ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មោះ​ភ្នំ​អ្វីខ្លះ​…នៅ​ក្នុង​អាណាចក្រ​ខេត្ត​កំពង់ស្ពឺ​?

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ខេត្តកំពង់ស្ពឺ​ ជា​ខេត្ត​មួយ​មាន​ភ្នំ​ច្រើន​ណាស់ រាប់​មិន​អស់​ទេ ព្រោះ​ភ្នំ​ខ្លះ ​គ្មាន​អ្នក​ស្គាល់ គ្មាន​អ្នក​​កត់ត្រា​ជា​ឯកសារ ។ ជួរ​ភ្នំ​ជា​ច្រើន…

ខេត្តកំពង់ស្ពឺ ៖ ខេត្តកំពង់ស្ពឺ​ ជា​ខេត្ត​មួយ​មាន​ភ្នំ​ច្រើន​ណាស់ រាប់​មិន​អស់​ទេ ព្រោះ​ភ្នំ​ខ្លះ ​គ្មាន​អ្នក​ស្គាល់ គ្មាន​អ្នក​​កត់ត្រា​ជា​ឯកសារ ។ ជួរ​ភ្នំ​ជា​ច្រើន ដែល​ភ្នំ​ទាំងនោះ ​មាន​ភាព​ស្រស់បំព្រង មើលទៅ​គួរ​ឱ្យ​គយគន់​ទាក់​ទាញ​អារម្មណ៍​អ្នកទស្សនា ។ ព្រៃឈើ​ដ៏​ខៀវស្រងាត់​នៅ​លើ​ភ្នំ​ដែល​ភ្នំ​ខ្លះ​ទាប​ខ្លះ​ខ្ពស់ មាន​កំពូល​ជាប់​គ្នា​រដឹក​វែង​​អន្លាយ ។ ភ្នំ​ខ្លះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​មួយ​ផ្នែក​របស់​ប្រជា​សហគមន៍ ។ ភ្នំ​ខ្លះ​រងា​ឯកោ​គ្មាន​អ្នក​គ្រប់​​គ្រង អភិរក្ស​ទេ ជា​ពិសេស​គ្មាន​ការ​ស្រាវជ្រាវ​ជា​ផ្លូវការ​ឡើយ ។

ខេត្តកំពង់ស្ពឺ ក្រៅពី​មានឈ្មោះ​ជា​ខេត្ត​ល្បីល្បាញ​ ក្នុង​ការ​ផលិត​ស្ករត្នោត ដែល​មានគុណ​ភាពល្អ​បំផុត​នៅ​ក្នុង​ប្រទេស ខេត្ត​នេះ​ក៏​ផលិត​ទឹកត្នោតជូរ និង​ស្រា​ទឹកត្នោត ​មានគុណ​ភាព​ផង​ដែរ ។ ជា​ពិសេស​ គឺ​ភ្នំ​ឱ​រ៉ា​ល់​ជា​​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​​ក្នុង​ខេត្ត ភ្នំ​នេះ​ មា​នទី​តាំងនៅ​ស្រុក​ឱ​រ៉ា​ល់ មាន​ព្រំដែន​ជាប់​ខេត្ត កោះកុង ពោធិ៍សាត់ និង​កំពង់ឆ្នាំង ដែល​ក្នុង​សម័យ​សង្គ្រាម​​ជា​សំបុក​ធំ​របស់​ពួក​ឧទ្ទាម​ខ្មែរក្រហម​ក្បាលរឹង ។

ចូល​មក​ដល់​សម័យនេះ​ ជា​តំបន់​សម្បូរ​ដោយ​ព្រៃឈើ​ ត្រូវ​គេ​កាប់​ឈើ​ចង់​អស់ហើយ ។ បើ​និយាយ​ពី​កំពង់​ស្ពឺ គេ​អាច​និយាយ​បាន​ថា «​ខ្ញុំ​ជា​អ្នក​ស្ពឺ​ ក៏​បាន​» ព្រោះ​ជា​ទម្លាប់​និយាយ​ទៅ​ហើយ ។ ហើយ​ក៏​ជា​ខេត្ត​ដែល​ងាយ​​ស្គាល់​បំផុត ព្រោះ​ខេត្ត​នេះ ​ស្ថិត​នៅ​ភាគ​ខាងលិច​ជាប់​រាជធានី​ភ្នំពេញ និង​ជា​ខេត្ត​សម្បូរ​ទៅ​ដោយ​ជួរ​ភ្នំ​ជា​ច្រើន​មិន​ចាញ់​ខេត្ត​នានា​នោះ​ឡើយ ។

ក្នុង​ចំណោម​ភ្នំ​ទាំងនោះ នៅ​មាន​ភ្នំ​ដែល​ជា​រមណីយដ្ឋាន​ប្រ​វិត្ត​សាស្ត្រ​ផង និង​បុរាណវិទ្យា​ផង ។ ក្រៅពី​នោះ​នៅ​មាន​កន្លែង​កម្សាន្ត​មួយ​ចំនួន​ទៀត ​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង ដូច​ជា​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រឹត​កុសុមៈ​ឬ​គិរី​រម្យ​ទឹកធ្លាក់​ចំបក់ អំពែ​ភ្នំ និង​ភ្នំ​ព្រៃ​ខ្មែរ ។ ហើយ​ថ្មី​ៗ​នេះ​ កន្លែង​កម្សាន្ត​ពេញ​និយម​មួយទៀត​ គឺ​ទឹកធ្លាក់​ជ្រាវ ភ្នំ​ចាស់ និង​ភ្នំ​ព្រះ ។ ដោយឡែក​ ភ្នំ​ស្រង់​ជា​ភ្នំ​ដែល​មាន​វត្ត​អារាម​ច្រើន​ជាង​ភ្នំ​នានា​ក្នុង​ខេត្ត ។

ខេត្តកំពង់ស្ពឺ​មានស្រុក​៧​ និង​ក្រុង​១៖
ស្រុក​ភ្នំស្រួច ៖ ជា​ស្រុក​មួយ​សម្បូរ​ទៅ​ដោយ​ជួរ​ភ្នំ​ជា​ច្រើន គឺ​ភ្នំ​ធ្នុ​ក​, ភ្នំ​លាក់​, ភ្នំ​ជ្រោះ​ដំបង​, ភ្នំ​៥៥៣ (​ជា​បណ្តុំ​ភ្នំ​ជា​ច្រើន​ស្អេកស្កះ​) ភ្នំ​ក្រឡា​បឹង​, ភ្នំ​ពោធិ​, ភ្នំ​ដី​ច្រាំ​, ភ្នំ​ត្រពាំង​ក្រឡឹង (​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ហៅ​ថា​
ភ្នំ​ព្រាប​អុ​ិ​ន​ត្រពាំង​ក្រឡឹង​) ដែល​ភ្នំ​មួយ​នេះ​មាន​ប្រវត្តិ​ទាក់ទង​ទៅ​នឹង​ការ​បាញ់​ប្រហារជីវិត​ក្រុម​ជន​ក្បត់​ជាតិ។

នៅ​ជាប់​នឹង​ភ្នំ​នេះ ​មាន​ភ្នំ​មួយទៀត គឺ​ភ្នំស្រួច​ដែល​រហូត​កវីនិពន្ធ​ខ្លះ បាន​យក​ទៅ​ចងក្រង​ជា​ចម្រៀង​រៀបរាប់​ពី​មនោសញ្ចេតនា​ស្នេហា​ព្រាត់ប្រាស់​ទៀត​ផង ។ ជាង​នេះ​ទៅ​ទៀត គឺ​ភ្នំ​គិរី​រម្យ​តែ​ម្តង ដែល​ជាទី​ឋាន​សុខ​ភារ​ម្យ ​ចំពោះ​គូស្នេហ៍​ថ្មោងថ្មី ក៏​ដូច​ជា​គ្រួសារ​ដទៃ​ទៅ​កម្សាន្ត​នា​ចុង​ស​ប្តា​ហ៍​ផង​ដែរ ។

ក្រុង​ច្បារមន ៖ ជា​បេះដូង​របស់​ខេត្ត​មិន​មាន​ភ្នំ​ដូច​បណ្តា​ស្រុក​ដ​ទៃ​នោះ​ទេ តែ​មាន​រមណីយដ្ឋាន​ជាប់​ទាក់​ទង​នឹង​ប្រវត្តិសាស្ត្រ​មួយ​កន្លែង​នោះ​គឺ​វត្ត​អំពែ​ភ្នំ ។ អំពែ​ភ្នំ​មាន​លក្ខណៈ​ពិសេស​នៃ​តំបន់ ។ រមណីយដ្ឋាន​ទេស​ចរណ៍​នេះ​ ពិតជា​ស្រស់​ត្រកាល​ណាស់ បើ​និយាយ​អំពី​ទី​រមណីយដ្ឋាន​អំពែ​ភ្នំ​នោះ នរណា​ក៏​គេ​ស្គាល់​កន្លែង​​កម្សាន្ត​ប្រកបដោយ​ខ្យល់ជំនោរ​ត្រជាក់ ផុស​ចេញពី​ទឹកស្ទឹង ហូរ​បត់បែន​វែង​អន្លាយ ជា​ពិសេស​ក្រុម​យុវជន​យុវនារី​តែ​ម្តង​ទៅ​ចងក្រង​អនុស្សាវរីយ៍ ។

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​នោះ គឺ​អំពែ​ភ្នំ​មាន​ចម្ងាយ​ផ្លូវ​ត្រឹមតែ​៤៦​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ រួច​បត់​ឆ្វេង​ដៃ​ចូល​តាម​ផ្លូវ​ក្រួស​ក្រហម ប្រហែលជា​២​គីឡូម៉ែត្រ​នោះ​ នឹង​បាន​ពើបប្រទះ​ស្លាក​សញ្ញា​រមណីយដ្ឋាន​នេះ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​អំពែ​ភ្នំ ឃុំ​សុពណ៌​ទេព និង​ឃុំ​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

តំបន់​នេះ​ មាន​ទេសភាព​នៃ​ទឹកស្ទឹង​ហូរ​ឆ្លងកាត់​រួម​ផ្សំ​លម្អ​ដោយ​ដើមឈើ​ធំ​ៗ​ប្រឹង​ដុះ​ប្រជ្រៀត​គ្នា​តាម​មាត់​ស្ទឹង និង​ជើងភ្នំ​ដែល​មាន​ស្ពាន​យោល​ឆ្លងកាត់​ពី​ភូមិ ត​ភ្ជាប់​ឆ្លង​ទៅ​ភូមិ​អំពែ​ភ្នំ ។ ក្រៅពី​នេះ​យើង​នៅ​សង្កេត​ឃើញ​មាន​វត្ត​អារាម​ចាស់​មួយ បណ្តែត​ខ្លួន​នៅ​លើ កូនភ្នំ ដែល​ជាទី​សក្ការ​របស់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ទៅ​ធ្វើបុណ្យ​ទាន តាម​លក្ខណៈ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ផង​ដែរ ។

ស្រុក​ឧដុង្គ​៖ ជា​ស្រុក​មួយ​ស្ថិត​នៅ​ភាគ​ខាងជើង​ខេត្ត មាន​ភ្នំ​២​ប៉ុណ្ណោះ ។ ភ្នំ​ទី​១ គេ​ហៅ​ភ្នំ​ពាំង​ល្វា និង​ទី​២​គេ​ហៅ​ថា​ភ្នំ​តូច ។

ស្រុក​សំរោង​ទង ៖ មាន​ភ្នំ​ម្រះព្រៅ​, ភ្នំ​ជាល​, ភ្នំ​លិច​ទឹក​, ភ្នំ​ថ្ម​ពុក​, ភ្នំ​ប្រជៀវ​បាត​, ភ្នំ​ធម្មតា​អរ និង​ភ្នំ​ជា​ច្រើន​ទៀត​ដែល​នៅ​ឆ្ងាយ​ៗ​គ្មាន​ឈ្មោះ​គ្មាន​អ្នក​ស្គាល់ គឺជា​បណ្តំ​ភ្នំ ។

ស្រុក​ប​សេដ្ឋ ៖ ស្ថិត​នៅ​ភាគ​ខាងត្បូង​ទីរួមខេត្ត​មាន​ភ្នំ​ស្រែ​ព្រីង នៅ​ជាប់ជើង​ភ្នំ​ស្រង់​ភ្នំស្រួច ភ្នំ​តា​កឹ​ម​, ភ្នំ​ឱ​តូច​, ភ្នំ​ឱ​ធំ​, ភ្នំ​កូប​, ភ្នំ​កក់​, ភ្នំ​ភក្តី និង​ភ្នំ​ឱ​ស្មៅ​ខ្ចី​ជាដើម ។

ស្រុក​គង់​ពិសី ៖ មាន​ភ្នំ​មិន​ចាញ់​ខាង​ស្រុក​ប​សេដ្ឋ​ដែរ ក្នុង​នោះ​មាន​ភ្នំ​ស្រង់​, ភ្នំ​តា​មោក​, ភ្នំ​បាក់​ខែង​, ភ្នំ​ក​គោ​, ភ្នំ​អាចម៍​ទីទុយ​, ភ្នំស្រួច​, ភ្នំ​ពេជ្រ​មុនី​, ភ្នំ​ស្រែ​មាន់​, ភ្នំ​ក្អែក​ទុំ និង​ភ្នំ​ជា​ច្រើន​ទៀត​ដែល​មិន​មាន​អ្នក​ស្គាល់ឈ្មោះ​អស់ ជា​ភ្នំ​វែង​អន្លាយ ។

ស្រុក​ឱ​រ៉ា​ល់ ៖ ជា​ស្រុក​មួយ​ស្ថិត​នៅ​ភាគ​ខាងលិច​ខេត្ត​មាន​ភ្នំ​ជា​ច្រើន ដូច​ជា​ភ្នំ​ឱ​រ៉ា​ល់​ដែល​ភ្នំ​នេះ មាន​កម្ពស់​១.៨១៣​ម៉ែត្រ​ពី​នីវ៉ូទឹក​សមុទ្រ បើ​តាម​ការ​ប្រៀបធៀប​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ។ ភ្នំ​ឱ​រ៉ា​ល់​នេះ មាន​ជួរ​ភ្នំ​ដូច​ជា​ភ្នំ​ជ្រាវ​, ភ្នំ​ដូនពេញ​, ភ្នំ​ប្រាក់​, ភ្នំ​ដង្កៀបក្តាម​, ភ្នំ​ក្រោល​ស្វា​, ភ្នំ​ដោះ​ក្រមុំ​, ភ្នំ​រមាំង​ស និង​ភ្នំ​ច្រើន​ទៀត​ដែល​អាជ្ញាធរ​ស្គាល់​មិន​អស់ ។

ស្រុក​ថ្ពង​៖ មាន​ភ្នំ​២ គឺ​ភ្នំ​ព្រះ និង​ភ្នំ​ចាស់ ។ ភ្នំ​តាម​បណ្តា​ស្រុក​ដែល​រៀបរាប់​ទាំងនេះ គឺ​អ្នក​យក​ព័ត៌មាន​យើង​ទទួល​របាយការណ៍​សង្ខេប​ពី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​តែ​ប៉ុណ្ណោះ ។ នៅ​មាន​ភ្នំ​ច្រើន​ទៀត​រាប់​មិន​អស់​ទេ ជា​ភ្នំ​នៅ​ឆ្ងាយ​ៗ​គ្មាន​អ្នក​ស្គាល់​ជា​ភ្នំ​គ្មាន​ឈ្មោះ ។ សូ​ម្បី​មន្ទីរ​ជំនាញ​ក៏​មិន​អាច​រៀបរាប់​ចងក្រង​អស់​ដែរ ៕​​

អត្ថបទសរសេរ ដោយ