តារានិយមគ្រងឈុតបុរាណប្រណីតគាប់ភ្នែក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មួយរយៈពេលចុងក្រោយនេះអ្នកសិល្បៈជាច្រើនស្លៀកពាក់បែបប្រពៃណីខ្មែរគួរឲ្យកត់សម្គាល់ពីមហាជន ។ ឈុតសម្លៀកបំពាក់បុរាណតែងតែឃើញអ្នកសិល្បៈយកមកគ្រងចូលរួមក្នុងកម្មវិធីជប់លៀង កម្មវិធីខួបកំណើត និងកម្មវិធី ផ្សេងៗទៀត ប្លែកៗគ្នា និងហាក់ដូចជាបង្អួតគ្នា…
កន្លងមកដូចជាអ្នកនាងយុគ ចិន្តា យកសម្លៀកបំពាក់បុរាណគ្រងនាថ្ងៃខួបកំណើតកូនស្រីគួរជាទីគយគន់ ។ តារាសិល្បៈបង្ហាញក្នុងរូបភាពបែបនោះ វាជាការរលើកស្ទួយតម្លៃសិល្បៈបុរាណខ្មែរជាពិសេសឱ្យយុវជនជំនាន់ក្រោយចូលរួមបន្តការពារសិល្បៈដូចតាខ្មែរ មិនថាតែផ្នែកសម្លៀកបំពាក់បុរាណមួយមុខទេ ។
អ្នកនាងយុគ ចិន្តា ជាពិធីការិនីល្បីឈ្មោះបានឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា«ក្នុងនាមជាតារាសិល្បៈយើងគួរតែបង្ហាញនូវអ្វីដែលជារបស់ខ្លួនឱ្យបានច្រើនដូចជាទម្រង់សិល្បៈបើបានផ្សាយពីសិល្បៈយើងម្តងបន្តិចៗរួមគ្នាពិតជាល្អ ។ កាលពីកន្លងមកនាងខ្ញុំបានរៀបចំពិធីខួបកំណើតដល់កូនស្រីក៏រំលេចសម្លៀកបំពាក់បុរាណខ្មែរឱ្យសមនឹងអ្វីដែលនាងខ្ញុំចង់សម្រេចគឺចង់ចូលរួមថែរក្សាសិល្បៈបុរាណខ្មែរ »។
លោកនូ សុភេន អ្នករៀបចំកម្មវិធីកម្សាន្តប្រចាំទូរទស្សន៍អប្សរាឱ្យដឹងថា ដោយឃើញអ្នកសិល្បៈនាំគ្នាគិតគូរលើកមុខមាត់ឈុតសម្លៀកបំពាក់បុរាណខ្មែរតាមសម័យកាលលោករំភើបរីករាយដែលអ្នកជំនាន់ក្រោយនៅតែមានចិត្តនឹកនាដល់អ្វីដែលជារបស់អតីតកាល ។ ជាក់ស្តែងលោកបានរចនាឈុតសម្លៀកបំពាក់បុរាណជំនាន់ព្រះនាងឥន្ទ្រទេវី ចូលរួមប្រឡងក្នុងពិធីជប់លៀងគ្រួសារតារាកម្ពុជា ដោយកញ្ញាបេប៊ី ជាអ្នកគ្រង ហើយទីបំផុតឈ្នះពានរង្វាន់ ធ្វើឲ្យលោកមានមោទនភាព ។ «ដូចនេះសូមយុវវជនជំនាន់ក្រោយគួរបន្តរួមគ្នាទៀតជួយលើកកម្ពស់អ្វីដែលជាអត្តសញ្ញាណខ្មែរពីអតីតកាល»។
តារាសម្តែង និងពិធីការិនីកញ្ញាបេប៊ីឱ្យដឹងថានាងរំភើបចិត្តរីករាយក្រោយពេលគ្រងឈុតសម្លៀកបំពាក់បែបព្រះនាងឥន្ទ្រទេវី ហើយបានឈ្នះពានរង្វាន់ធ្វើឱ្យមានគេចាប់អារម្មណ៍។ «គ្រងឈុតបុរាណគឺមានភាពលំបាកណាស់ ចងរឹបរាង ហើយបើផ្នែកខាងលើត្រូវទូលមកុដយ៉ាងធ្ងន់ ។ ដូចនេះហើយនាងខ្ញុំសូមសរសើរអស់ពីបេះដូងដល់ បងៗអ្នករាំរបាំបុរាណ គាត់ទ្រាំបែបណាទេ បើនាងខ្ញុំស្លៀកតែម្តងទ្រាំសឹងថាមិនបានផងនោះ»។
អតីតតារាកំប្លែងនាយឃ្លោកថ្លែងថា «បើសិនជា ក្មួយៗរលកក្រោយបន្តនាំគ្នាលើកស្ទួយវិស័យសិល្បៈគ្រប់ផ្នែកនោះពិតជាធ្វើឱ្យសិល្បៈរឹងមាំ ។ ខ្ញុំចង់ឃើញរលកក្រោយនាំគ្នាធ្វើអ្វីដែលប្លែកក្នុងផ្លូវល្អដូចជានាំគ្នាប្រឡងឈុតសម្លៀកបំពាក់បុរាណ គឺមើលទៅពិសេសណាស់អាចនាំ ក្មេងៗឱ្យគេស្គាល់អ្វីដែលមានពីមុន ។ដូចនេះបំណងខ្ញុំមានតែឲ្យចេះរួបរួមគ្នាក្នុងនាមអ្នកសិល្បៈគ្មានអ្វីក្រៅពីការសាមគ្គីទើបយកឈ្នះឧបសគ្គបាន»៕

ចែករំលែកព័តមាននេះ