ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ… អាចចូលកា.ប់​ដើមគ្រញូងតម្លៃរាប់ម៉ឺនដុល្លារ អីក៏​ស្រួល​ម្ល៉េះ?

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ គ្រញូង​មួយ​ដើម​ដែល​គេ​អះអាង​ថា មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​កាន់កាប់​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​នោះ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ចូល​មក​កាប់​ជា​លើក​ទី​២ បើ​កុំ​តែ​បាន​អ្នក​ភូមិ​ឃើញ​ទាន់ កុំ​អី​ឈ្មួញ​ដឹក​យក​ទៅ​លក់បាត់​ទៅ​ហើយ ។ ការ​លួច​កាប់​ដើម​គ្រញូង​នេះ…

ខេត្តសៀមរាប ៖ គ្រញូង​មួយ​ដើម​ដែល​គេ​អះអាង​ថា មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​កាន់កាប់​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​នោះ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ចូល​មក​កាប់​ជា​លើក​ទី​២ បើ​កុំ​តែ​បាន​អ្នក​ភូមិ​ឃើញ​ទាន់ កុំ​អី​ឈ្មួញ​ដឹក​យក​ទៅ​លក់បាត់​ទៅ​ហើយ ។

ការ​លួច​កាប់​ដើម​គ្រញូង​នេះ ​ត្រូវ​បាន​គេ​សង្ស័យ​ថា បើ​ចោរ​ក្នុង​មិន​ឱ្យដៃ ចោរ​ក្រៅ​ក៏​មិន​ហ៊ាន​ដែរ បាន​កើត​ឡើង​នៅ​យប់​ថ្ងៃ​ទី​៨ សីហា ស្ថិត​ក្នុងភូមិ​សាស្ដ្រ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោក​ចក ក្រុង​សៀមរាប ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ជូនដំណឹង​ភ្លាម​ៗ​ទៅ អាជ្ញាធរ​មូលដ្ឋាន​និង​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​អន្តរាគមន៍ និង​ទប់ស្កាត់​មិន​ឱ្យ​មានការ​ដឹក​ជញ្ជូន​ចេញ​បាន ប៉ុន្តែ​បាន​កាប់​ផ្តួល​ទៅ​ហើយ ។

មហាជន​ចោទសួរ​ថា តើ​បាត់​មន្ត្រី​អ​ប្សា​រា​ទៅ​ណា​អស់ ព្រោះ​ពួក​គាត់​នៅ​យាម​២៤​ម៉ោង​លើ​២៤​ម៉ោង ក្នុង​តំបន់​នោះ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ណា​លួច​ធ្វើ​ផ្ទះ​បាន ។ ចុះ​ចោរ​ចូល​មក​លួច​កាត់ឈើ​គ្រញូង​អី​ក៏​ស្រួល​ម្ល៉េះ ម្តេច​ក៏​អត់​មាន​អ្នក​ណា​ម្នាក់​ដឹង​សោះ ។ ទើប​បណ្តោយ​ឱ្យ​មានរឿង​នេះ​កើតឡើង និង​ទីបំផុត​ត្រឹមតែ​ប្រមូល​យក​សាកសព​ដើមឈើ​គ្រញូង​សែង​ដាក់​ឡាន​យក​ទៅ​រក្សា​ទុក​តែ​ប៉ុណ្ណោះ ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ស៊ិ​ន ពិសី បុគ្គលិក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិ​ស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​សម្របសម្រួល​ពី​ភាគី​ពាក់ព័ន្ធ ដើម​គ្រញូង​ដែល​​គេ​លួច​កាប់​នោះ បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​តំបន់​ការពារ​ឧទ្យាន​អង្គរ​នៅ​ថ្ងៃ​ទី​១០ ខែសីហា ។ លោក​រំលឹក​ថា ក្រោយ​ដឹង​ហេតុការណ៍​នៅ​យប់​ថ្ងៃ​ទី​៨ សីហា​នោះ​មក ភាគី​ពាក់ព័ន្ធ​បាន​សហការ​យ៉ាង​យកចិត្តទុកដាក់ ដោយ​បាន​ប្រើ​កម្លាំង​យាមល្បាត​ជាប់​រហូត ព្រោះ​បារម្ភ​ខ្លាច​ក្រុម​ជនខិលខូច​ចូល​មក​ដឹក​ជញ្ជូន​ឈើ​ដែល​កាប់​រួច​ហើយ​នេះ ។

លោក​បាន​បន្ត​ថា គ្រញូង​ដែល​ត្រូវ​គេ​លួច​កាប់​នោះ​មាន​ទំហំ​មិនធំ​ប៉ុន្មាន​ទេ គឺ​មានមុខ​កាត់​ជិត​៤​តឹក និង​បណ្តោយ​ជាង​១០​ម៉ែត្រ ។ លោក​បន្ថែម​ថា ភូមិសាស្ដ្រ​ដែល​ជន​មិន​ស្គាល់​មុខ​លួច​កាប់​នោះ គឺ​ចុះ​ពី​ផ្លូវ​កៅស៊ូ​ប្រមាណ​១០​ម៉ែត្រ​ប៉ុណ្ណោះ តែ​វា​នៅ​ដាច់​ឆ្ងាយ​ពី​ផ្ទះ​អ្នក​ភូមិ​បន្ដិច ណាមួយ​វេលា​យប់​ដែល​គេ​លួច​កាត់​នោះ មាន​ភ្លៀង​ធ្លាក់​ពេញ​មួយ​យប់​ផង​ដែរ ដែល​ជា​ឱកាស​សម្រាប់​ក្រុម​ចោរ​ទាំងនោះ ។

ជុំវិញ​ករណី​ខាងលើ លោក ឡុ​ង កុសល អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​១២ សីហា ថា ករណី​ចោរលួច​កាត់ឈើ​គ្រញូង​នៅ​ក្នុង​តំបន់​អង្គរ​នោះ ក្រោយ​ទទួល​បាន​ដំណឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​ភ្លាម អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​, សមត្ថកិច្ច​នគរបាល​បេ​តិក​ភ័​ណ្ឌ បាន​សម្រេច​ដកហូត ហើយ​កាត់​ជា​កង់​ៗ រួច​ដឹក​ជញ្ជូន​ឈើ​គ្រញូង ដែល​ចោរ​កាប់​ផ្ទួ​ល មក​រក្សា​ទុក​នៅ​ទី​មាន​សុវត្ថិភាព​ហើយ ។ លោក​បាន​បន្ត​ថា បច្ចុប្បន្ន​អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត ដើម្បី​ចាប់​ជនល្មើស​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ឱ្យ​ខាង​តែ​បាន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចោរ​ដែល​ព្រហើន​ហ៊ាន​ចូល​លួច​កាប់​ដើម​គ្រញូង​មាន​តម្លៃ​នៅ​ក្នុង​តំបន់​អង្គរ​គឺជា​លើក​ទី​២​ហើយ ដែល​លើក​ទី​១ បាន​ធ្វើ​ឱ្យ​អគ្គនាយករង​ម្នាក់ និង​មន្ត្រី​ខ្លះ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ក្លាយជា​ជនជាប់ចោទ​រហូត​មានការ​ចោទប្រកាន់​តាម​ផ្លូវច្បាប់ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ផង​ដែរ ។ ឯលើ​ក​ទី​២​នេះ មិនដឹង​ថា​តើ​នរណា​ជា​អ្នក​ទទួលខុសត្រូវ និង​តើ​នរណា​ថ្លើមធំ​ដល់​ម្លុ​ឹ​ង ? ​

អត្ថបទសរសេរ ដោយ