ខេត្តស្វាយរៀង ៖ ភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់បង្កឲ្យរលំអគាររោងចក្រចំនួន២ខ្នងរាបដល់ដីបណ្តាលឲ្យកម្មករសំណង់៤នាក់រងរបួសធ្ងន់បែកក្បាល បាក់ធ្មេញ បាក់ដៃ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ ។ ចំណែក០៣នាក់ផ្សេងទៀត រងរបួសស្រាលបញ្ជូនទៅមន្ទីរពេទ្យបង្អែកជីភូ ដើម្បីព្យាបាល ។

ករណីនេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ។ បើតាមអាជ្ញាធរស្រុកចន្ទ្រាបានឲ្យដឹងថា មានភ្លៀងមួយមេធំ លាយឡំខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្តាលអោយ គ្រោងដែកសាងសង់អាគាររោងចក្រ២ខ្នង (ទទឹង៨១ម៉ែត្រ បណ្ដោយ១៦២ម៉ែត្រ) កំពុងតែសាងសង់ថ្មីដួលរលំខូចខាតទាំងស្រុង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត៣ ក្នុងភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ដែលមានកម្មករសំណង់នៅទីនោះរងរបួស ចំនួន ០៧នាក់ ក្នុងនោះរបួសធ្ងន់ ០៤នាក់ (បាក់ដៃ ២នាក់ របួសបែកក្បាល ២នាក់) របួសស្រាល០៣នាក់ ។

ចំពោះអ្នករបួសធ្ងន់០៤នាក់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង អ្នករងរបួសស្រាល៣នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ។ អគាររោងចក្រដែលកំពុងសាងសង់ថ្មីខូចខាតទាំងស្រុង ជាមួយនេះ ក៏មានខូចខាតរថយន្តក្រឡុកស៊ីម៉ង់៣គ្រឿង ខូចខាតរថយន្តបាញ់បេតុង០១គ្រឿង ខូចខាតរថយន្តម៉ាកតាកូម៉ា០១គ្រឿង ។ និងរឡូកិនដី១គ្រឿង ក្នុងករណីនេះ ពុំមានរងគ្រោះដល់អាយុជីវិតមនុស្សនោះទេ។

ទាក់ទិនករណីនេះដែរ ឯកឧត្តមទិត ខេមរា អគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដីនិងនគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍ថា ក្រុមហ៊ុនម៉ាយ៉ា សាងសង់ដោយពុំទាន់សុំច្បាប់អនុញ្ញាតសាងសង់ទេ ហើយការសាងសង់នេះទៀតសោត គឺសាងសង់ខុសបទដ្ឋានបច្ចេកទេស ទើបបណ្តាលឲ្យរលំបែបនេះ ។

លោកអ៊ុំ វាសនា អនុប្រធានការិយាល័យសំណង់នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តបានឲ្យដឹងថា ការសាងសង់សំណង់ អគាររោងចក្រម៉ាយ៉ានេះ ពុំមានសុំច្បាប់ទេ លោកធ្លាប់បានទទួលបញ្ជាពីលោកប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ឲ្យមកឃាត់ ផ្អាកការសាងសង់ និងសុំឲ្យក្រុមហ៊ុន ម៉ាយ៉ា ទៅធ្វើសំណើរសុំទៅក្រសួង រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ពេលបានច្បាប់អនុញ្ញាតិសាងសង់សឹមបន្តដំណើរការសាងសង់ ក៏ប៉ុន្តែក្រុមហ៊ុនមួយនេះនៅតែសាងសង់ យ៉ាងគគ្លើន។ហើយមិនដឹងថា អ្នកម៉ៅការសាងសង់អគាររោងចក្រនេះជាវិស្វករ មានអាជ្ញាបណ្ណឬក៏អត់ទេ ។

ចំពោះលោកសាម សុវណ្ណនី ប្រធានក្រុមហ៊ុនសាងសង់អគាររោងចក្រម៉ាយ៉ានេះ មិនអាចសុំការបំភ្លឺបានទេ គាត់ឆ្លើយយ៉ាងខ្លីថា «គាត់មិនអាចឆ្លើយអីបានទេ» ។
មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។







ចែករំលែកព័តមាននេះ