ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ ដោយត្រូវម៉ូតូសង្កត់ពីលើក្នុងប្រឡាយជាប់ចិញ្ចើមផ្លូវជាតិលេខ៩ កើតឡើងកាលពីព្រឹកថ្ងៃទី២៣ កក្កដា នេះ ស្ថិតនៅភូមិធ្នោតថ្មី ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រង ។
សេចក្តីរាយការណ៍បន្តថា បន្ទាប់ការប្រទះឃើញសាកសពជនរងគ្រោះខាងលើនោះ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវទំនាក់ទំនងរកសាច់ញាតិរហូតបានស្គាល់អត្តញ្ញាណ ។ ជនរងគ្រោះឈ្មោះ មុំ សុខឃុន អាយុ៣៥ឆ្នាំ ជាមន្ត្រីយោធាបំរើការនៅការរិយាល័យទី៣យោធភូមិភាគទី១ រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
តាមការរៀបរាប់ស្ត្រីជាប្រពន្ធថា ប្តីគាត់តែងឆ្លៀតពេលក្រៅម៉ោងទៅធ្វើការ ដោយក្រោកពីយប់ទៅទិញត្រីពីអ្នកនេសាទ និងយកទៅលក់បន្ត ដើម្បីរកចំណូលផ្តល់ការផ្គត់ផ្គង់លើជីវិភាពគ្រួសារបន្ថែម ដោយប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួន ដើរទិញត្រីពីចំណុចស្រែតាចាន់ ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសានយកទៅលក់តាមភូមិឃុំកើតហេតុ តែមិននឹកស្មាន គាត់បានជួបគ្រោះអកុសលដូច្នេះសោះ ។
លោកគង់ សណា មេប៉ុស្តិ៍ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ បានបញ្ចាក់ថា ករណីខាងលើនេះ ជាគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯង មិនមែនជាអំពើឃាតកម្មអ្វីនោះឡើយ។ ក្រោយធ្វើកោសល្យវិច្ច័យលើសាកសព មន្ត្រីជំនាញបានប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។
ចែករំលែកព័តមាននេះ