ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ការ​បោះ​ឆ្នោត កម្ពុជា​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​កាន់តែ​ច្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន​អន្តរជាតិ​នានា​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា កម្ពុជា​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​អន្តរជាតិ​កាន់តែ​ច្រើន​ថែម​ទៀត​ក្រោយ​ការ​បោះ​ឆ្នោត​បាន​បញ្ចប់ ដែល​មាន​បរិយាកាស​ល្អ​ប្រសើរ និង​ស្ថិរភាព​នយោបាយ ។ អ្នក​នាង Grace Rachny…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន​អន្តរជាតិ​នានា​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា កម្ពុជា​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​អន្តរជាតិ​កាន់តែ​ច្រើន​ថែម​ទៀត​ក្រោយ​ការ​បោះ​ឆ្នោត​បាន​បញ្ចប់ ដែល​មាន​បរិយាកាស​ល្អ​ប្រសើរ និង​ស្ថិរភាព​នយោបាយ ។

អ្នក​នាង Grace Rachny Fong នាយិកា​នៃ​ក្រុមហ៊ុន Century21 Cambodia បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ថា អ្វី​ៗ​នឹង​ល្អ​ប្រសើរ​ជាង​មុន ដោយសារ​ការ​បោះ​ឆ្នោត​នេះ​បាន​បង្ហាញ​នូវ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​កាន់តែ​មាន​ទំនុកចិត្ត ។
អ្នក​នាង​ថា ៖« ទាំង​មុន​ការ​បោះ​ឆ្នោត កំឡុង​ការ​បោះ​ឆ្នោត និង​ក្រោយ​ការ​បោះ​ឆ្នោត យើង​ឃើញ​ថា ស្ថានភាព​នៃ​ការ​ទិញ​-​លក់​អចលនទ្រព្យ នៅ​តែ​កើនឡើង » ។ អ្នក​នាង​បន្ថែម​ថា ៖« សន្តិភាព ស្ថិរភាព​នយោបាយ​នេះ​ហើយ ជា​អ្វី​ដែល​ពួក​គេ​មើលឃើញ ជា​អ្វី​ដែល​អ្នក​វិនិយោគ​កាន់តែ​មាន​ទំនុកចិត្ត ហើយ​យើង​គិត​ថា អ្នក​វិនិយោគ​អន្តរជាតិ នឹង​ចូល​មក​វិនិយោគ​កាន់តែ​ច្រើន​នៅ​កម្ពុជា »​។

អគ្គនាយក​ក្រុមហ៊ុន​គេហទំព័រ Realestate.com.kh លោក Tom O”Sullivan បាន​ថ្លែង​ថា ក្រោយ​បញ្ចប់​ការ​បោះ​ឆ្នោត និង​គិត​ពី​ពេល​នេះ​ដល់​ដំណាច់ឆ្នាំ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នឹង​កើនឡើង និង​មាន​ភាព​ប្រសើរ​ឡើង​កាន់តែ​ខ្លាំង ។ លោក​បន្ត​ថា មុន​ការ​បោះ​ឆ្នោត អ្នក​វិនិយោគ​និយាយ​ពី​បញ្ហា​ស្ថិរភាព​នយោបាយ ប៉ុន្តែ​លទ្ធផល និង​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​បាន​បង្ហាញ​រួច​ហើយ​ថា កម្ពុជា​មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ ។ លោក​បន្ត​ថា ឧស្សាហកម្ម​អចលនវត្ថុ​នៅ​កម្ពុជា នឹង​បន្ត​រីក​ចម្រើន​ខ្លាំង​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ ពិសេស​ក្រោយ​ការ​បោះ​ឆ្នោត​។ លោក​បន្ត​ថា ៖« កម្ពុជា​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ចិន ជប៉ុន កូរ៉េ និង​បណ្តា​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ក្នុង​តំបន់​នឹង​ចូល​មក​កម្ពុជា​កាន់តែ​ច្រើន » ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នក​នាង អាន សុធី​តា បាន​ថ្លែង​ថា ការ​ពិត ស្ថានភាព​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត មិន​មាន​អ្វី​ផ្លាស់​ប្តូរ​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ ព្រោះ​បរិយាកាស​នយោបាយ​មិន​ជះ​ឥទ្ធិពល​ដល់​វិស័យ​នេះ​ទេ ព្រោះ​ស្ថានភាព​ជាក់ស្តែង គឺ​ដោយសារ​កត្តា​ទីផ្សារ​ខ្លួនឯង​ប៉ុណ្ណោះ ។ អ្នក​នាង​បន្ត​ថា ហេតុនេះ យើង​គិត​ថា ក្រោយ​ការ​បោះ​ឆ្នោត វិស័យ​នេះ​នឹង​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន និង​ទទួល​បាន​អ្នក​វិនិយោគ​កាន់តែ​ច្រើន​ថែម​ទៀត ។

លោក​បណ្ឌិត ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​ថា ក្រោយ​ការ​បោះ​ឆ្នោត​មាន​ប្រតិកម្ម​ពី​សហរដ្ឋអាមេរិក​ទាក់ទង​នឹង​បញ្ហា​នយោបាយ​នៅ​កម្ពុជា ព្រោះ​មេ​បក្ស​ដែល​បាន​រលាយ​ហើយ​នោះ​មិន​ទាន់​អស់ចិត្ត​ទេ ។ ហេតុនេះ ស្ថានភាព​ហាក់​មិន​ច្បាស់លាស់ ប៉ុន្តែ​បើ​ពិនិត្យ​មើល​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា នឹង​នៅ​តែ​រក្សា​បាន​កំណើន​រឹង​មាំ​នៅ​៥​ឆ្នាំ​ខាង​មុខ ព្រោះ​តាម​ការ​វាយតម្លៃ​របស់​ស្ថាប័ន​អន្តរជាតិ ដូច​ជា ADB, IMF និង World Bank បាន​បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​មាន​កំណើន​យ៉ាង​រឹង​មាំ តាម​រយៈ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​កម្ពុជា ។

លោក​បន្ត​ថា ៖« តាម​រយៈ​ចំនួន​អ្នក​ទៅ​ចូលរួម​បោះ​ឆ្នោត​ជាង​៨០% ពិតជា​បាន​បង្ហាញ​ទៅ​មជ្ឈដ្ឋាន​អន្តរជាតិ​រួច​ហើយ​ថា ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ប្រជាធិបតេយ្យ​ពេញលេញ ដែល​អាច​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន បន្ទាប់​ពី​ការ​បោះ​ឆ្នោត » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ