នៅ​ចាំ​បាន​ទេ អ្នក​នាង អ៊ុំ សុវណ្ណ​នី អតីត​តារា​ភាព​យន្ត​ខ្មែរ


រាជធានី​ភ្នំពេញ​ ៖​ ផលិតករ​ភាពយន្ត​នៃ​ប្រទេស​ឆេ​ក គ្រោង​នឹង​អញ្ជើញ​អតីត​តារា​ភាព​យ​ន្ត​ខ្មែរ​អ្នក​នាង ​អ៊ុំ សុវណ្ណ​នី មក​ប្រទេស​កម្ពុជា ដើម្បី​រំលឹក​ឡើង​វិញ​ពី​ស្នាដៃ​ផលិត​ខ្សែភាពយន្ត​រឿង​«​នរក​៩​ជាន់​» ដែល​បាន​ថត​កាលពី​ឆ្នាំ​១៩៨៥ ។

ប្រធាន​ស្តីទី​នៃ​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ​លោក ប៉ុក រក្ស បាន​អះអាង​ថា បន្ទាប់​ពី​បាន​ចូល​ជួប​សម្តែង​ការ​គួ​សមជា​មួយ​លោក​ជំទាវ​រដ្ឋមន្ត្រី​ភឿ​ង ស​កុ​ណា កាល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៨ ផលិតករ​ភាពយន្ត​របស់​ប្រទេស​ឆេ​ក គ្រោង​នឹង​ផលិត​ខ្សែភាពយន្ត​ឯកសារ​ដែល​មានឈ្មោះ​ថា «​ដានជើង​ដែល​គេ​ភ្លេច​»​។ ភាពយន្ត​ឯកសារ​នេះ​គ្រោង​ផលិត​នៅ​កម្ពុជា ជាមួយនឹង​ការ​បង្ហាញ​នូវ​ទីតាំង​មួយ​ចំនួន​ដែល​ជា​សមិទ្ធផល​របស់​ប្រទេស​ឆេ​ក​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​រំលឹក​នៃ​ចំណង​ការទូត​រវាង​ប្រទេស​​ទាំង​ពីរ ។

បើ​តាម​លោក ប៉ុក បូ​រក្ស ភាពយន្ត​ឯកសារ​នេះ​ក៏​នឹង​បង្ហាញ​ពី​ដំណើរការ​នៃ​ការ​ថត​ខ្សែ​ភាពយន្ត​រឿង​«​នរក​៩​ជាន់​» កាលពី​អំឡុង​ឆ្នាំ​១៩៨៥ ដែល​មានការ​ចូលរួម​សម្តែង​ពី​អតីត​តារាភាពយន្ត​ខ្មែរ​អ្នក​នាង​អ៊ុំ សុវណ្ណ​នី ផង​ដែរ ។ ផលិតករ​នៃ​ប្រទេស​ឆេ​ក បាន​ដាក់​សំណើ​ទៅ​កាន់​អ្នក​នាង​អ៊ុំ សុវណ្ណ​នី រួច ហើយ​ៗ​នាង​បាន​ទទួលយក​សំណើរ​នេះ ។

តាម​គម្រោង​ផលិតករ​ឆេ​ក​គ្រោង​នឹង​អញ្ជើញ​អ្នក​នាង​អ៊ុំ សុវណ្ណ​នី និង​តួឯក​ប្រុស​ដែល​ជា​ជនជាតិ​ឆេ​ក​នៅ​ក្នុង​រឿង​«​នរក​៩​ជាន់​» ដើម្បី​មក​សម្ភាសន៍​ស្តី​ពី​អនុស្សាវរីយ៍​នៃ​ការ​ផលិត​ខ្សែភាពយន្ត​នេះ​។ លោក ប៉ុក បូ​រក្ស បាន​ឲ្យ​ដឹង​បន្ថែម​ថា ភាពយន្ត​ឯកសារ​នេះ​នឹង​បង្ហាញ​កា​រវិ​វ​ឌ្ឍ​របស់​ប្រទេស​កម្ពុជា តាំងពី​អំឡុង​ឆ្នាំ​១៩៨៥ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ដោយនៅ​ក្នុង​នោះ​ក៏​បង្ហាញ​ពី​កា​រវិ​វ​ឌ្ឍ​នៃ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​ផង​ដែរ ។

កាលពី​អំឡុង​ពេល​នោះ​ខ្សែភាពយន្ត​រឿង​«​នរក​៩​ជាន់​» ផលិត​ឡើង​បង្ហាញ​ពី​សោកនាដ​កម្ម​ពី​របប​ប៉ុ​ល​ពត ហើយ​ខ្សែ​វី​ដេ​អូ​ឯកសារ​នេះ​នឹង​បង្ហាញ​កា​រវិ​វ​ឌ្ឍ​ថ្មី ក្រោយ​ពី​របប​ដ៏​ខ្មៅ​ងងឹត​នោះ ។ នៅ​ពេល​ដែល​វី​ដេ​អូ​ឯកសារ​បាន​ផលិត​ចប់ វី​ដេ​អូ​នេះ​នឹង​ចាក់​ផ្សាយ​នៅ​ក្នុង​ប្រទេស​ឆេ​ក ដែល​ជា​ប្រទេស​មួយ​នៅ​ក្នុង​ទ្វីប​អឺ​រុ​៉​ប ហើយ​ប្រជាជន​នៅ​ក្នុង​តំបន់​នោះ​នឹង​បានដឹង​ព័ត៌មាន​កាន់តែ​ច្បាស់​ពី​ភាព​រីក​ចម្រើន​នៃ​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុ​ប្បន្ន ក្នុង​ពេល​ដែល​កន្លង​មក​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា​នៅ​ក្នុង​ទ្វីបអឺរ៉ុប​មិន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទូលំទូលាយ​នោះ​ឡើយ ។ ការ​ផ្សព្វផ្សាយ​នូវ​ភាពយន្ត​ឯកសារ​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​ឥទ្ធិពល​ជាមួយនឹង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៅ​ទ្វីប​អ៊ឺ​រ៉ុ​ប និង​នៅ​ក្នុង​ពិភព​លោក​មក​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​។

រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​វប្បធម៌ បាន​ស្នើ​សុំ​ក៏​ដូច​ជា​ការ​លើកទឹកចិត្ត​ទៅ​លើ​ផ្នែក​នានា ដើម្បី​ឲ្យ​ផលិតករ​នៃ​ប្រទេស​ឆេ​កមក​ថត​ខ្សែភាពយន្ត ថ្មី​ៗ​បន្ថែម​ទៀត​ក្នុង​ប្រទេស​កម្ពុជា ។

តារា​ឯក​ស្រី​ក្នុង​រឿង​«​នរក​៩​ជាន់​»​អ្នក​នាង អ៊ុំ សុវណ្ណ​នី បច្ចុប្បន្ន​កំពុង​តែ​រស់នៅ​ក្នុង​ទី​ក្រុង​ឡុ​ង​ប៊ិ​ច សហរដ្ឋអាមេរិក ជាមួយនឹង​កូនប្រុស​ស្រី​របស់​អ្នក​នាង​ចំនួន​៣​នាក់ និង​ម្តាយ​ចាស់ជរា​ផង​ដែរ ។ បើ​ទោះបីជា​បាន​ចាក​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា និង​ឃ្លាតឆ្ងាយ​ពី​ការ​សម្តែង​ភាពយន្ត​ក៏​ដោយ ប៉ុន្តែ​នៅ​លើ​ទឹកដី​ថ្មី​ដែល​អ្នក​នាង​សុវណ្ណ​នី​កំពុង​តែ​ផ្ញើ​វាស​នានា​ពេល​បច្ចុប្បន្ន អ្នក​នាង​ហាក់​ទៅ​ណា​មិន​ឆ្ងាយ​ពី​សិល្បៈ​ទេ ពោល​គេ​តែងតែ​ឃើញ​វត្តមាន​នៃ​ការ​រាំច្រៀង​របស់​អ្នក​នាង​ជាមួយ​អតីត​តារាភាពយន្ត​លោក​យស បូ​វណ្ណៈ ជា រឿយ​ៗ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ