រាជធានីភ្នំពេញ ៖ មានការកកស្ទះចរាចរណ៍អស់រយៈពេលជិតមួយម៉ោងនៅលើផ្លូវចោមចៅដោយសារតែកាប៊ីនភ្លើងមួយបានទុស្សេបង្កឱ្យមានការឆាបឆេះចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ និងបានដាច់ខ្សែភ្លើងធ្លាក់រាយប៉ាយមកលើដី ។ ហេតុការណ៍នេះធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនាំគ្នាដងទឹកជះពន្លត់ ប៉ុន្តែមិនរលត់ រហូតដល់អាជ្ញាធរ ព្រមទាំងសមត្ថកិច្ចមូលដ្ឋានយករថយន្តពន្លត់អគ្គិភ័យទៅបាញ់ទឹកពន្លត់ទើបរលត់ទាំងស្រុង ។
ការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី២៣ មេសា នៅតាមបណ្តោយផ្លូវចោមចៅ ត្រង់ចំណុចមុខភោជនីយដ្ឋានតារាថ្នល់កោង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញកាប៊ីនភ្លើងខាងលើទុស្សេបែកផ្កាភ្លើង និងផ្ទុះលាន់ឮដូចផ្ទុះកំប៉ុងហ្គាសគួរឱ្យខ្លាច បន្ទាប់មកមិនយូរប៉ុន្មានក៏មានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងមានផ្សែងហុយចេញមកក្រៅយ៉ាងខ្មួលខ្មាញ់តែម្តង ។
ខណៈនោះពួកគាត់មានការភ័យខ្លាចឆាបឆេះដល់ផ្ទះសម្បែង ក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ តែមិនអាចធ្វើឱ្យភ្លើងថមថយកម្លាំងនោះឡើយ ព្រោះការឆាបឆេះនោះមានកម្លាំងខ្លាំងណាស់បណ្តាលឱ្យខូចខាតកាប៊ីនភ្លើង និងរលំបង្គោលភ្លើង១ដើមទៀតផង ។ លុះបន្តិចក្រោយមក អាជ្ញាធរ និងសមត្ថកិច្ច ព្រមទាំងរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងដែលប្រចាំការនៅសាលាខណ្ឌពោធិ៍សែនជ័យក៏ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ទើបភ្លើងរលត់ ។
ប្រភពដដែលបានបន្តថា ពេលនោះខ្សែកាបអគ្គិសនីជាច្រើនសរសៃបានដាច់ធ្លាក់រាយប៉ាយមកលើដី មិនតែប៉ុណ្ណោះខ្សែដែលដាច់នោះក៏មានចរន្តភ្លើងដែរ ។ ដោយឃើញស្ថានភាពបែបនេះយានយន្តគ្រប់ប្រភេទដែលកំពុងធ្វើដំណើរឆ្លងកាត់ទីនោះបានឈប់ស្ងៀមមិនហ៊ានបន្តដំណើរទៅមុខឡើយ ព្រោះខ្លាចមានគ្រោះ ថ្នាក់ ។ ការកកស្ទះចរាចរណ៍នៅលើកំណាត់ផ្លូវនោះមានរយៈពេលជិត១មោ៉ង រហូតដល់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់រលត់និងមានការបិទចរន្តអគ្គិសនីពីមន្ត្រីជំនាញខាងអគ្គិសនី ទើបយានយន្តទាំងនោះហ៊ានបន្តដំណើរឆ្លងកាត់ទីនោះ ៕
ចែករំលែកព័តមាននេះ