ជិតបោះឆ្នោត អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចូលជួបអ្នកទោសនៅព្រៃស
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អតីតអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិចំនួន៥នាក់ដឹកនាំដោយលោក អ៊ូ ច័ន្ទរ័ត្ន កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ បានចូលជួបអ្នកទោសនៅពន្ធនាព្រៃស ខណៈពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦កាន់តែខិតជិតមកដល់ ។
អតីតអ្នកតំណាងរាស្ត្រមួយក្រុមនេះបានអះអាងថា ពួកគាត់បានចូលទៅជួបអ្នកទោសតាមការគ្រោងទុក និងមានការអនុញ្ញាតឲ្យជួបបានតែ៤នាក់ក្នុងចំណោម១៥នាក់ដែលបានស្នើសុំ ។
លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រៅរបងពន្ធនាគារព្រៃសថា «គេអនុញ្ញាតឲ្យយើងបានជួបអ្នកចំនួន៤នាក់ប៉ុណ្ណោះក្នុងចំណោមអ្នកទោសចំនួន១៥នាក់ដែលបានដាក់ស្នើសុំជួប» ។
លោកថា ប្រសិនចង់ជួបទាំងអស់គេតម្រូវឲ្យជួបមួយក្រុមម្តងៗ ។ កាលចង់ជួបក្រុមអ្នកទោសផ្សេងត្រូវមកច្រើនដងតែក្រុមអតីតអ្នកតំណាងរាស្ត្រគ្មានពេលមកច្រើនដងទេនិងមិនបានត្រៀមទុកមកជួបច្រើនក្រុមទេ ។

លោកថា ៖«គេបានអនុញ្ញាតឲ្យយើងជួបនៅកន្លែងមួយដែលគ្មានប្រជាពលរដ្ឋនៅ ។ ការនិយាយគ្នាលំបាក និងអាចស្តាប់បានតែអ្នកទល់មុនទេហើយនៅក្បែរមិនអាចស្តាប់បាន ព្រមទាំងមានមន្ត្រីឆ្មាំគុកនៅឃ្លាំងមើលផង» ។
លោកបានអះអាងថា ទោសត្រូវបានគេរិតត្បិតក្នុងការជួបអ្នកដទៃពេលជិតបោះឆ្នោត និងក្រោយពេលមានបញ្ហាមក(អ្នកទោសលេងហ្វេសប៊ុកឬនិយាយទូរស័ព្ទ) ។ អ្នកទោសពីមុនដាក់ស្នាក់នៅជុំគ្នាហើយពេលនេះមានការបំបែក ។ អ្នកទោសទាំង១៥នាក់ដែលគ្រោងចូលជួបនេះនៅក្នុងបន្ទប់ដែលមានរបាំងដែកនៅខាងក្រៅ និងមិនអាចចេញក្រៅដូចអ្នកទោសដទៃ និងមិនអនុញ្ញាតឲ្យជួបអ្នកទោសដទៃទៀត ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ