ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ញាតិ​, សមត្ថកិច្ច និង​ខាង​សណ្ឋាគារ​«​កូ​ឡូ​សូ​» ហាក់​លាក់លៀម​ព័ត៌មាន​នេះ​ខ្លាំង​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ទោ ដែល​បាន​បាញ់​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ និង​ខារ៉ាអូខេ​«​កូ​ឡូ​សូ​» កាលពី​រសៀល​ថ្ងៃ​១ ​សីហា ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ​ គឺ​ឈ្មោះ ​ម៉ុ​ន…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ទោ ដែល​បាន​បាញ់​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ និង​ខារ៉ាអូខេ​«​កូ​ឡូ​សូ​» កាលពី​រសៀល​ថ្ងៃ​១ ​សីហា ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ​ គឺ​ឈ្មោះ
​ម៉ុ​ន រតនៈ​ឧត្តម ជា​កូនប្រុស​បង្កើត​របស់​លោក ទេស ស៊ី​ម៉ុ​ន អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមាន​ជ័យ ។

ហេតុការណ៍​ធ្វើ​អត្តឃាត​នេះ បាន​កើតឡើង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ នៅ​ក្នុង​បន្ទប់​លេខ​២០៩ ជាន់​ទី​២ របស់​សណ្ឋា​គារ​ និង​ខារ៉ាអូខេ​ «​កូ​ឡូ​សូ​» ដែល​មា​នទី​តាំងនៅ​ខាង​មុខ​ជាប់​ផ្លូវ​លេខ​៣៦០ និង​ខាងក្រោយ​ផ្លូវ​លេខ​៣៥០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។ លោក​វរសេនីយ៍ទោ ម៉ុ​ន រតនៈ​ឧត្តម ជា​មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ បាន​ប្រើ​កាំភ្លើងខ្លី​ម៉ាក​កា​៥៤ បាញ់​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​យ៉ាង​ស្ងៀមស្ងាត់ និង​អាថ៌​កំបាំង​បំផុត ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែសីហា សព​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​និរោធ ក្នុង​ខណ្ឌ​ច្បារ​អំពៅ។

ក្នុង​ពិធីបុណ្យ​សព​ នៅ​វត្ត​និរោធ​នេះ​ដែរ ឪពុកមា​បង្កើត​ម្នាក់​បាន​រៀបរាប់​ថា ចំពោះ​ការ​ធ្វើ​អត្តឃាត​របស់​ក្មួយ​ប្រុស​បង្កើត​គាត់​នេះ គឺ​គាត់​មិន​បានដឹង​ថា រូបគេ​មាន​វិបត្តិ​អ្វី​ច្បាស់លាស់​នោះ​ឡើយ ព្រោះ​រូប​គាត់​មាន​ទីលំនៅ​ឆ្ងាយ​ពី​គ្នា និង​ទើបតែ​មក​ពី​ខេត្ត​មក​ចូលរួម​បុណ្យសព​របស់​ក្មួយ ។ ក្មួយ​ប្រុស​របស់​គាត់​រូប​នេះ ជា​មនុស្ស​មាន​អត្ត​ចរិត​ស្លូតបូត សុភាព​រាបសា និង​មិនសូវ​ចេះ​មាត់ក​ទេ គឺជា​មនុស្ស​មឹះ​ៗ​ និង​ត្រឹមត្រូវ​បំផុត តែ​មិនដឹង​ថា​ រូបគេ​មាន​បញ្ហា​អ្វី​ទើប​បានជា​ដាច់​ចិត្ត​ធ្វើ​បែប​នេះ ។ បុរស​ជា​ឪពុកមា​បន្ត​ទៀត​ថា សព្វថ្ងៃ​ក្មួយ​ប្រុស​គាត់​នៅ​លីវ និង​មិន​ទាន់​មាន​ប្រពន្ធ​កូន​នៅឡើយ​ទេ ព្រោះ​រូបគេ​នៅ​ក្មេង​ទើបតែ​មាន​អាយុ​២៦​ឆ្នាំ​ប៉ុណ្ណោះ និង​ដឹង​ខ្លះ​ៗ​ថា រូបគេ​មាន​សង្សារ​ហើយ​ដែរ តែ​ពួក​គាត់​មិនដឹង​ថា រូបគេ​ធ្វើ​បែប​នេះ ​ដោយសារ​តែ​វិបត្តិ​អ្វី​ឡើយ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​មន្ត្រី​នគរបាល​ថ្នាក់​វរសេនីយ៍ទោ នៃ​ក្រសួងមហាផ្ទៃ​ឈ្មោះ ម៉ុ​ន រតនៈ​ឧត្តម អាយុ​២៦​ឆ្នាំ ធ្វើ​អត្តឃាត​ដោយ​បាញ់​សម្លាប់​ខ្លួន​នេះ មិន​មាន​ប្រភព​ណាមួយ​ប្រាប់​ឱ្យ​ដឹង​ពី​មូលហេតុ​នោះ​ឡើយ សូ​ម្បី​តែ​ក្រុម​គ្រួសារ​ក៏​ដោយ ។ ចំណែក​សមត្ថកិច្ច​ខណ្ឌចំការមន មិន​បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​អ្វី​ដែល​ឈាន​ទៅ​ដល់​ការ​បាញ់​សម្លាប់​ខ្លួន​របស់​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​រូប​នេះ​ឡើយ ដោយ​គ្រាន់តែ​ប្រាប់​អ្នក​កាសែត​ថា «​បើ​ចង់​ដឹង​រឿង​នេះ​ច្បាស់ ទាល់តែ​ទៅ​សួរនាំ​ខាង​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ ​ទើប​ដឹង ចំណែក​ឯ​ពួក​គាត់​ជា​អាជ្ញាធរ​មូលដ្ឋាន​មិន​បានដឹង​រឿង​អ្វី​ឡើយ​» ។

ការ​បញ្ជាក់​ប្រាប់​អ្នកកាសែត​នេះ ហាក់បីដូច​ជា​មានការ​លាក់លៀម​ចំពោះ​ព័ត៌មាន​ខាងលើ​យ៉ាង​ខ្លាំង ។ ជាក់ស្តែង កាលពី​រសៀល​ថ្ងៃ​កើតហេតុ មាន​ក្រុម​អ្នកកាសែត​យ៉ាងច្រើន ​បាន​ទៅ​ដល់ទី​តាំង​សណ្ឋាគារ និង​ខារ៉ាអូខេ​«​កូ​ឡូ​សូ​» ​ហើយ​ត្រូវ​ក្រុម​សន្តិសុខ​នាំ​គ្នា​ព្យាយាម​រារាំង ​ហាម​មិន​ឱ្យ​ថត​យក​រូបភាព​ទេ ។ ចំណែកឯ​សមត្ថកិច្ច​មូលដ្ឋាន​វិញ ក៏​ហាក់បីដូចជា​មានការ​លាក់បាំង និង​ព្យាយាម​បិទ​បាំង​ព័ត៌មាន​ខាងលើ​នេះ ដែរ ដោយ​​ផ្តល់​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ពី​ការ​ធ្វើ​អត្តឃាត​នេះ ៕ ​

អត្ថបទសរសេរ ដោយ