កំណើនសេដ្ឋកិច្ច​ធ្វើ ឱ្យ​កម្ពុជា​ទាក់ទាញ​វិនិយោគិន​បរទេស កាន់តែ​ខ្លាំង


រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ថា កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​នៅ​តែ​រក្សា​ភាពរឹងមាំ​ដដែល ដែល​នាំ​ឲ្យ​អ្នក​វិនិយោគ​បរទេស​មានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង ក្នុង​ចំណោម​បណ្ដា​ប្រទេស​នៅ​អាស៊ាន ។

លោក ម៉ី វ៉ា​ន់ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហ​កម្ម​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​ក្រុមហ៊ុន​អចលនទ្រព្យ​អាស៊ាន ដែល​រៀបចំ​ដោយ​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែសីហា ម្សិលមិញ​ថា បច្ចុប្បន្ន​មិន​ថា​វិស័យ​អចលនទ្រព្យ ឬ​វិស័យ​ផ្សេង​ៗ​នោះ​ទេ គឺ​មានការ​រីក​ចម្រើន​ដូច​ៗ​គ្នា ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បរទេស​មានការ​ជឿ​ទុកចិត្ត ហើយ​រីករាយ​ក្នុង​ការ​សហការ​ជាមួយ​អ្នក​វិនិយោគ​ក្នុង ស្រុក ដែល​នាំ​ឲ្យ​សេដ្ឋកិច្ចជាតិ​មាន​កំណើន និង​រឹង​មាំ ។

លោក​បន្ត​ថា ៖« កិច្ចប្រជុំ​កម្រិត​អាស៊ាន​នេះ គឺជា​សញ្ញា​វិជ្ជមាន​មួយ ដើម្បី​រឹតចំណង​ការ​ធ្វើ​ពាណិជ្ជកម្ម​អចលនទ្រព្យ​ក្នុង​តំបន់ និង​ពិភពលោក​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត »​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​បណ្ឌិត គី​ម ហ៊ា​ង បាន​បញ្ជាក់​ថា តាម​រយៈ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​អាស៊ាន​នេះ គឺ​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ជឿ​ទុកចិត្ត​១០០%​ពី​អ្នក​វិនិយោគ​បរទេស ទើប​មាន​ថ្នាក់ដឹកនាំ​សមាគម​អាស៊ាន និង​ភ្ញៀវ​បរទេស​ដល់​ទៅ​ជាង​៧០០​នាក់​ចូលរួម​។

លោក​រំពឹង​ថា ទំនាក់ទំនង​ក្នុង​ការ​ធ្វើ​អាជីវកម្ម​លក្ខណៈ​អន្ដរជាតិ រវាង​កម្ពុជា​និង​ពិភព​លោក នឹង​កាន់តែ​ធំ​ទូលាយ ពិសេស​គឺ​អាជីវកម្ម​វិស័យ​អចលនទ្រព្យ​កម្ពុជា ដែល​កំពុង​មានការ​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន​តែ​ម្ដង ។

កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​អចលនទ្រព្យ​អាស៊ាន ដែល​កម្ពុជា​ទទួល​រៀបចំ​នេះ គឺ​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ នៅ​ថ្ងៃ​ទី​២៤-២៥ ខែសីហា ដោយ​មាន​ថ្នាក់ដឹកនាំ​សមាគម​អចលន​ទ្រព្យ​អាស៊ាន​៨​ប្រទេស​ចូលរួម និង​មាន​ក្រុ​ហ៊ុន​អចលនទ្រព្យ​បរទេស​ជា​ច្រើន​ចូលរួម ដូច​ជា​ចិន ជប៉ុន កូរ៉េ ម៉ុង​ហ្គោ​លី អូស្ដ្រាលី អឺរ៉ុប និង​អា​មេ​រិ​ក​ជាដើម ដែល​មាន​អ្នក​ចូល​រួម​សរុប​៧០០​នាក់ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​បណ្ឌិត គី​ម ហ៊ា​ង ប្រធាន​សមា​គម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ។

រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ រាជរដ្ឋាភិបាល​សម្រេច​បាន​តាម​ការ​គ្រោងទុក​នូវ​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ក្នុង​រង្វង់​៧,០% ប្រកបដោយ​បរិ​យា​ប័ន្ន និង​សមធម៌ ។ កម្ពុជា​ថែម​ទាំង​ឆ្លង​ផុត​ពី​ឋានៈ​ប្រទេស​មាន​ចំណូល​ទាប​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១៥ ព្រមទាំង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា «​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី​» ក្នុង​ឆ្នាំ​២០១៦​។

កំណើន​នេះ បាន​បង្កើត​ការងារ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ដែល​ឆ្លុះ​បញ្ចាំង​​តាម​រយៈ​តួលេខ​របស់​ធនាគារពិភពលោក ដែល​បាន​បង្ហាញ​ថា ភាព​គ្មាន​ការងារ​ធ្វើ​នៅ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​អត្រា​០,៣% និង​ភាព​ក្រីក្រ​តោកយ៉ាក​ត្រូវ​បាន​លុប​បំបាត់​ចោល​ទាំងស្រុង​ក្នុង​ឆ្នាំ​២០១៧​។ ទន្ទឹម​នេះ ប្រាក់​ចំណូល​របស់​ប្រជាជន ក៏​មានការ​កើន​ឡើង​ផង​ដែរ ដោយ ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​មនុស្ស​ម្នាក់​កើន​ពី​១.០៤២​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៣ ដល់​ប្រមាណ​១.៤២៧​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៧ និង​១.៥៦៣​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​២០១៨ ។

យោង​តាម​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច បង្ហាញ​ថា វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​រំពឹង​ថា​នឹង​នៅ​តែ​មាន​កំណើន​រឹង​មាំ​ក្នុង​រង្វង់​៨,៥%​ក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ។

កំណើន​នេះ​នឹង​ត្រូវ​ទ្រទ្រង់​ដោយ​ការ​កើនឡើង​នៃ​សកម្មភាព​ទិញ​-​លក់​សំណង់​អគារ​ពាណិជ្ជកម្ម និង​លំនៅ​ឋាន​ដែល​មាន​ថ្លៃ​ទាប​និង​មធ្យម ដែល​ប៉ះប៉ូវ​ដល់​ការ​ថមថយ​នៃប្រតិបត្តិ​ការ​ទិញ​-​លក់ និង​ជួល​លំនៅ​ឋាន​ថ្លៃ​ខ្ពស់ ដោយសារ​កំណើន​ខ្លាំង​នៃ​ការ​ផ្គត់ផ្គង់​ធៀប​នឹង​តម្រូវការ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ