបាគង ត្រូវ​បាន​ក្រុម​អ្នក​ភូមិ មក​ពី​៥​ភូមិ នៃ​ឃុំ​ត្រពាំង​ធំ បាន​ប្រមូលគ្នា​មក​កាន់​ច្រកចូល​ទីតាំង​ចាក់សំរាម​ដែល​ស្ថិត​នៅ ជាប់​របង​ប៉ុស្តិ៍ នគរបាល​ត្រពាំង​ធំ ជា​លើក​ទី​៣​។ ក្នុង​នោះ​ពួក​គាត់​បាន​យក​ឈើ​បង្គោល​ក្រាក់​ធំ​ៗ ទៅ​បោះ​ចំ​កណ្តាលផ្លូវ ហើយ​សរសេរ​ថា ឡាន​សំរាម​ហាម​ចូល​។ សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន ហ្គា​អ៊ី​យ៉ា ភី​អិ​ល​ស៊ី ដែល​ជា​អ្នកម៉ៅការ​ដឹក​ជញ្ជូន​សំរាម​ចេញពី​ក្នុង​ក្រុង​សៀមរាប ដែល​បាន​សន្យា​ខ្យល់​ជាមួយ​ក្រុម​អ្នក​ភូមិ​នៃ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប រយៈពេល​៦​ខែ​រួច​មក ដោយ​ពួក​គាត់​រង់ចាំ​យូរ​ពេក ទើប​នាំ​គ្ន​សម្រេចចិត្ត​លើកគ្នា​មក​បិទផ្លូវ​ជា​ថ្មី​(​លើក​ទី​៣) ក្រោយ​ចុះ​កិច្ចសន្យា​រយៈពេល​៦​ខែ​ថា ប្តូរ ទីតាំង​ចាក់សំរាម ពី​កន្លែង​ចាស់​ទៅ​កាន់​កន្លែង​ថ្មី តែ​គ្មាន​ការ​អនុវត្ត​ដូច​កិច្ចសន្យា ដែល​និយាយ​ជាមួយ ពលរដ្ឋ​ទាល់តែ​សោះ​។

តំណាង​ក្រុម​អ្នក​ភូមិ​បាន​លើក​ឡើង​ថា អស់​រយៈពេល​ជាង​១១​ឆ្នាំ​មក​ហើយ ដែល​ពួក​គាត់​ប្រមាណ​ជា​៥​ភូមិ ក្នុង​ឃុំ​ត្រពាំង​ធំ នៃ​ស្រុក​ប្រសាទ​បាគង ដែល​រស់នៅ​រាល់ថ្ងៃ រង​ការ​ស្រង់​ចំហាយ​ក្លិនស្អុយ ពី​សំណាក់​រណ្តៅ​សំរាម របស់​ក្រុមហ៊ុន​ហ្កា​អ៊ី​យា​(Gaea) មួយ​នេះ​។ ក្នុង​រយៈពេល​ជាង​១១​ឆ្នាំ​មកនេះ មនុស្ស​ប្រុស​ស្រី កុមារ​តូច​ធំ​ទទួល​រង​ផ្ទុក​ដោយ​ជំងឺ​ផ្លូវដង្ហើម​។ ដែល​ជំងឺ​នេះ​ពេល​ទៅ​ដល់​ពេទ្យ ហើយ​ក្រុម​គ្រូពេទ្យ​ដឹង​ថា អ្នកជំងឺ​មក​ពី​ឃុំ​ត្រពាំង​ធំ គឺ​តម្រូវ​ឲ្យ​ដាក់​បន្ទប់​ផ្សេង​ព្រោះ​កើត​ចេញពី​សំរាម​។

លោក ឡឹ​ង ម៉ុ​ន អាយុ​៥២​ឆ្នាំ ដែល​ជា​ពលរដ្ឋ​មក ពី​ភូមិ​អន្លង់​២ ឃុំ​ត្រពាំង​ធំ បាន​បញ្ជាក់​ថា ដោយសារ​ក្លិនស្អុយ​ជា​ច្រើន​ឆ្នាំ​មកនេះ ពួក​គាត់​បាន​មក បិទផ្លូវ​ម្តង​ហើយ កាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លង​ទៅ ដើម្បី​សុំ​ឱ្យ​មានការ​ប្តូរ​ទីតាំង​ចាក់សំរាម ចេញពី​ទីកន្លែង​នេះ​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨​នេះ នៅ​តែ​មិន​ផ្លាស់​ប្តូរ​ទៀត ទើប​ពួក​គាត់​នាំ​គ្នា​យក​របង​ក្រាក់​មក​បិទ​សារ​ជា​ថ្មី ដើម្បី​ឱ្យ​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​ស្រុក​ជួយ​ដោះស្រាយ​ផង​ដែរ​។

ខណៈនោះ​ដែរ​ឡាន​ដឹក​សំរាម​ដែល​ដឹក​ចេញពី​ក្នុង​ក្រុង​សៀមរាប មក​ចាក់​នៅ​ទីលាន​សំរាម ប៉ុន្តែ​ដោយសារ​ចូល​មិន​រួច​ទើប​ពួក​គេ​ចត​ទុក​នៅ​ស្ងៀម តាម​បណ្តោយ​ផ្លូវជាតិ លេខ​៦ ដោយ​រង់ចាំ​ការ​ដោះស្រាយ​ពី​ម្ចាស់​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​សិន ទើប​នាំ​គ្នា​បើក​ចូល​ទៅ​ចាក់​រួច ត្រឡប់​មក​ដឹក​ចេញ​ក្នុង​ក្រុង​វិញ​។ ក្នុង​ការ​បិទផ្លូវ​នោះ​ដែរ​គេ​ឃើញ​មាន​វត្តមាន​លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប​, លោក ម៉ក់ សំភា អភិបាលស្រុក​ប្រសាទ​បាគង​, លោក នួន មុន្នី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ,​លោក​វរសេនីយ៍ឯក មិន ច​ន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង និង លោក សយ សីហា មេឃុំ​ត្រពាំង​ធំ បាន​ហៅ​ក្រុម​អ្នក​ភូមិ​ទាំង​អស់នោះ​មក​ប្រជុំ នៅ​មុខ​ស្នាក់​ការ ប៉ុស្តិ៍​នគរបាល​ត្រពាំង​ធំ ដើម្បី​ចរចា​គ្នា​រក​ដំណោះស្រាយ​ចេញ​។

ឆ្លងកាត់​ការ​ប្រជុំ​ដោះស្រាយ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ មក​ពី​៥​ភូមិ ក្នុង​ឃុំ​ត្រពាំង​ធំ អស់​ជា​ច្រើន​ម៉ោង មក ក្នុង​នោះ​ពុំ​ឃើញ​មាន​វត្តមាន​តំណាង​ក្រុមហ៊ុន​(Gaea)​ចូលរួម​ទេ​។ លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែសីហា​នេះ​ថា អាជ្ញាធរ​ដែល​ចូលរួម​ដោះស្រាយ​នា​ថ្ងៃ​ព្រឹក​នោះ គឺ​បាន​យល់ព្រម​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ហើយ ប៉ុន្តែ ដោយ​ពុំ​មាន​វត្តមាន​ខាង​តំណាង ក្រុមហ៊ុន​(Gaea) ដូច្នេះ​លោក​បាន​ព្យាយាម​សុំ​ពន្យា​ពេល ជាមួយ​បងប្អូន ក្នុង​ការ​ដោះស្រាយ​ប្តូរ​ទីតាំង​ចាក់សំរាម​នេះ​សិន​។ ក្នុង​ជួប​ពិភាក្សា​គ្នា​នេះ លោក អភិបាលក្រុង បាន​លើក​ឡើង​នៅ​ចំណុច​សំខាន់​ៗ​ចំនួន​២គឺ៖

ទី​១-​ខាង​អាជ្ញាធរ​យើង បាន​ធ្វើការ​សម្របសម្រួល​ជាមួយ​ពួក​គាត់​រួចរាល់​អស់ហើយ ដូច្នេះ​ពួក​គាត់​បាន​យល់​ព្រមព្រៀង បើកផ្លូវ​ឱ្យ​ឡាន​ដឹក​សំរាម​ចូល​ទៅ​ចាក់​នៅ​ទីលាន​សំរាម​ដូច​ធម្មតា​។ ទី​២-​យើង​សុំ​យោបល់​ពី​ថ្នាក់ដឹកនាំ ខេត្ត ដើម្បី​ឱ្យ​តំណាង​ប្រជាពលរដ្ឋ​ទាំង​៥​ភូមិ និង​តំណាង​ក្រុមហ៊ុន​ចូល​ជួប​គ្នា​រក​ដំណោះស្រាយ ជួន​ពួក​គាត់​បន្ត​ទៀត ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត ដើម្បី​រក​ផ្លូវ​ចេញ​បើ​ពុំ​ធ្វើ​ដូច្នេះ​ទេ សំរាម​ក្នុង​ក្រុង​ពិតជា គរ​ដូច​ភ្នំ​ទៀត​ហើយ​។ ទោះជា​ដំណោះស្រាយ​យ៉ាងណា​ក៏​ដោយ​ក៏​ក្រុម​អ្នក​ភូមិ​នៅ​តែ​ប្រកាន់​ជំហរ ជាប់​ជា​និច្ច​ថា មិន​ទទួល​នោះ​ឡើយ ដោយ​បញ្ជាក់​ថា ឡាន​សំរាម​ទាំងឡាយ​ដែល​មក​ចាក់​នៅ​ទី​នេះ ត្រូវ​តែ​ចត​លើ​ចិញ្ចើម​ផ្លូវ​រហូត​ទៅ បើ​គ្មាន​ដំណោះស្រាយ​ណាមួយ​ពី​ថ្នាក់ដឹកនាំ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ