រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានអះអាងថា ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពន្ធ នៅឆមាសទី១ឆ្នាំនេះ មានតម្លៃទឹកប្រាក់៦.២២៩លានដុល្លារអាមរិក កើនឡើងជាង១៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ដែលមានទឹកប្រាក់៥.៣៨៦លានដុល្លារអាមេរិក ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ឱក ប៊ុង បានបញ្ជាក់បែបនេះនៅក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ស្តីពីអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល(ជំនាន់ទី២ និងទី៣) និងបើកវគ្គបណ្តុះបណ្តាលអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល (ជំនាន់ទី៤)ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៥ ខែសីហា ម្សិលមិញ ។
លោក ឱក ប៊ុង បានបញ្ជាក់ថា សហភាពអឺរ៉ុប អាមេរិក កាណាដា ជប៉ុន ចិន និងអាស៊ាន គឺជាទីផ្សារដែលស្រូបយកផលិតផលកម្ពុជា រួមមាន សម្លៀកបំពាក់ ស្បែកជើង កាបូប ជ័រកៅស៊ូ អង្ករ ដំឡូងមី និងផលិតផលកសិកម្មផ្សេងៗទៀត ។
អគ្គលខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក កាំង ម៉ូនីកា បានមានប្រសាសន៍ថា ទីផ្សារនាំចេញ និងការបញ្ជាទិញផលិតផលនានានៅតែរក្សាបានកំណើនល្អប្រសើរ ហើយការបោះឆ្នោតដែលបានបញ្ចប់នាពេលថ្មីៗនេះ មិនទាន់មានឥទ្ធិពលដល់ការបញ្ជាទិញនោះទេ ។ លោកថា ៖« ទំនិញនាំចេញសំខាន់ៗពីកម្ពុជា រួមមាន ផលិតផលវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងអង្ករ ជាដើម ហើយទីផ្សារនាំចេញរបស់កម្ពុជា មានដូចជា សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប កាណាដា និងជប៉ុន ជាដើម »។
ប្រធាននាយកដ្ឋាននាំចេញ នាំចូលនៃក្រសួងពាណិជ្ជកម្ម លោក ហូ ស៊ីយ៉ុង បានឲ្យដឹងផងដែរថា ការបញ្ជាទិញ ក៏ដូចជាការនាំចេញរបស់កម្ពុជា នឹងនៅតែល្អប្រសើរថែមទៀត ខណៈប្រទេសកម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ពិសេសស្ថានភាពនយោបាយកម្ពុជានៅតែមានភាពល្អប្រសើរ ។
ក្រសួងពាណិជ្ជកម្ម តាមរយៈវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) បានសហការជាមួយនាយកដ្ឋាននាំចេញ-នាំចូល រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល» ចំនួនបីវគ្គរួចមកហើយ ដោយមានសិក្ខាកាមចូលរួមសរុប១៨០នាក់ ។
តាមរយៈវគ្គបណ្តុះបណ្តាលទាំងនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា មានវឌ្ឍនភាពល្អប្រសើរ ។ ជាក់ស្តែង ទឹកប្រាក់នាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស ក្នុងឆ្នាំ២០១៧មានតម្លៃសរុប១១.១៥៣លានដុល្លារអាមេរិក គឺបានឡើងប្រមាណ១៨% បើធៀបឆ្នាំ២០១៦ ដែលមានទឹកប្រាក់ត្រឹមតែ៩.៤២១លានដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ