ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! តែមួយ​យប់សោះឆក់យកជីវិតមនុស្ស​​៣នាក់​យ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៣​នាក់​បាន​ស្លាប់ និង​ម្នាក់​ផ្សេង​ទៀត​បាន​រង​បួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២​ករណី​ផ្សេងគ្នា​បានកើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២២ សីហា ២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ក្រុង​សិរី​សោភ័ណ និង​ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៣​នាក់​បាន​ស្លាប់ និង​ម្នាក់​ផ្សេង​ទៀត​បាន​រង​បួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២​ករណី​ផ្សេងគ្នា​បានកើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២២ សីហា ២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ក្រុង​សិរី​សោភ័ណ និង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

ករណី​ទី​១-​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ខាងត្បូង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​មាន​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​។

​លោក​វរសេនីយ៍ទោ​សួន នី​ប៉ូ នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះ​ចរាចរណ៍​នេះ​រួម​មាន ម៉ូតូ​​មួយគ្រឿង​ជិះគ្នា​២នាក់​ម៉ាក​ហុងដា
​ឌ្រី​ម ពណ៌​ខ្មៅ ស្លាក​លេខ បន្ទាយ​មាន​ជ័យ ១A-០៨០៥ ដែល​​បើកបរដោយ​ឈ្មោះ ជួន សុគន្ធ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជា​មន្ត្រី​នគរបាល​បង្ការ​-​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រស់នៅ​ភូមិ​ប្រឡាយ​ហ្លួង​ក្រោម ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បាន​ស្លាប់​នៅ​នឹង​កន្លែង និង​អ្នក​រួម​ដំណើរ ឈ្មោះ ឆុំ ចិន ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បាន​រង​របួសធ្ងន់ ។ ចំណែក​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពាក់​ស្លាក​លេខ ១A​-០៦៣៣ បើកបរ​ដោយ​ឈ្មោះ វ៉ឺង វ៉ា​ន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន ស​ង្លា​ត់​ព្រះ​ពន្លា សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

​លោកនាយ​រង​ការិយាល័យ​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ ឈ្មោះ​ជួន សុគន្ធ បាន​បំពេញ​បេស​សកម្ម​ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​ឌុ​ប​បុរស​ម្នាក់​ជា​អ្នក​រួម​ដំណើរ​បាន​ចេញពីផ្ទះ​មក​កន្លែងធ្វើការ ដើម្បី​រៀបចំ​រថយន្ត​ពន្លត់អគ្គីភ័យ​ដែល​ក្រ សួង​មហាផ្ទៃ​ទើប​ប្រគល់​ឲ្យ តាម​ការ​ណែនាំ​របស់​លោក​វរសេនីយ៍​ស្នងការ​រង ដោយ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​បន្ទាយមានជ័យ​ ១A-០៨០៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​វ៉េវ ពាក់​ស្លាក​លេខ ១A-០៦៣៣ បើក​បរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បាន​បើក​វ៉ា​ជែង​រថយន្ត​ខាង​មុខ ក៏​​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​អ្នក​រួម​ដំណើរ​បាន​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​នគរបាល​ចរាចរណ៍​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​។ ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​វ៉េវ​ក៏​បាន​ស្លាប់​នឹង​នៅ​កន្លែង​កើតហេតុ​ផង​ដែរ ។

នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ និង​ប្រគល់​ថវិកា​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ចំនួន​៦​លាន​រៀល ក្នុង​នោះ​ក៏​បាន​នាំ​យក​ថវិកា​របស់​ឧបនាយករដ្ឋមន្ត្រី​កែ គឹ​ម​យ៉ា​ន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​ចំនួន​៤០​ម៉ឺន​រៀល​, ថវិកា​របស់​ផែន​អាវុធ​ជាតិ​ផ្ទុះ​-​អគ្គី​ភ័យ​ចំនួន​១​លាន​២​សែន​៥​ម៉ឺន​រៀល​, ថវិកា​របស់​ផែន​អត្ត​សញ្ញា​កម្ម​ចំនួន​៣៨​ម៉ឺន​រៀល និង​ថវិកា​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី​៣០​ម៉ឺន រួម​ទាំង​អង្ក​២​ការុង​,​ទឹកក្រូច​៣​កេស​,​មី​៣​កេស និង​ទឹក​សុទ្ធ​៥​កេស​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​ផ្ទាល់ ឧបត្ថម្ភ​ក្នុង​កម្មវិធី​បុណ្យសព​លោក​ជួន សុគន្ធ ផង​ដែរ​។

​ករណី​ទី​២-​លោកនាយ​រង​ការិយាល័យ​សួន នី​ប៉ូ បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២២ ខែ សីហា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ខាងកើត​ស្ថា​នី​យ៏​ដឹក​អ្នកដំណើរ​អន្តរជាតិ​ស៊ូ​ជី​ង ប្រហែល​២០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ​មាន ជ័យ មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ព​ណ៌ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៤៩៤០ (​ជា​រថយន្ត​របស់​ក្រុមហ៊ុន​វរៈ​ប៊ុ​ន​ថាំ​) បើកបរ​ពី​លិចទៅ​កើត លុះដល់​កន្លែង​កើតហេតុ បាន​បុក​ម៉ូតូ​មួយ​គ្រឿង ​ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ១Q-២៥៥៦ បើកបរ​ពី​កើត​ទៅ​លិច ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើតហេតុ​។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ជន​រង​គ្រោះ​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ វន សុភ​ក្ត្រា ភេទប្រុស អាយុ​៣៣​ឆ្នាំ ជា​បុគ្គលិក​ខា​រា​អូ​ខេ​អេ​ហ្វ​ផ្លាស់ រស់នៅ​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ  ។

រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ