រាជធានីភ្នំពេញ ៖ គណៈកម្មការចម្រុះមួយ នាព្រឹកថ្ងៃទី២៩ សីហា បានចុះទៅបិទទីតាំង និងទម្លាក់ស្លាកក្រុមហ៊ុនចិនដែលធ្វើអាជីវកម្មអត់ច្បាប់ គឺក្រុមហ៊ុនមានឈ្មោះ ឌីជីថល អ៊ិនធឺណេសិនណល អ៊ែសេត ត្រេឌីង សេនអឺ (BTKTrade Digital International Assets Trading Center) មានអាសយដ្ឋានអគារលេខ៤៨ ផ្លូវលេខ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ គណៈកម្មការចម្រុះសម្រេចបិទអាជីវកម្មទាំងស្រុង ដើម្បីបញ្ចៀសហានិភ័យដល់ប្រជាពលរដ្ឋកុំឲ្យចាញ់បោកអស់លុយកាក់ដោយមិនដឹងខ្លួន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ សីហា គណៈកម្មការចម្រុះមួយ មានសមាសភាពចូលរួមពីក្រុមការងារធនាគារជាតិ នៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងកម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយបានសហការធ្វើការត្រួតពិនិត្យកិច្ចការការងាររដ្ឋបាល យោងតាមសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ រវាងធនាគារជាតិ នៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការជួញដូរ លក់ដូរ និង កៀងគរប្រជាពលរដ្ឋដាក់ប្រាក់វិនិយោគដោយគ្មានច្បាប់អនុញ្ញាត។
ក្រុមការងារបានចុះពិនិត្យនៅទីតាំងល្មើសផ្ទាល់ ជួបតំណាងក្រុមហ៊ុនឈ្មោះ Ding Nan (Anna) ភេទស្រី ជនជាតិចិន ជាប្រធានរដ្ឋបាល និងឈ្មោះ Liu Xu ភេទប្រុស ជនជាតិចិន ជាបុគ្គលិករដ្ឋបាល និងឈ្មោះ ហ៊ី សុងឆាយ ជនជាតិខ្មែរ ជាអ្នកបកប្រែខ្មែរចិន និងបានពិនិត្យឃើញកុំព្យូទ័រចំនួន២៩៨គ្រឿងដែលជាឧបករណ៍ដើម្បីប្រព្រឹត្តអាជីវកម្ម។ តំណាងអគ្គស្នងការដ្ឋាន នគរបាលជាតិ លោកឧត្តមសេនីយ៍ទោ មៀច ដេវីត បញ្ជាក់ថា ការប្រមូលប្រាក់ពីប្រជាពលរដ្ឋ ដើម្បីវិនិយោគតាមប្រព័ន័្ blockchain និងកាសអេឡិចត្រូនិកវាមានហានិភយ័ខ្ពស់ ដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋទៅលើបច្ចេកវិទ្យាថ្មីនេះមានកម្រិត។
ហើយប្រជាពលរដ្ឋងាយទទួលការអូសទាញ ចាញ់បោកដោយសារក្រុមហ៊ុនប្រមូលលុយកាក់មិនមានច្បាប់ទាល់តែសោះ ហើយក៏មិនមានប្រាក់តម្កល់ ជាទំនុកចិត្តសម្រាប់អ្នកវិនិយោគទេ។ ម្យាងទៀតចុះបើថៅកែវេចលុយរបស់អ្នកវិនិយោគរត់បាត់ តើនរណាទទួលខុសត្រូវ ?។ ក្រោយបញ្ចប់ការត្រួតពិនិត្យក្រុមការងារ បានណែនាំទៅក្រុមហ៊ុនចំនួន៤ចំណុចគឺ ទី១.ផ្អាកអាជីវកម្មទាំងស្រុង រហូតដល់មានការអនុញ្ញាតអាជ្ញាប័ណ្ណស្របតាមច្បាប់។ ទី២.ត្រូវបញ្ឈប់សកម្មភាពផ្សព្វផ្សាយជួញដូរ កៀងគរអតិថិជន និងប្រមូលប្រាក់គ្រប់រូបភាព។ ទី៣.ត្រូវរុះរើស្លាកអាជីវកម្មចេញចៀសវាងការយល់ច្រឡំ។
និងទី៤.តម្រូវឲ្យទៅសុំច្បាប់អាជីវកម្ម និងអាជ្ញាប័ណ្ណឲ្យបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក្រុមការងារជម្រាបជូនសាធារណជន ដើម្បីឲ្យបានជ្រាបថា បច្ចុប្បន្នការកៀងគរអតិថិជន ការផ្សព្វផ្សាយ ការជួញដូរ ក្នុងរូបភាពណាក៏ដោយ ដើម្បីប្រមូកប្រាក់ធ្វើវិនិយោគ លើវិសយ័កាសអេឡិចត្រូនិក (cryptocurrency ឬ digital assets) គឺជាទង្វើមិនស្របច្បាប់ នៃព្រះរាជជាណាចក្យកម្ពុជាឡើយ៕

ចែករំលែកព័តមាននេះ