រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៨នេះ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា នៅតែមានចំនួនកើនឡើងជាងពីរខ្ទង់ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៧ ។ ក្នុងនោះ ភ្ញៀវចិនឈរលំដាប់ថ្នាក់លេខ១ ក្នុងកំណើន៧៨,៧% ។ នេះបើយោងតាមរបាយការណ៍ក្រសួងទេសចរណ៍ ដែលកោះសន្ដិភាព ទើបទទួលបាន ។
តាមតួលេខជាក់ស្តែងនៅក្នុងរបាយការណ៍បានបង្ហាញថា រយៈពេល៥ខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន២.៥៩៣.៨៤៧នាក់ កើនឡើង១៣,៥% បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ២០១៧ ។ ក្នុងនោះ ភ្ញៀវចិនមានចំនួន៧៨៨.៣៨៧នាក់ ស្មើនឹង៣០,៤១%នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប កើនឡើង៧៨,៧% តាមពីក្រោយដោយភ្ញៀវវៀតណាម មានចំនួន៣២៣.៨៩៥នាក់ ស្មើនឹង១២,៥%នៃចំនួនភ្ញៀវសរុប ថយចុះ២,៥%ឈរលំដាប់ថ្នាក់លេខ២ និងចំណាត់ថ្នាក់លេខ៣ គឺភ្ញៀវទេសចរឡាវ មានចំនួន១៧៧.៦៩៩នាក់ ស្មើនឹង៦,៩%នៃចំនួនសរុប ថយចុះ៣,២% ។
ចំពោះប្រភពទីផ្សារទេសចរណ៍សំខាន់ៗមកកម្ពុជា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៨នេះ ដែរ គឺមានដូចជា ភ្ញៀវទេសចរមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក មានចំនួន២.០០៩.៩០២នាក់ ស្មើនឹង៧៧,៥%នៃចំនួនសរុប កើនឡើង១៩,៤% ក្នុងនោះមកពីតំបន់អាស៊ាន មាន៨០៧.២៧៧នាក់ស្មើនឹង៣១,១%នៃចំនួនសរុប ថយចុះ៥,៩% ។ ចំណែកភ្ញៀវទេសចរមកពីតំបន់អឺរ៉ុបមានចំនួន៣៩៩.៧៦៣នាក់ ស្មើនឹង១៥,៤%នៃចំនួនសរុប ថយចុះ៥,៩% ខណៈភ្ញៀវទេសចរមកពីតំបន់អាមេរិកមានចំនួន១៧៧.២៣២នាក់ ស្មើនឹង៦,៨%នៃចំនួនសរុប ថយចុះប្រមាណ៣,៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៧ ។
របាយការណ៍ក៏បានបង្ហាញឲ្យឃើញផងដែរនូវចំនួនទេសចរអន្តរជាតិ ដែលបានទៅទស្សនាតំបន់អាទិភាពសំខាន់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះតំបន់ភ្នំពេញទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន១.៣៨៧.៦៤៩នាក់ ស្មើនឹង៤៥,៦%នៃចំនួនសរុប កើនឡើង១៦,៤% ។ តំបន់សៀមរាបអង្គរទទួលបានចំនួន១.២០៦.៦៣៦នាក់ ស្មើនឹង៣៩,៦% នៃចំនួនសរុប កើនឡើង១០,៤% ខណៈដែលតំបន់ឆ្នេរសមុទ្រមានចំនួន៤១៥.៥៨៣នាក់ ស្មើនឹង១៣,៦%នៃចំនួនសរុប កើនឡើង២២,៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៧ ។
ចំពោះភ្ញៀវទេសចរអន្តរជាតិដែលទៅទស្សនាតំបន់អេកូទេសចរណ៍ភូមិភាគឦសានមានចំនួន៣៥.៥៨៦នាក់ កើនឡើង៥,៥% ហើយតំបន់ព្រះវិហារទទួលបានភ្ញៀវទេសចរ អន្តរជាតិចំនួន២៨.០៦៤នាក់ ថយចុះ៥,១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧កន្លងទៅ ។ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានឲ្យដឹងកន្លងមកថា វិស័យនេះមិនបានរងផលប៉ះពាល់ទេ ដោយសារយើងឃើញកំណើនភ្ញៀវអន្តរជាតិនៅតែបន្តកើនឡើង និងមិនមានការលុបកញ្ចប់ទស្សនកិច្ចណាមួយនោះទេ ។ លោកស្រីបន្តថា ការកើនឡើងនូវចំនួនភ្ញៀវទេសចរ គឺឆ្លុះបញ្ចាំងពីទំនុកចិត្ត ដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយដែលកម្ពុជាសម្រេចបាន ។ លោកស្រីបន្តថា ៖« យើងនៅតែមានសុទិដ្ឋិនិយមចំពោះទីផ្សារនេះ ហើយយើងឃើញទីផ្សារកម្ពុជានៅតែមានភាពទាក់ទាញ » ។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បានមានប្រសាសន៍ដែរថា ភ្ញៀវទេសចរមកពីបណ្តាប្រទេសក្នុងតំបន់នៅតែបន្តកើនឡើងល្អប្រសើរ បើទោះជាភ្ញៀវមកពីអាមេរិក និងអឺរ៉ុបមួយចំនួនមានសញ្ញាទ្រឹងក្តី ឬថយចុះតិចតួចក្ដី ប៉ុន្តែជារួម គឺលំហូរភ្ញៀវអន្តរជាតិនៅតែបន្តកើនឡើង ។
លោកបន្តថា ៖« អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ គឺភ្ញៀវអន្តរជាតិហាក់មិនបានសួរនាំពីស្ថានភាពនៅកម្ពុជាច្រើនទេ មានន័យថា ពួកគេជឿជាក់លើស្ថិរភាព និងសុខសន្តិភាពរបស់កម្ពុជា » ។
អ្នកនៅក្នុងផ្នែកសេវាបដិសណ្ឋារកិច្ច បានសម្តែងនូវសុទិដ្ឋិនិយមក្នុងវិស័យនេះដូចគ្នា ទន្ទឹមនឹងកំណើននៃការកក់បន្ទប់ ដោយសារការមកដល់របស់ភ្ញៀវអន្តរជាតិ ។
កញ្ញា ម៉ឹង ប៊ុណ្ណារី ជំនួយការផ្នែកលក់នៅសណ្ឋាគារហ៊ីម៉ាវ៉ារី បានឲ្យដឹងថា កំណើនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាបានកើនឡើងគួរឲ្យកត់សម្គាល់ ហើយចំនួនភ្ញៀវទេសចរដែលបានកក់ និងទទួលសេវានៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ដែរ ។ កញ្ញាថា ៖« ចំនួនភ្ញៀវទេសចរអន្តរជាតិបានកើនឡើងច្រើននៅឆ្នាំនេះ បើធៀបនឹងឆ្នាំ២០១៧កន្លងមក » ។ នៅក្នុងរបាយការណ៍ក្រសួងទេសចរណ៍ក៏បានរំលេចពីពលរដ្ឋខ្មែរចេញទៅកម្សាន្ដនៅក្រៅប្រទេសមានសញ្ញាកើនឡើងផងដែរ ដែលឆ្លុះបញ្ចាំងពីនិន្នាការធ្វើដំណើរក្រៅប្រទេសកាន់តែច្រើនឡើងជាលំដាប់ ។ ជាក់ស្ដែង ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៨នេះ មានចំនួន៨១១.០៦៤នាក់ កើនឡើង១៥,៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ