ខេត្តព្រះសីហនុចាប់ផ្ដើមរំលេចអគារខ្ពស់ៗនៅតំបន់មាត់សមុទ្រ
- ព្រះសីហនុ
រាជធានីភ្នំពេញ ៖ គម្រោងសាងសង់អគារខ្ពស់ៗនៅមាត់សមុទ្រក្នុងទឹកដីខេត្តព្រះសីហនុ បានចាប់ផ្ដើមលេចរូបរាងជាបណ្ដើរៗហើយ ខណៈគម្រោងមួយចំនួនទៀតបានប្រកាសសាងសង់ជាបន្ដបន្ទាប់ ដែលនឹងធ្វើឲ្យខេត្តមួយនេះកាន់តែមានសក្ដានុពលទាក់ទាញការវិនិយោគ និងទេសចរណ៍ថែមមួយកម្រិតទៀត ។ ការរីកចម្រើននេះ ដោយសារតែគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា, គោលនយោបាយផ្លូវមួយ ខ្សែក្រវាត់មួយ និងគោលនយោបាយផ្លូវសូត្រសមុទ្ររបស់ចិន ដែលកំពុងទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរជនជាតិចិនយ៉ាងច្រើន ។

លោកបន្ដថា ៖« ការបណ្តាក់ទុនផ្ទាល់ពីអន្តរជាតិជាច្រើននៅក្រុងនេះកំពុងតែផ្លាស់ប្តូរមុខមាត់ថ្មី តាមរយៈការអភិវឌ្ឍទៅជាទីក្រុងអន្ដរជាតិ ដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត, សណ្ឋាគារលំដាប់ផ្កាយ, មជ្ឈមណ្ឌលទិញទំនិញ, តំបន់កម្សាន្តលំដាប់កំពូល និងភោជនីយដ្ឋានអាហារល្បីៗ ជាដើម ដែលបាននិងកំពុងប្រមូលផ្តុំនៅទីក្រុងមួយនេះ ធ្វើឲ្យក្លាយជាទីក្រុងគោលដៅទេសចរណ៍ដ៏ពេញនិយមនៅតំបន់អាស៊ីអាគ្នេយ៍ » ។
អភិបាលខេត្ដព្រះសីហនុ លោក យន្ដ មីន បានថ្លែងកាលពីអំឡុងដើមខែកក្កដា កន្លងមកថា រយៈពេលប៉ុន្មានឆ្នាំនេះ ពិសេសគឺចុងឆ្នាំ២០១៧ ដើមឆ្នាំ២០១៨ អ្នកវិនិយោគជាតិ-អន្ដរជាតិចូលមកសិក្សាស្វែងរកឱកាសវិនិយោគ និងដាក់ទុនរកស៊ីជាបន្ដបន្ទាប់លើវិស័យនានា ដូចជា ឧស្សាហកម្មទេសចរណ៍ ក្នុងនោះវិស័យសំណង់ បានបង្ហាញរូបរាងលេចធ្លោច្រើនជាងគេ ទាំងតូច ទាំងធំនៅពាសពេញខេត្ដ ដែលមានអគារធំៗ ខ្ពស់ៗរាប់សិបជាន់ ។

ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិតសុក ស៊ីផាន់ណា បានថ្លែងថា ខេត្តព្រះសីហនុ នឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី២នៅពេលដ៏ខ្លីខាងមុខនេះ ដោយសារខេត្តនេះមានសក្តានុពលយ៉ាងខ្លាំង ដែលបាននិងកំពុងទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ និងអន្តរជាតិ ។ ខេត្តនេះមានសក្តានុពលដោយសារមានព្រលានយន្តហោះអន្តរជាតិ, កំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា, ផ្លូវរថភ្លើង និងមានផ្លូវគោក ពិសេសគម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនេះនាពេលខាងមុខ ។
រាជរដ្ឋាភិបាលបានកំណត់យុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ តាមរយៈគោលនយោបាយឆ្នាំ២០១៧-២០២៥ នឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង គ្រប់គ្រងដោយរដ្ឋបាលពិសេស ។ ទន្ទឹមនឹងនេះ ខេត្តព្រះសីហនុ នឹងបង្កើតក្រុងមួយទៀត គឺក្រុងកោះរ៉ុង ក្នុងទិសដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ។

យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ដព្រះសីហនុ បានបង្ហាញឲ្យឃើញថា សំណង់តូចធំក្នុងឆ្នាំ២០១៧ មានការកើនឡើងច្រើន ជាលទ្ធផលជិត៣០% ធៀបទៅនឹងឆ្នាំមុន ។ ជាមួយគ្នានឹងការកើនឡើងនៃសំណង់នេះដែរ ក៏ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថានផងដែរ ដោយសារម្ចាស់ការដ្ឋានមួយចំនួនមិនបានស្ដាប់ធ្វើតាមការណែនាំរបស់សមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរខេត្ដ ដោយនៅបន្ដសាងសង់ខ្វះលក្ខណៈបច្ចេកទេស ដូចជា ការដ្ឋានគ្មានរបងបិទបាំង និងយកចិញ្ចើមផ្លូវដាក់សម្ភារៈសំណង់ ជាដើម ៕
ចែករំលែកព័តមាននេះ