រាជធានីភ្នំពេញ ៖ ស្ត្រីខ្មែរសញ្ជាតិស៊ុយអែតម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសារតែក្បាលមីក្រូហ្វូនខារ៉ាអូខេឆ្លងចរន្តឆក់ក្នុងខណៈដែលគាត់ចោមពង់ងូតទឹកបណ្ដើរចាក់ខារ៉ាអូខេច្រៀងលេងបណ្តើរ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១៥ មេសា នៅក្នុងបន្ទាយទ័ពពិសេសឆត្រយោង៩១១ ស្ថិតក្នុងភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ ស្រ្តី រងគ្រោះឈ្មោះបេខស្រីល័ក្ខ អាយុ៣៦ឆ្នាំជាជនជាតិខ្មែរសញ្ជាតិស៊ុយអែត ស្នាក់នៅក្នុងកន្លែងកើតហេតុខាងលើ ហើយបានមកពីប្រទេសស៊ុយអែតចូលមកកម្ពុជាកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២កន្លងទៅនេះ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះខាងលើបានចាក់ខារ៉ាអូខេច្រៀងលេងតែម្នាក់ឯងក្នុងឱកាសចូលឆ្នាំថ្មីថ្ងៃទី២ ។ លុះដល់ពេលកើតហេតុខាងលើ គាត់បានចោមពង់ងូតទឹកបណ្ដើរ និងចាក់ខារ៉ាអូខេបណ្ដើរ ។ ស្រាប់តែដល់បទចម្រៀងដែលគាត់ចូលចិត្តជាងគេ គាត់ក៏ស្ទុះទៅទាញក្បាលមីក្រូហ្វូនមកច្រៀងលេងទាំងខ្លួនសើមជោកផងនោះ ក៏ត្រូវក្បាលមីក្រូហ្វូនដែលឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ប្រភពដដែលបានបន្តថា ក្រោយពីលែងឮសំឡេងច្រៀង អ្នកជិតខាងក៏មានការងឿងឆ្ងល់ហើយបានរត់ទៅមើល ឃើញស្រ្តីរូបនោះដេកដួលដោយដៃកាន់ក្បាលមីក្រូហ្វូនជាប់ និងបានស្លាប់បាត់ទៅហើយ ។ បន្ទាប់មកគេបានបិទកុងតាក់ភ្លើង រួចលើកគាត់ចេញដោយឃើញបាតដៃឆ្វេងរបស់គាត់មានស្នាមឆេះខ្លោចទៀតផង ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ូលិសមូលដ្ឋាន និងប៉ូលិសការិយាល័យបច្ចេកទេសនៃស្នងការដ្ឋានរាជធានីភ្នំពេញបានចុះទៅធ្វើកោសល្យវិច័យតាមជំនាញ ដោយពិនិត្យឃើញថា ក្បាលមីក្រូហ្វូននោះពិតជាឆ្លងចរន្តអគ្គិសនីប្រាកដមែន ។ លទ្ធផលនៃការធ្វើកោសល្យវិច័យបង្ហាញថា ស្រ្តីរូបនោះស្លាប់ដោយសារចរន្តភ្លើងដែលឆ្លងតាមក្បាលមីក្រូហ្វូននោះឆក់មែន ហើយក៏មិនមែនមានការទាក់ទិននឹងអំពើឃាតកម្មនោះទេឡើយ ៕
ចែករំលែកព័តមាននេះ