ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​កើនឡើង​ជិត​89%​ក្នុង​រយៈពេល​5​ខែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំណើន​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​ចិន​បាន​ធ្វើ​ឲ្យ​វិស័យ​អាកាសចរណ៍​នៅ​ខេត្ត​ព្រះ​សីហ​នុ​កើនឡើង​ជិត​៨៩%​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វ​ណ្ឌី…

រាជធានី​ភ្នំពេញ ៖ កំណើន​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​ចិន​បាន​ធ្វើ​ឲ្យ​វិស័យ​អាកាសចរណ៍​នៅ​ខេត្ត​ព្រះ​សីហ​នុ​កើនឡើង​ជិត​៨៩%​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វ​ណ្ឌី បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​៦ សីហា ម្សិលមិញ​ថា អាកាសចរណ៍​ជា​ច្រើន​បាន​ភ្ជាប់​ជើងហោះហើរ​ទៅ​កាន់​ព្រ​លាន​យន្តហោះ​កងកេង ខេត្ត​ព្រះ​សីហ​នុ ពិសេស​ក្រុមហ៊ុន​អាកាសចរណ៍​មក​ពី​ប្រទេស​ចិន ។ លោក​បន្ត​ថា ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ តាម​តួលេខ​ដែល​លោក​ទទួល​បាន គឺ​ចំនួន​អាកាសចរណ៍​ចុះឡើង​ព្រ​លាន​យន្តហោះ​នេះ បាន​កើនឡើង​រហូត​ដល់​៨៨,៩% ។ លោក​បន្ត​ថា ៖« កំណើន​អាកាសចរណ៍​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​របស់​កម្ពុជា ពិសេស​កំណើន​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ចិន » ។  លោក​បន្ត​ថា ៖« កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ពិសេស​ភ្ញៀវ​ទេសចរ​ចិន​បាន​ធ្វើ​ឲ្យ​ចំនួន​បន្ទប់​សណ្ឋាគារ​ក្នុង​ក្រុងព្រះសីហនុ កើន​ឡើងជា​ប្រចាំ​ផង​ដែរ » ។

យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍ រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​២.៥៩៣.៨៤៧​នាក់ កើនឡើង​១៣,៥% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ ។ ក្នុង​នោះ ភ្ញៀវ​ចិន​មាន​ចំនួន​៧៨៨.៣៨៧​នាក់ ស្មើនឹង​៣០,៤១%​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប កើនឡើង​៧៨,៧% ។

លោក តាំង សុចិត្រ​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា លោក​កំពុង​សិក្សា​ពី​តួលេខ​នេះ​ឡើង​វិញ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ចំនួន​អាកាសចរណ៍​ពិតជា​កើនឡើង​ដូច​តួលេខ​ពិត​ឬ​យ៉ាងណា ប៉ុន្តែ​តាម​អ្វី​ដែល​លោក​ដឹង គឺ​អាកាសចរណ៍​ជាង​៥០០​ជើង​បាន​ចុះ​ឡើងជា​ប្រចាំ​ក្នុង​១​ស​ប្តា​ហ៍ នៅ​ព្រ​លាន​យន្តហោះ​ក្នុង​ខេត្ត​នេះ ។ លោក​បន្ត​ថា ៖« បើសិនជា​មើល​ពី​កំណើន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ក្នុង​ខេត្ត​បាន​កើនឡើង​ច្រើន និង​ធ្វើ​ឲ្យ​បន្ទប់​សណ្ឋាគារ​ខ្វះខាត​ជា​ប្រចាំ ពិសេស​ថ្ងៃ​ចុង​ស​ប្តា​ហ៍ និង​ថ្ងៃ​បុណ្យ​ទាន​ធំ​ៗ »​។

លោក​បន្ត​ថា ៖« តាម​កំណើន​ភ្ញៀវ​ទេសចរ និង​កំណើន​យន្តហោះ​ចុះ​ចត ហាក់​មាន​ភាព​ខុស​គ្នា ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​សន្និដ្ឋាន​បែប​ណា​នៅឡើយ​ទេ » ។ លោក​បន្ត​ថា ជាមួយនឹង​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ចិន និង​ទេសចរ​អន្តរជាតិ​ដទៃ​ទៀត នឹង​ធ្វើ​ឲ្យ​បន្ទប់​សណ្ឋាគារ​នៅ​តែ​ខ្វះខាត ទោះជា​ចុងឆ្នាំ​នេះ​មាន​សណ្ឋាគារ​ធំ​ៗ​ចំនួន​៥ ដែល​មាន​បន្ទប់​ជាង​២​ពាន់​បាន​បើក​ដំណើរការ​ក្តី ក៏​ខេត្ត​នេះ​នឹង​នៅ​តែ​ខ្វះ​បន្ទប់ ។ លោក​បន្ថែម​ថា នៅ​ឆ្នាំ​២០១៩​ខាង​មុខ លោក​គិត​ថា ចំនួន​អាកាសចរណ៍​មក​ចុះ​ចត​នៅ​ព្រ​លាន​នេះនឹង​កើនឡើង​ថែម​ទៀត ។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ប៉ុន្តែ​បើ​តាម​របាយការណ៍​ក្រសួងទេសចរណ៍ ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៥៥.៩៤៧​នាក់ ស្មើនឹង​២,២%​នៃ​ចំនួន​ទេសចរ​អន្តរជាតិ​សរុប កើនឡើង​៨៨,៩% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ