ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ជិះ​យន្តហោះ​! តែ​មិន​ចង់​ចំណាយ​ខ្ពស់ ៖ គន្លឹះ​នៃ​ការ​ទិញ​សំបុត្រ​យន្ដហោះ​ក្នុង​តម្លៃ​ទាប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​ដំណើរ​ក្រៅប្រទេស​ភាគច្រើន ក្រៅពី​គិតគូរ​លើ​ការ​ចំណាយ​ស្នាក់​នៅ សេវា​ដឹក​ជញ្ជូន និង​ម្ហូបអាហារ​ជាដើម​នោះ តម្លៃ​សំបុត្រ​យន្ដហោះ​ក៏​ជា​បញ្ហា​ចោទ​មួយ​ដែរ ប៉ុន្ដែ​មាន​ពេល​ខ្លះ​តម្លៃ​សំបុត្រ​ទៅ​មក (Round Trip)…

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​ដំណើរ​ក្រៅប្រទេស​ភាគច្រើន ក្រៅពី​គិតគូរ​លើ​ការ​ចំណាយ​ស្នាក់​នៅ សេវា​ដឹក​ជញ្ជូន និង​ម្ហូបអាហារ​ជាដើម​នោះ តម្លៃ​សំបុត្រ​យន្ដហោះ​ក៏​ជា​បញ្ហា​ចោទ​មួយ​ដែរ ប៉ុន្ដែ​មាន​ពេល​ខ្លះ​តម្លៃ​សំបុត្រ​ទៅ​មក (Round Trip) របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួន​អាច​ធូរ​ថ្លៃ ជាង​ជើងហោះហើរ​ក្នុងស្រុក​ទៅ​ទៀត ប្រសិនជា​យើង​ដឹង​ថា តើ​គួរ​ទិញ​សំបុត្រ​នៅ​ពេល​ណា ឬ​ធ្វើ​យ៉ាងណា​នោះ ។

តាម​បទ​ពិសោធន៍​ក្នុង​នាម​ជា​ប្រតិបត្តិ​ករ​ទេសចរណ៍​ឈានមុខ​គេ​នៅ​កម្ពុជា លោក ហូ វណ្ឌី នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ទេសចរណ៍ World Express Tours & Travel បាន​ចែក​រំលែក​​ចំណេះដឹង​ទាក់ទង​នឹង​ឱកាស​ដែល​អាច​ទិញ​សំបុត្រ​យន្ដហោះ​បាន​ក្នុង​តម្លៃ​ទាប​នេះ ។

ថ្លែងប្រាប់​សហការី​និពន្ធ​សារព័ត៌មាន​កោះសន្ដិភាព នា​រសៀល​ថ្ងៃ​ទី​២៥ កក្កដា នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ទេសចរណ៍​រូប​នេះ​បាន​ឲ្យ​ដឹង​ថា មានឱកាស​មួយ​ចំនួន​ដែល​អនុ​ញ្ញាត​ឲ្យ​បងប្អូន​ខ្មែរ​អាច​ទិញ​សំបុត្រ​យន្ដហោះ​បាន​ក្នុង​តម្លៃ​ដ៏​ពិសេស​នេះ​។

លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖« ឱកាស​ដែល​អតិថិជន​អាច​ទទួល​បាន​សំបុត្រ​យន្ដ​ហោះ​ក្នុង​តម្លៃ​ពិសេស​នោះ គឺ​ទី​មួយ​- យើង​ត្រូវ​ស្វែងរក​ព័ត៌មាន​ដែល​ក្រុមហ៊ុន​អាកាស​ចរណ៍​គេ​បញ្ចុះតម្លៃ​។ ទី​ពីរ​- យើង​ត្រូវ​កក់​សំបុត្រ​ឲ្យ​បាន​យូរ មុន​ថ្ងៃ​ដែល​យើង​ធ្វើ​ដំណើរ និង​ទី​បី​- ការ​ទិញ​កញ្ចប់​ទស្សនកិច្ច​មាន​ន័យ​ថា ជា​ការ​រៀបចំ​បញ្ចូល​គ្នា​ជា​កញ្ចប់​តែ​ម្ដង ក្នុង​នោះ​រួម​មាន​តម្លៃ​សំបុត្រ​, ការ​ស្នាក់​នៅ និង​ម្ហូបអាហារ​ជាដើម » ។

ក្រៅពី​ចំណុច​ខាងលើ​នេះ ពេលវេលា​នៃ​ការ​ចេញដំណើរ​ក៏​ជា​រឿង​ដ៏​ទាក់ទាញ​មួយ​ដែរ តួយ៉ាង​ប្រសិនបើ​ជ្រើសរើស​ចំ​រដូវ​កាល​ឈប់​សម្រាក រដូវ​បុណ្យប្រពៃណី​ជាតិ​នៃ​បណ្ដា​ប្រទេស​គោលដៅ​នោះ ពិសេស​គឺ​រដូវ​វិសមកាល​អន្តរជាតិ​ដែល​ចាប់ផ្ដើម​ពី​ខែវិច្ឆិកា ដល់​ខែមករា បើ​ទោះបីជា​យើង​ទិញ​សំបុត្រ​ទុក​មុន​យូរថ្ងៃ ក៏​នៅ​តែ​មាន​តម្លៃ​ខ្ពស់​ដែរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក​ហូ វ​ណ្ឌី​។

បទ​ពិសោធន៍​ស្រ​ដៀង​គ្នា​នេះ​ដែរ បើ​តាម​ភ្នាក់ងារ​លក់​សំបុត្រ​យន្ដហោះ​នៅ​ក្រុមហ៊ុន VLK Royal Tourism Co Ltd បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​នេះ​ថា ការ​ទិញ​សំបុត្រ​យន្ដ​ហោះ​​បាន​ក្នុង​តម្លៃ​ទាប​នោះ គឺ​វា​អាស្រ័យ​លើ​កត្តា​សំខាន់​ៗ​មួយ​ចំនួន ពិសេស​អ្នក​ដំណើរ​​គួរ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​ណាខ្លះ​មាន​តម្លៃ​ទាប ហើយ​តាមដាន​រាល់​កម្មវិធី​បញ្ចុះតម្លៃ​នានា​នៅ​ក្នុង​វេ​ប​សាយ ឬ Facebook Page របស់​ក្រុមហ៊ុន​ជាដើម ។ ជា​មួយ​គ្នា​នេះ ការ​ទិញ​សំបុត្រ​ទុក​មុន​រយៈពេល​ច្រើន​ខែ​ឡើង​ទៅ​, ការ​ទិញ​សំបុត្រ​តាម​អន​ឡាញ​, ការ​ធ្វើ​ដំណើរ​ចំ​រដូវ​កាល​បញ្ចុះតម្លៃ និង​ជ្រើ​រើស​ពេលវេលា​នៃ​ជើងហោះហើរ ក៏​អាច​ឲ្យ​យើង​ទិញ​សំបុត្រ​បាន​ក្នុង​តម្លៃ​ទាប​ដែរ ។

លោក ស៊ន គឹ​ម​ហុង ភ្នាក់ងារ​លក់​សំបុត្រ​យន្ដហោះ​រូប​នេះ មាន​ប្រសាសន៍​ថា ៖« ជា​ទូទៅ​ ក្រុមហ៊ុន​អាកាសចរណ៍​ខ្លះ​មាន​តម្លៃ​ទាប​តែ​ម្ដង​ដូច​ជា AirAsia ជាដើម ហើយ​មាន​កម្មវិធី​បញ្ចុះតម្លៃ​រហូត​តែ​ម្ដង​ដែល​តែង​ចុះ​ផ្សាយ​តាម​វេ​ប​សាយ ឬ Facebook Page របស់​​ក្រុមហ៊ុន ដែល​អនុញ្ញាត​ឲ្យ​យើង​ដឹង​លម្អិត​ពី​តម្លៃ​, ថ្ងៃ​ចេញដំណើរ និង​លក្ខខណ្ឌ​ផ្សេង​ៗ​ទៀត ។ ដូច្នេះ​យើង​ត្រូវ​តាមដាន​ព័ត៌មាន​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ​។

មួយវិញទៀត ការ​ទិញ​សំបុត្រ​ទុក​មុន​ច្រើន​ខែ​ចាប់ពី​កន្លះ​ឆ្នាំ​ឡើង និង​ការ​ទិញ​សំបុត្រ​តាម​អន​ឡាញ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ផ្ទាល់ ក៏​អាច​ទទួល​បាន​តម្លៃ​សំបុត្រ​ទាប​ដែរ ប៉ុន្ដែ​​ការ​ទិញ​សំបុត្រ​តាម​អន​ឡាញ​នេះ វា​ជួប​បញ្ហា​បន្ដិច ហើយ​ជា​រឿយ​អ្នកដំណើរ​តែងរ​ត់រក​ក្រុមហ៊ុន​ភ្នាក់ងារ​លក់​សំបុត្រ​ឲ្យ​ជួយ​ដោះស្រាយ ។

លោក​ថា ៖ « យើង​ទទួលស្គាល់​ថា ការ​ទិញ​សំបុត្រ​តាម​អន​ឡាញ វា​មាន​តម្លៃ​ថោក​ជាង​តិចតួច​មែន ប៉ុន្ដែ​គុណវិបត្តិ​នោះ​គឺ​ពេល​មាន​បញ្ហា​អ្វីមួយ យើង​ធ្វើ​អ្វី​អត់​បាន​ទេ តួយ៉ាង​បើ​ចង់​ដូរ​ជើងហោះហើរ គឺ​អ្នក​ដំណើរ​ចាំបាច់​ត្រូវ​ទៅ​ជួប​ក្រុមហ៊ុន​អាកាសចរណ៍​ផ្ទាល់​តែ​ម្ដង ហើយ​បើ​កើតឡើង​ចំ​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ​ទៀត ក្រុមហ៊ុន​អត់​ធ្វើការ អីចឹង​គឺ​គាត់​ខកខាន​ការ​ធ្វើ​ដំណើរ​តែ​ម្ដង តែបើ​ទិញ​តាម​រយៈ​ក្រុមហ៊ុន​ភ្នាក់ងារ​លក់​សំបុត្រ យើង​អាច​ជួយ​ដោះស្រាយ​បាន​។ យ៉ាង​ច្រើន គាត់​អស់​ថ្លៃ​តែ​ដូរ​ថ្ងៃ​ទេ ហើយ​បើរ​សំបុត្រ​នោះ​ដូរ​ថ្ងៃ ​free​ ទៀត គឺ​មិន​ចំណាយ​អ្វី​ទាំងអស់ »​។

តាម​ការ​សិក្សា​មួយ​ដោយ​ផ្អែក​លើ​ការ​ប្រមូល​ទិន្នន័យ​ពី​ទីភ្នាក់ងារ​ទេសចរណ៍​ចំនួន​៥០០​កន្លែង​នៅ​សហរដ្ឋអាមេរិក​ដែល​បាន​ចេញផ្សាយ​ដោយ money.usnews.com បាន​បង្ហាញ​ស្រ​ដៀង​គ្នា​នឹង​ការ​លើក​ឡើង​របស់​អ្នកជំនាញ​ខាងលើ​នេះ​ថា មាន​កត្តា​មួយ​ចំនួន​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នកទិញ​សំបុត្រ​យន្ដហោះ​ក្នុង​តម្លៃ​ទាប​បាន ក្នុង​នោះ​រួម​មាន ៖

១-​ការ​ទិញ​សំបុត្រ​យន្ដហោះ មុន​យ៉ាងតិច​៧​ស​ប្ដា​ហ៍​ឡើង​ទៅ ៖ ប្រសិនបើ​ពួក​គេ​ទិញ​យ៉ាងតិច​៥០​ថ្ងៃ មុន​ពេល​ចេញដំណើរ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ច្រើន ។

២- ការ​ជ្រើសរើស​ពេលវេលា​នៃ​ការ​ហោះហើរ ៖ តម្លៃ​សំបុត្រ​យន្ដហោះ​ដែល​ថោក​ជាង​គេ​បំផុត​នោះ​ជា​ទូទៅ គឺ​ជើងហោះហើរ​ពេល​ព្រឹក​ព្រលឹម ព្រោះ​អ្នកដំណើរ​ត្រូវ​ភ្ញាក់ និង​ចេញដំណើរ​មក​ព្រ​លាន​នៅ​ម៉ោង​៤​ទៀប​ភ្លឺ ។ បន្ទាប់​មក គឺ​នៅ​ម៉ោង​អាហារ​ថ្ងៃត្រង់ ឬ​អាហារ​ពេល​ល្ងាច ព្រោះ​ជា​ពេលវេលា​មួយ​ដែល​គេ​ហៅ​ថា «​ឃ្លាន​ហោះហើរ​» ។ ចំណែក​​អ្នកដំណើរ​មិន​ចង់​ហោះហើរ​ពេល​នេះ​ទេ ព្រោះ​វា​ជា​ពេលវេលា​មិន​ស្រណុកចិត្ត​ដោយសារ​ហេវ​ហត់ ។

៣- ការ​ដឹង​ពី​ការ​បញ្ចុះតម្លៃ​ពិសេស​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ៖ ជា​ទូទៅ ក្រុមហ៊ុន​អាកាសចរណ៍​តែងតែ​បញ្ចេញ​តម្លៃ​ពិសេស​របស់​ពួក​គេ​នៅ​យប់​ថ្ងៃ​ច័ន្ទ ដោយសារ​ក្រុម​ហ៊ុន​ចង់​ឲ្យ​ភ្នាក់ងារ​លក់​សំបុត្រ​ឲ្យ​បាន​ច្រើន​ពេញ​មួ​យស​ប្ដា​ហ៍ ហើយ​តម្លៃ​ដែល​ល្អ​បំផុត​នោះ​គឺ​នៅ​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ ពេល​ថ្ងៃត្រង់ ឬ​ពេល​ល្ងាច ។

៤- អ្នក​ធ្វើ​ដំណើរ​គួរ​តាមដាន​កម្មវិធី​បញ្ចុះតម្លៃ​របស់​ក្រុមហ៊ុន ឬ​ឧស្សាហ៍​ឆែក​អ៊ី​ម៉ែ​ល ៖ ក្រុមហ៊ុន​អាកាសចរណ៍​នានា​តែងតែមាន​កម្មវិធី​បញ្ចុះតម្លៃ​ពិសេស​សម្រាប់​គោលដៅ​ហោះហើរ​របស់​ពួក​គេ ។ ដូច្នេះ​គោលដៅ​ណា​ដែល​មាន​តម្លៃ​ទាប ក្រុមហ៊ុន​តែងតែ​ផ្សព្វ​ផ្សាយ​នៅ​តាម​បណ្ដាញសារព័ត៌មាន ឬ​ផ្ញើ​អ៊ី​ម៉ែ​លម​ក​ផ្ទាល់ខ្លួន​តែ​ម្ដង ៕

អត្ថ​បទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ