ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អភិវឌ្ឍ​អចលនទ្រព្យ​កំពុង​ងាក​ទៅ​ខេត្តកំពត​-​កែប​បណ្ដើរ​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់មាត់​សមុទ្រ ត្រូវ​បាន​គេ​មើលឃើញ​ថា ហាក់​មាន​សន្ទុះ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​បើក​ឲ្យ​មានការ​វិនិយោគ​ថ្មី​ៗ​បន្ថែម​នៅ​តាម​តំបន់​ទាំងនោះ ជា​ពិសេស ខេត្ត​ព្រះ​សីហ​នុ ដែល​នឹង​ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​ទី​២ បន្ទាប់​ពី​រាជ​ធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់មាត់​សមុទ្រ ត្រូវ​បាន​គេ​មើលឃើញ​ថា ហាក់​មាន​សន្ទុះ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​បើក​ឲ្យ​មានការ​វិនិយោគ​ថ្មី​ៗ​បន្ថែម​នៅ​តាម​តំបន់​ទាំងនោះ ជា​ពិសេស ខេត្ត​ព្រះ​សីហ​នុ ដែល​នឹង​ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​ទី​២ បន្ទាប់​ពី​រាជ​ធានី​ភ្នំពេញ ។

បច្ចុប្បន្ន កំពត និង​កែប ដែល​ជា​ខេត្ត​ជាប់​សមុទ្រ​ផង​ដែរ​នោះ ក៏​បាន​ចាប់ផ្ដើម​មាន​សន្ទុះ​គួរ​ឲ្យ​កត់សម្គាល់​ដែរ ដោយ​ជំហាន​ដំបូង គេ​ឃើញ​មាន​សកម្មភាព​ទិញ​-​លក់​ដីធ្លី​យ៉ាង​មមាញឹក ។ ទន្ទឹម​នឹង​នេះ តម្លៃ​ដីធ្លី​នៅ​តំបន់​សក្ដានុពល​មួយ​ចំនួន​ដូច​ជា តំបន់ឆ្នេរ និង​តាម​ដងព្រែក​កំពត ក៏​ងើបឡើង​ខ្លាំង​ផង​ដែរ ។

បើ​តាម​អ្នក​វាយតម្លៃ​អចលនទ្រព្យ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​អភិវឌ្ឍ​តំបន់​ណាមួយ គឺ​ដើរទៅ​តាម​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​។ ជាក់ស្ដែង បច្ចុប្បន្ន គម្រោង​អភិ​វឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្តកំពត ក៏​កំពុង​តែ​ចាប់ផ្ដើម​ពង្រីក​បន្ថែម​ទៀត ដើម្បី​ឲ្យ​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ទំនិញ​ទៅ​មក​ភ្នំពេញ​-​កំពត កាន់តែ​ងាយស្រួល​។ ជាមួយ​គ្នា​នេះ គម្រោង​ធំ​ៗ​របស់​វិស័យ​ឯកជន​ជា​ច្រើន ក៏​កំពុង​មាន​ផែនការអភិវឌ្ឍន៍​ដែរ​ដូច​ជា កំពង់​ផែ​ទឹក​ជ្រៅ​, គម្រោង​អភិវឌ្ឍន៍ French Riviera Marina របស់​ក្រុមហ៊ុន Pallas Group ដែល​បាន​ប្រកាស​នា​ឆ្នាំ​កន្លង​មក ជាដើម ។

បើ​តាម​លោក សុខ គែន អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​មួយ​រូប​ប្រចាំ​ខេត្តកំពត បាន​និយាយ​ថា បច្ចុប្បន្ន​នេះ វិនិយោគិន​ជា​ច្រើន​បាន​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​ក្នុង​ខេត្តកំពត និង​បាន​ស្វែងរក​ការ​ទិញ​ដី​សម្រាប់​ត្រៀម​វិនិយោគ​គម្រោង​របស់​ខ្លួន ។ លោក​ថា ៖« កត្តា​ទាំងនេះ​ហើយ ដែល​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​ក្នុង​ខេត្តកំពត និង​ខេត្ត​កែប កើន​ឡើង​ជា​បន្តបន្ទាប់ ជា​ពិសេស ដីធ្លី​នៅ​តំបន់​ដែល​មាន​សក្ដានុពល​ខ្ពស់ » ។

លោក​បន្ត​ថា វិនិយោគិន​ដែល​បាន​មក​ទិញ​ដីធ្លី​នៅ​ក្នុង​ខេត្តកំពត​មួយ​ភាគ​ធំ គឺ​សម្រាប់​ទុក​អភិវឌ្ឍន៍​ជា​រមណីយដ្ឋាន​, រី​សត និង​ផ្ទះ​លំហែកាយ ជាដើម ពីព្រោះ​ខេត្តកំពត​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​ដ៏​ទាក់ទាញ ហើយ​មាន​សក្ដានុពល​ច្រើន​ទៀត ដែល​វិនិយោគិន​អាច​វិនិយោគ​នៅ​ក្នុង​ខេត្ត​មាត់សមុទ្រ​មួយ​នេះ ។

អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ លោក វ៉ា វី​រៈ បាន​ថ្លែង​កន្លង​មក​ថា ខេត្តកំពត​កំពុង​មាន​សន្ទុះ​ខ្លាំង​ទាំង​វិស័យ​ទេសចរណ៍ និង​អចលនទ្រព្យ ។

លោក​បន្ដ​ថា ៖« កំពត​ជា​កន្លែង​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ ព្រោះ​មាន​ដងព្រែក​យ៉ាង​ស្រស់​ស្អាត និង​ភ្នំ​បូកគោ ដែល​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ខ្លាំង​ជាងគេ ហើយ​ភ្ញៀវ​ទេសចរ​នឹង​កាន់តែ​ចូល​មក​ទស្សនា​ច្រើន​ថែម​ទៀត ស្រប​ពេល​យើង​មាន​ផ្លូវ​ល្បឿន​លឿន​ងាយស្រួល​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត » ។

បើ​តាម​លោក ជាវ តា​យ អភិបាល​ខេត្តកំពត ក៏​បាន​មាន​ប្រសាសន៍​ជា​សាធារណៈ​ទៅ​កាន់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​ថា ពេល​នេះ តម្លៃ​ដីធ្លី​ខេត្តកំពត​កំពុង​តែ​ឡើងថ្លៃ ហើយ​ក៏​បាន​ប្រាប់​ទៅ​ពលរដ្ឋ​ថា គួរ​កុំ​ទាន់​លក់​ដី​នៅ​ពេល​នេះ ដោយ​រង់ចាំ​បន្តិចទៀត​សិន ហើយ​លោក​ជឿ​ថា តម្លៃ​ធ្លី​នៅ​ខេត្តកំពត​នឹង​បន្ត​ឡើងថ្លៃ​បន្ថែម​ទៀត ស្រប​ពេល​បណ្ដា​វិនិយោគិន​ជា​ច្រើន​ទាំង​ក្នុង និង​ក្រៅ​ស្រុក កំពុង​តែ​សម្លឹង​មក​កាន់​ខេត្តកំពត ។

ចំណែក​លោក ជា គុយ ម្ចាស់​ក្រុមហ៊ុន​លក់​ដី​ឡូត៍​មួយ​រូប​នៅ​ភ្នំពេញ ក៏​បាន​មើលឃើញ​ពី​សក្ដានុពល​នៃ​វិស័យ​ដីធ្លី​នៅ​ក្នុង​ខេត្តកំពត និង​កែប​នេះ​ផង​ដែរ ហើយ​លោក​បាន​ទិញ និង​កំពុង​ដើរ​រក​ទិញ​ដី​បន្ថែម​ទៀត​នៅ​តំបន់​ទាំង​ពីរ ដើម្បី​វិនិយោគ​ពុះ​ជា​ដី​ឡូត៍​លក់​នៅ​ពេល​អនាគត ។

លោក ជា គុយ បន្ដ​ថា ៖« ខ្ញុំ​មើលឃើញ​ថា ដីធ្លី​នៅ​ខេត្ត​ទាំង​ពីរ​នេះ​នា​ពេល​បច្ចុប្បន្ន​នៅ​មាន​តម្លៃ​សមរម្យ ក៏​ប៉ុន្តែ​នៅ​ពេល​អនាគត តម្លៃ​នេះ​មិន​នៅ​ត្រឹមហ្នឹង​ទេ វា​នឹង​បន្ត​ងើប​ឡើង​ថែម​ទៀត ព្រោះ​មនុស្ស​ចេះ​តែ​កើន តែ​ដី​មិន​កើន​ទេ ។ ដូចនេះ ក្នុង​១​ឆ្នាំ​ៗ តម្រូវការ​ប្រើប្រាស់​ដីធ្លី​សម្រាប់​សង់ផ្ទះ ឬ​ធ្វើ​អ្វីមួយ​នោះ កាន់តែ​ច្រើន​ទៅ​តាម​កំណើនប្រជា​ជន»។

សន្ទុះ​ទីផ្សារ​អចលនទ្រព្យ​នៅ​ខេត្ត​ទាំង​ពីរ​នេះ​ចាប់ផ្ដើម​កម្រើក​ឡើង គឺ​បន្ទាប់​ពី​តម្លៃ​ដីធ្លី និង​ការ​អភិវឌ្ឍ​វិស័យ​សំណង់​នៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឈាន​ដល់​ចំណុច​ខ្ពស់​ទៅ​ហើយ។

ម្យ៉ាងទៀត កែប​និង​កំពត​ក៏​ជា​ខេត្ត​ដែល​មាន​សក្ដានុពល​ច្រើន​មិន​ចាញ់​ខេត្ត​ព្រះ​សីហ​នុ​ដែរ គ្រាន់តែ​ការ​អភិវឌ្ឍ​មាន​សភាព​យឺតយ៉ាវ​ជាង​បន្ដិច​ប៉ុណ្ណោះ​។ សម្រាប់​ចក្ខុវិស័យ​នៅ​ពេល​អនាគត ខេត្ត​ជាប់មាត់​សមុទ្រ​ទាំង​ពីរ​នេះ នឹង​មានការ​រីក​ចម្រើន​ខ្លាំង ពិសេស​បន្ទាប់​​​ពី​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​មួយ​ចំនួន​ត្រូវ​បាន​ស្ថាបនា និង​សាងសង់​រួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ