ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ស្រកានាគ​ជាង​៦០០​គុម្ព​ប្រមូល​ផល​ក្នុង​១​ឆ្នាំ​ដល់​ចំនួន​៦​ដង​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​ដាំ​ដំណាំ​ស្រកានាគ​ជាង​៦០០​គុម្ព នៅ​ក្នុង​ចម្ការ​របស់​ខ្លួន​អស់​រយៈពេល​៦​ឆ្នាំ​កន្លង​ទៅ​នេះ កសិករ​ម្នាក់​អាច​ប្រមូល​ផល​បាន​ក្នុង​១​ឆ្នាំ ចំនួន​៦​ដង ហើយ​ពេល​បេះ​ផ្លែ​ម្តង​ៗ​ទទួល​បាន​៥០០​គីឡូក្រាម​ទៅ​មួយ​តោន តាម​ផ្លែ​តិច ឬ​ច្រើន​ដោយ​លក់​ឱ្យ​ឈ្មួញ​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​ដាំ​ដំណាំ​ស្រកានាគ​ជាង​៦០០​គុម្ព នៅ​ក្នុង​ចម្ការ​របស់​ខ្លួន​អស់​រយៈពេល​៦​ឆ្នាំ​កន្លង​ទៅ​នេះ កសិករ​ម្នាក់​អាច​ប្រមូល​ផល​បាន​ក្នុង​១​ឆ្នាំ ចំនួន​៦​ដង ហើយ​ពេល​បេះ​ផ្លែ​ម្តង​ៗ​ទទួល​បាន​៥០០​គីឡូក្រាម​ទៅ​មួយ​តោន តាម​ផ្លែ​តិច ឬ​ច្រើន​ដោយ​លក់​ឱ្យ​ឈ្មួញ​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

បើ​តាម​ការ​រៀបរាប់​របស់​កសិករ​ម្នាក់​ឈ្មោះ សុខ អឿ​ន អាយុ​៦៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​បរ​តាំង ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា គាត់​បាន​ដាំ​ដំណាំ​ស្រកានាគ​ជិត​៧០០​គុម្ព នៅ​ក្នុង​ចម្ការ​របស់​ខ្លួន​អស់​រយៈពេល​៦​ឆ្នាំ​កន្លង​មក​ហើយ ដោយ​បន្ទាប់​ពី​ដាំ​បាន​ត្រឹមតែ​១​ឆ្នាំ ដំណាំ​មួយ​នេះ​បាន​ដុះ​លូតលាស់​រហូត​ដល់​ទទួល​បាន​ផ្លែផ្កា​ជា​ច្រើន​។

គាត់​បន្ត​ទៀត​ថា ស្រកានាគ នៅ​ក្នុង​ចម្ការ​របស់​ខ្លួន​ក្នុង​១​ឆ្នាំ​ៗ​បាន​ផ្តល់​ផ្លែផ្កា​បន្តបន្ទាប់​គ្នា ដោយ​បេះ​រហូត​ដល់​ចំនួន​៦​ដង ទើប​អស់​ផ្លែ ហើយ​បេះ​ម្តង​អាច​ថ្លឹ​ក​លក់​ឱ្យ​ឈ្មួញ​មក​ពី​ខេត្តបាត់ដំបង ជួនកាល​បាន​៥០០​គីឡូក្រាម ហើយ​ពេល​ខ្លះ​ទៀត​ប្រមូល​ផល​បាន​រហូត​ដល់​ជាង​១​តោន​ឯណោះ​ដោយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ស្រកានាគ​១​គីឡូក្រាម​អាច​លក់​បាន​៣០០០​រៀល ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តម្លៃ​ទីផ្សារ​ដំណាំ​មួយ​នេះ​ហាក់ដូចជា មានការ​ធ្លាក់​ចុះ​បន្តិច​ដោយ​១​គីឡូក្រាម​អាច​បេះ​លក់​បាន​ត្រឹមតែ​២៥០០​រៀល​ប៉ុណ្ណោះ ។

គាត់​បញ្ជាក់​ថា ស្រកានាគ​របស់​គាត់​នាំ​យក​ពូជ​មក​ពី​ខេត្តបាត់ដំបង ដោយ​មុន​ដំបូង​ដាំ​តែ​ប ន្តិ​ច​បន្តួច​ប៉ុណ្ណោះ លុះ​ក្រោយមក​ក៏​ដាំ​បំបែក​កាន់តែ​ច្រើន​ឡើង​ៗ​រហូត​ដល់​ជាង​៦០០​គុម្ព តែ​ម្តង ។ ដំណាំ​មួយ​នេះ​ក៏​ត្រូវការ​ថែទាំ​ដាក់​ជី​ជា​ប្រចាំ​ផង​ដែរ ជា​ពិសេស​វា​ត្រូវការ​ដី​ដែល​មាន​ជីជាតិ​ខ្ពស់ បើសិនជា​ដី​មិនល្អ​លុះ​ពេល​ផ្លែ​មក​ក៏​តូច​មិនសូវ​ថ្លោស​ប៉ុន្មាន​នោះ​ដែរ ។ ស្រកានាគ​របស់​គាត់​មានឱជារស​ឆ្ងាញ់ លើស​ពី​នេះ​បន្ទាប់​ពី​បេះ​រួច​បើ​គេ​ទុក​រយៈពេល​២​ទៅ​៣​ថ្ងៃ ចាំ​ហូប នោះ​កាន់តែ​ផ្អែម​ឡើង​ៗ ។ ពូជ​ស្រកានាគ​របស់​គាត់​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ផ្សេង​ៗ ចូល​មក​ទិញ​ដឹក​តាម​រថយន្ត​យក​ទៅ​ដាំ​នៅ​ក្នុង​ចម្ការ​របស់​គេ ។

ចំពោះ​បច្ចេកទេស​ដាំ​វិញ​គាត់​មិន​បាន​រៀនសូត្រ​មក​ពី​ខាង​មន្ទីរ​កសិកម្ម ឬ​ពី​មន្ទីរ​ជំនាញ​ណា នោះ​ទេ គឺ​នឹកឃើញ​ដាំ​ដោយ​ខ្លួនឯង ហើយ​ក៏​មិន​ធ្លាប់​ឃើញ​មន្ត្រី​ខាង​មន្ទីរ​ណា​ម្នាក់​ចុះ​ទៅ​អប់រំ​ណែនាំ​ពី​របៀប​ដាំ និង​ថែទាំ​ដំណាំ​កសិកម្ម​របស់​ខ្លួន​ដែរ ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា មិន​ត្រឹមតែ​ដំណាំ​ស្រកានាគ​នោះ ទេ សូ​ម្បី​តែ​ពោត សណ្តែក ស្រូវ ស្វាយកែវ​រមៀត តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ក្រូចពោធិ៍សាត់​ជាដើម និង​បន្លែ​អន្លក់​ត្រសក់ សណ្តែក ត្រប់ ស្ពៃ ម្ទេស ឬ​ដំណាំ​ហូប​ផ្លែ​ផ្សេង​ៗ​ទៀត​ក៏​មិន​ធ្លាប់​ឃើញ​មាន​ខាង​មន្ទីរ​កសិកម្ម​ចុះ​ទៅ​ណែនាំ​ពី​របៀប​ដាំ និង​របៀប​ថែទាំ​នោះ​ឡើយ​ដោយ​ម្នាក់​ៗ រៀន​ដាំ​ដុះ​ខ្លួនឯង​ទាំង​ប្រថុយប្រថាន​បំផុត ហើយ​ពេល​ទទួល​បាន​ផល​យក​ទៅ​លក់​ត្រូវ​បាន​ឈ្មួញ​ថៃ​បន្ថោក ដោយ​គេ​និយាយ​ថា ខ្មែរ​ដាំ​ដំណាំ​គ្មាន​បច្ចេកទេស​មិន​ស្អាត មាន​មេរោគ ឬ​សារធាតុ​គីមី​ជាដើម ។

ដូច្នេះ​ពួក​គាត់​ពិតជា​មានការ​លំបាក ខណៈ​ការ​ដាំ​ដុះ​របស់​ខ្លួន​មិន​ទទួល​បានការ​ជួយ​ផ្គត់ផ្គង់ ឬ​ជ្រោមជ្រែង​ពី​អ្នកបច្ចេកទេស​ដូច​ប្រជាពលរដ្ឋ​របស់​ប្រទេស​នៅ​ជិតខាង​ខ្មែរ​មួយ​ចំនួន គឺ​គេ​ធ្វើ​អ្វី​តាម​លក្ខណៈ​ស្តង់ដា ហើយ​មិន​ងាយ​ទទួល​រង​ការ​ខូចខាត​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ