កសិករ​៖ តើ​ពួក​យើង​គួរ​ដាំ​ដំណាំ​អ្វី​ដើម្បី​ឱ្យ​មាន​តម្លៃ និង​មាន​ទីផ្សារ ?


ខេត្ត​ប៉ៃលិន ៖ បញ្ហា​ដ៏​ធំ​បំផុត​របស់​កសិករ គឺ​ធ្វើ​បាន​ផល​ហើយ បែរជា​គ្មាន​ទីផ្សារ និង​តម្លៃ​ថោក ។ នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ ដែល​កសិករ​នៅ​ទូ​ទាំង​ប្រទេស​ជួប​បញ្ហា មិន​ថា​ដំណាំ​កសិកម្ម ឬក​សិ​-​ឧស្សាហកម្ម​ទេ នៅ​ពេល​ប្រមូល​ផល​ដំបូង គ្រាន់​មាន​តម្លៃ​ខ្លះ ប៉ុន្ដែ​នៅ​ពេល​ប្រមូល​ផល​ពេញលេញ បែរជា​គ្មាន​អ្នកទិញ ឬ​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង​ទៅ​វិញ ។

ម្យ៉ាងទៀត សព្វ​ថ្ងៃនេះ ពួក​គាត់​មិនដឹង​ថា តើ​គួរ​ដាំ​ដំណាំ​ណា​ដែល​មាន​ទីផ្សារ និង​តម្លៃ​អាច​ទទួលយក​បាន​នោះ​ទេ បើ​ដាំដំឡូង​មី តម្លៃ​ដំឡូង​មី​ចុះថោក បែរជា​ពោត​ឡើងថ្លៃ ។ ឥឡូវ​ពួក​គាត់​នាំ​គ្នា​ដាំពោត ខណៈ​ដល់​ពេល​ប្រមូល​ផល បែរជា​គ្មាន​ទីផ្សារ ធ្វើ​ឲ្យ​ពួក​គាត់​ជួប​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​យ៉ាង​ខ្លាំង ព្រោះ​ការ​ចំណាយ​ដើមទុន​ភាគច្រើន គឺ​ខ្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ ។

ប្រជា​កសិករ​នៅ​ខេត្ត​ប៉ៃលិន បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​១៨ កក្កដា ថា ពួក​គាត់​កំពុង​ជួប​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង ហើយ​ថែម​ទាំង​ជំពាក់​បំណុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទៀត ព្រោះ​ជា​រៀង​រាល់​ឆ្នាំ ពួក​គាត់​ខ្ចី​លុយ​គេ​មក​ចំណាយ​លើ​ការ​ដាំ​ដុះ លុះដល់​ពេល​ប្រមូល​ផល បែរជា​គ្មាន​ទីផ្សារ និង​តម្លៃ​ចុះថោក​យ៉ាង​ខ្លាំង ។ តើ​ពួក​គាត់​បាន​អ្វី​ទៅ​សង​គេ ?

កសិករ​ឈ្មោះ ប៊ុ​ន ធឿ​ន បាន​និយាយ​ថា ៖« រឿង​តម្លៃ និង​ទីផ្សារ​កសិផល​នេះ គឺ​តែងតែ​ជួប​រាល់​ឆ្នាំ ។ បើ​ដាំដំឡូង​មី គឺ​មាន​តម្លៃ​តែ​ដំបូង​ទី​បន្តិច​ទេ ក្រោយមក​បែរជា​ចុះថោក ហើយ​ថែម​ទាំង​គ្មាន​ទីផ្សារ​ទៀត ។ ដោយសារ​តែ​បែប​នេះ ក៏​ងាក​មក​ដាំពោត​ក្រហម​វិញ ឥឡូវ​ដល់​ពេល​ប្រមូល​ផល ក៏​ចុះថោក​ដូច​គ្នា » ។
លោក​បន្ដ​ថា ៖« ពួក​យើង​ម្នាក់​ៗ​ឥឡូវនេះ ចាប់ផ្ដើម​ធ្លាក់ខ្លួន​បណ្ដើរ​ៗ​ហើយ ។ អ្នកខ្លះ​ប្រកាស​លក់​ដី​ផ្ទះ លក់​ដីចម្ការ ក៏​ដោយសារ​តែ​ធ្វើ​ចម្ការ​អត់​ត្រូវ​នេះឯង ពោល​គឺ​ឱ្យ​តែ​ដល់​ពេល​ប្រមូល​ផល​ម្តង​ៗ ត្រូវ​ក្រុម​ឈ្មួញ​ទម្លាក់​តម្លៃ​ចុះ​ស្រឺ​ត​ៗ ធ្វើ​ឱ្យ​ខាតចុងខាតដើម​រាល់​ឆ្នាំ ។ ជាក់ស្តែង ពេល​នេះ ដល់​រដូវ​ប្រមូល​ផល​ពោតក្រហម​ពេញលេញ​ហើយ តែ​តម្លៃ​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ព្រោះ​តម្លៃ​គឺ​ស្ថិត​នៅ​នឹង​មាត់​ឈ្មួញ​ប៉ុណ្ណោះ គ្មាន​ខាង​មន្ទីរ​ពាក់ព័ន្ធ​ណា​ជួយ​កំណត់ ឬ​ទប់​តម្លៃ​ទីផ្សារ​កសិផល​ឱ្យ​នៅ​ស្ថិតស្ថេរ​ទេ » ។

លោក សុខ សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៨​នេះ ខេត្ត​ប៉ៃលិន បាន​ដាំ​ដុះ​ពោតក្រហម​ប្រមាណ​៩.៥០០​ហិ​កតា និង​បាន​ចាប់ផ្ដើម​ប្រមូល​ផល​ពី​ខែមករា រហូត​មក​ដល់​ខែកក្កដា​នេះ បាន​ប្រមាណ​៥.៧០០​ហិ​កតា​ហើយ ក្នុង​នោះ​មាន​ស្តង់ និង​ទីលាន​ហាល​ពោត ដែល​ទទួល​ទិញ​កសិផល​ពី​កសិករ​ក្នុង​ខេត្ត ចំនួន​៥៨​កន្លែង ដោយ​មាន​លទ្ធភាព​ប្រមូល​ទិញ​កសិផល​យក​ទៅ​ស្តុក​ទុក​បាន​ចំនួន​ប្រមាណ​ជា​៦​ម៉ឺន​តោន ព្រមទាំង​ក្រុមហ៊ុន ស៊ី​.​ភី ផលិត​ចំណី​សត្វ​ចំនួន​១​កន្លែង ។ លោក​បាន​លើក​ឡើង​ថា ៖« ទីផ្សារ​កសិផល​របស់​បងប្អូន គឺ​ភាគច្រើន​នាំ​ចេញ​ទៅ​បរទេស ដូច​ជា ប្រទេស​ថៃ និង​វៀតណាម ជាដើម ។ ដូច្នេះ ទីផ្សារ​យើង គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​ប្រទេស​ជិតខាង អីចឹង​ហើយ​បានជា​យើង​ជួប​ការ​លំបាក ។ ទោះបី​យ៉ាងនេះ​ក្ដី យើង​ក៏​មិន​នៅ​ស្ងៀម​ដែរ ជាក់ស្ដែង ដូច​នៅ​ថ្ងៃនេះ យើង​កំពុង​ស្វែងរក​ដំណោះស្រាយ​ទីផ្សារ​ពោតក្រហម​ជូន​បងប្អូន ហើយ​ជា​ដំណោះស្រាយ​បឋម តំណាង​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ ស៊ី​ភី នៅ​ខេត្ត​ប៉ៃលិន បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​-​លក់​គ្រាប់​ពោតក្រហម ជាមួយ​សមាគម​ទិញ​-​លក់​កសិផល​ក្នុង​ខេត្ត ចំនួន​៨​ពាន់​តោន​ក្នុង​រយៈពេល​១០​ថ្ងៃ ទៅ​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ ដើម្បី​ធ្វើ​ជា​វត្ថុធាតុដើម​ផលិត​ចំណី​ជ្រូក មាន់ ទា និង​បាន​ចូលរួម​កាត់​បន្ថយ​ទុក្ខ​លំបាក​របស់​បងប្អូន » ។ ទីផ្សារ​តម្លៃ​ពោតក្រហម​កាលពី​នៅ​ដើមរដូវ ក្នុង​១​គីឡូក្រាម​ជាង​៥​បាតប្រាក់​ថៃ ឬ​ស្មើនឹង​ប្រមាណ​ជាង​៦០០​រៀល ប៉ុន្ដែ​បាន​បន្ដ​ធ្លាក់​ចុះ​រហូត​ដល់​បច្ចុប្បន្ន​នេះ តម្លៃ​ត្រឹមតែ​៤​បាត ឬ​ប្រមាណ​៤០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម ។

តំណាង​ស្តង់​ទទួល​ទិញ​ពោត និង​ដំឡូង​មី នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​លើក​ឡើង​ថា បញ្ហា​តម្លៃ​ពោតក្រហម​ធ្លាក់​ចុះ​នេះ គឺ​ដោយសារ​តែ​នៅ​ប្រទេស​ជិតខាង ក៏​កំពុង​ប្រមូល​ទិញ​កសិផល​របស់​ប្រជាពលរដ្ឋ​គេ​ដែរ ដូច្នេះ ធ្វើ​ឱ្យ​ការ​បញ្ជា​ទិញ​ពី​ប្រទេស​កម្ពុជា មានការ​ធ្លាក់​ចុះ ។  លោក ហ៊ា ឡិ​ក អ្នក​ទទួល​ទិញ​កសិផល​ពី​កសិករ បាន​និយាយ​ថា ៖« ពេល​នេះ ដំណាំ​របស់​ប្រទេស​ជិតខាង​យើង ក៏​ដល់​ពេល​ប្រមូល​ផល​ដែរ អីចឹង​ហើយ អ្នកបញ្ជា​ទិញ គេ​ទិញ​កសិផល​របស់​កសិករ​គេ​សិន ធ្វើ​ឲ្យ​កសិផល​របស់​បងប្អូន​យើង​ប្រមូល​ហើយ គ្មាន​កន្លែង​ស្ដុក និង​ស​ម្ងួ​ត ដែល​នេះ​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ ហើយ​ពួក​យើង​ក៏​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​ទិញ​ច្រើន​ដែរ ព្រោះ​កន្លែង​ស​ម្ងួ​ត និង​ស្តុក​ទុក​របស់​យើង​មាន​កម្រិត » ។  នៅ​ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ស្តង់ និង​ទីលាន​ហាល​ពោតក្រហម និង​ដំឡូង​មី ដែល​ក្រុម​ឈ្មួញ​ទទួល​ទិញ​ពី​កសិករ​នៅ​ស្រុក​សាលា​ក្រៅ កាលពី​ថ្ងៃ​ទី​១៨ កក្កដា ដដែល​នោះ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​ស្នើ​ដល់​ម្ចាស់​អាជីវកម្ម​ស្តង់ និង​ទីលាន​ហាល​ពោតក្រហម​ទាំងអស់ រួម​សហការ​គ្នា​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្ត ដើម្បី​ជួយ​រក​ដំណោះស្រាយ​បញ្ហា​តម្លៃ​ពោតក្រហម​ដែល​កំពុង​ធ្លាក់​ចុះ​នេះ បង្ក​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ដល់​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល ។

លោក​អភិបាលខេត្ត​ថ្លែង​ថា ៖« ទីផ្សារ​កសិផល​របស់​យើង គឺ​ពឹងផ្អែក​ទៅ​លើ​ប្រទេស​ជិតខាង​តែ​មួយ​ប៉ុណ្ណោះ និង​ម្យ៉ាងទៀត គឺ​យោង​ទៅ​តាម​តម្លៃ​ទីផ្សារ​កសិផល​នៅ​លើ​ពិភពលោក ដូច្នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​លក់ដូរ​កសិផល​របស់​ប្រជា​កសិករ​យើង ។ យ៉ាងណា​ក៏​ដោយ បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួងពាណិជ្ជកម្ម បាន​និង​កំពុង​ខិតខំ​ស្វះ​ស្វែងរក​ដំណោះស្រាយ​ជូន​បងប្អូន ដោយ​បាន​ទម្លាក់​ទុន​ប្រាក់​កម្ចី ដើម្បី​ធ្វើ​កន្លែង​ស​ម្ងួ​ត និង​ស្តុក​ទុក​កសិផល​នៅ​ទូ​ទាំង​ប្រទេស ក្នុង​ការ​ប្រមូល​ទិញ​កសិផល ដែល​ជា​កត្តា​មួយ​អាច​ជួយ​រក្សា​និរន្តរភាព​តម្លៃ​លើ​ទីផ្សារ​កសិផល​ក្នុង​ប្រទេស​ឱ្យ​នៅ​ឋេ​រ​ផង​ដែរ » ។

លោក​អភិបាលខេត្ត ក៏​បាន​សំណូមពរ​ដល់​ប្រជា​កសិករ​ទាំងអស់​ត្រូវ​តែ​ចង​គ្នា​ជា​ក្រុម ឬ​ជា​សហគមន៍ ដើម្បី​សហការ​ជាមួយ​សហគមន៍​នាំ​ចេញ​កសិផល ចៀសវាង​ពឹងផ្អែក​លើ​ទីផ្សារ​ឈ្មួញកណ្ដាល​ដែល​តម្លៃ​ស្ថិត​នៅ​នឹង​មាត់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ