រាជធានីភ្នំពេញ ៖ ថ្លែងរបៀបបែបចំអកឲ្យអ្នកគាំទ្រអតីតគណបក្សប្រឆាំងនៅក្រៅប្រទេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសជាសាធារណៈថា សម្តេចនឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំចំនួន២ដាច់ដោយឡែកពីគ្នា នៅអឺរ៉ុបក្នុងខែតុលា ខាងមុខនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីខ្មែរសម្រាប់អាណត្តិទី៦ ផងដែរ ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី មកពីតាមរោងចក្រ សហគ្រាសនានានៅរោងចក្រតំបន់លូ៥ ក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី០២ សីហានេះ សម្តេចតេជោ ហ៊ុន សែនបានថ្លែងអំណរគុណដល់កម្មករ-កម្មការិនីដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាព្រោះ «ការបោះឆ្នោតជូនគណបក្សប្រជាជនមានតម្លៃស្មើនឹងការចូលរួមរក្សាសន្តិភាព និងការអភិវឌ្ឍ » ជាមួយគ្នានោះផងដែរ សម្តេចបានឲ្យដឹងថា បងប្អូនខ្មែររស់នៅអឺរ៉ុបដែលគាំទ្រសម្តេចក៏នឹងបានជួបសម្តេចផងដែរ ហើយអ្នកចង់ធ្វើបាតុកម្មប្រឆាំងសម្តេចក៏ត្រៀមចុះ តែកុំភ្លេចជាទូទៅចំនួនអ្នកបាតុកម្មប្រឆាំងសម្តេច នៅក្រៅប្រទេស គឺមានប្រមាណមិនដល់១០ភាគរយនៃអ្នកដែលគាំទ្រសម្តេចនោះទេ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា ៖ «ប៉ុន្តែខែ១០ ពូនឹងធ្វើដំណើរ ទៅកាន់ បើយោងទៅលើប្រតិទិននេះគ្រាន់តែជម្រាបឲ្យហើយ ដើម្បីឲ្យអ្នកនៅខាងអឺរ៉ុប ត្រៀមរៀបចំធ្វើបាតុកម្មប្រឆាំងខ្ញុំតទៅទៀត ។ ហើយអ្នកដែលត្រូវមកជួបជាមួយខ្ញុំក៏ត្រៀមរៀបចំ ដើម្បីជួបខ្ញុំផងដែរ ព្រោះធម្មតាអ្នកដែលធ្វើបាតុកម្មប្រឆាំងខ្ញុំនៅតាមប្រទេសនានា មិនបានស្មើនឹង១០% នៃអ្នកដែលមកជួបគាំទ្រខ្ញុំទេ» ។
សូមបញ្ជាក់ថា សម្រាប់វត្តមានចុងក្រោយរបស់សម្តេចនៅក្រៅប្រទេសនោះ គឺនៅប្រទេស អូស្ត្រាលី នាខែមីនា សម្រាប់កិច្ចប្រជុំកំពូល អាស៊ាន-អូស្ត្រាលី ដែលកាលនោះ គឺមានបាតុកម្មប្រឆាំងសម្តេចផងដែរ ដែលសម្តេចបានចំអកថា ជា «មហាបាតុកម្ម មហារ៉ុយៗ» ដែលបានសេចក្តីថា មិនបានមនុស្ស១០០នាក់ផង រួចហើយអ្នកទាំងនោះបានទៅជ្រកកោនជាមួយក្រុមតវ៉ាជនជាតិវៀតណាមផង ជាមួយនឹងភូមាផង ថៃផង ឡាវផង ដើម្បីថតរូបឲ្យបានឃើញថាមានអ្នកបាតុកម្មប្រឆាំងរូបសម្តេចច្រើននាក់ តែពេលនោះជាក់ស្តែងអ្នកគាំទ្រច្រើនមកទទួលស្វាគមន៍សម្តេច ហើយរូបសម្តេចត្រូវបានអ្នកគាំទ្រចាប់ថើបឲ្យពេញតែផ្លូវ ។ សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា ប្រធានស្នងការអឺរ៉ុប ប្រធានគណៈកម្មាធិការអឺរ៉ុប និងប្រធានស្នងការអឺរ៉ុប បានបញ្ជួនលិខិត២ មកកាន់សម្តេចហ៊ុន សែន ដែលលិខិតទី១ គឺអញ្ជើញសម្តេចចូលប្រជុំអាស៊ីអឺរ៉ុប ទី២ អញ្ជើញប្រជុំអាស៊ានអឺរ៉ុប ។
សម្តេចតេជោ ហ៊ុន សែនបានបន្តថា សម្តេចបានឆ្លើយយល់ព្រមរួចហើយ និងគ្រោងចេញដំណើរពីភ្នំពេញឆ្ពោះទៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក នៅល្ងាចថ្ងៃទី១៧ ខែតុលា ។ ថ្ងៃទី១៨ និងទី១៩ គឺប្រជុំអាស៊ីអឺរ៉ុប និងអាស៊ានអឺរ៉ុប ។ បន្ទាប់មកដល់ថ្ងៃទី២០ និងថ្ងៃទី២២ នឹងទស្សនកិច្ច នៅប្រទេសតួគី និងថ្ងៃទី២៣-២៥តុលា ត្រូវចេញដំណើរទៅស្វីស ដើម្បីចូលរួមប្រជុំសន្និសិទ្ធអន្តរជាតិ ស្តីពីពាណិជ្ជកម្មនៅឯហ្សឺណែវ ។ សម្តេចក៏មានប្រសាសន៍បន្តថា ៖ «អញ្ចឹងសុំបងប្អូននៅអឺរ៉ុប ដែលពេលនេះមួយចំនួនមិនទាន់ភ្ញាក់ពីដេកទេ ក៏ប៉ុន្តែមួយចំនួនក៏បានដឹងប្រាប់ផែនការទុកឲ្យហើយ ដើម្បីឲ្យដឹងការធ្វើដំណើរទៅអឺរ៉ុប ហើយប្រមូលគ្នាទៅ ។
ឥឡូវនឹង គឺមានប្រទេសមួយចំនួនដែលជាម្ចាស់ប្រទេសគេបានធុញទ្រាន់ជាមួយនឹងខ្មែរធ្វើបាតុកម្មនៅស្រុកគេហើយ ។ អញ្ចឹងសុំបន្តបន្ថែមធ្វើបាតុកម្មទៅ ឯអ្នកដែលមកជួបជាមួយខ្ញុំ ក៏ត្រូវរៀបចំសណ្ឋាគារទទួលគេ» ត្រូវកក់កន្លែងគេទុក ។ សម្រាប់វត្តមានរបស់សម្តេចនាយករដ្ឋមន្ត្រីខាងមុខ គឺសម្តេចគ្រោងនឹងជួបអ្នកគាំទ្រជាច្រើននៅទីក្រុងហ្សឺណែវ និងប្រទេសប៊ែលហ្សិក ។ យ៉ាងណាមិញ សម្រាប់ការប្រកាសរបស់សម្តេចតេជោ សម្រាប់ការធ្វើដំណើរទៅអឺរ៉ុបខាងមុខ នៅមិនទាន់ដឹងច្បាស់ថា អាចនឹងមានអ្នកធ្វើបាតុកម្មប្រឆាំងរូបសម្តេច នៅឡើយទេ ៕


ចែករំលែកព័តមាននេះ