ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​អ្វី​ដែល​ជំរុញ​ខេត្ត​ព្រះ​សីហ​នុ​ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​ទី២ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ជា​ច្រើន​បាន​លើក​ឡើង​ពី​សក្ដានុពល​នានា​ដែល​ធ្វើ​ឲ្យ​ខេត្ត​ព្រះ​សីហ​នុ នឹង​ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​ទី​២ បន្ទាប់​ពី​រាជធានី​ភ្នំពេញ នៅ​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​នេះ ។ លោក​បណ្ឌិត សុក ស៊ី​ផា​ន់​ណា…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ជា​ច្រើន​បាន​លើក​ឡើង​ពី​សក្ដានុពល​នានា​ដែល​ធ្វើ​ឲ្យ​ខេត្ត​ព្រះ​សីហ​នុ នឹង​ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​ទី​២ បន្ទាប់​ពី​រាជធានី​ភ្នំពេញ នៅ​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​នេះ ។

លោក​បណ្ឌិត សុក ស៊ី​ផា​ន់​ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​នា​ពេល​ថ្មី​ៗ​នេះ​ថា នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​របស់​រាជរដ្ឋាភិបាល​ឆ្នាំ​២០១៥-២០២៥ បាន​ដាក់​ខេត្ត​ព្រះ​សីហ​នុ ជា​តំបន់ឧស្សាហកម្ម​ពិសេស​មួយ ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​កាន់តែ​មាន​ភាព​ងាយស្រួល និង​មាន​សក្តានុពល​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ដូច​ជា ព្រ​លាន​យន្តហោះ​អន្តរជាតិ​, កំពង់​ផែ​ទឹក​ជ្រៅ​លំដាប់​អន្តរជាតិ​, កា​រត​ភ្ជាប់​ផ្លូវគោក ផ្លូវ​រថភ្លើង និង​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ដែល​នឹង​សាងសង់​នា​ពេល​ខាង​មុខ​នេះ ។ លោក​បន្ត​ថា ៖« កត្តា​ហេដ្ឋារចនាសម្ព័ន្ធ និង​សក្តានុពល​របស់​ខេត្ត នឹង​ធ្វើ​ឲ្យ​ខេត្ត​នេះ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ធំ​ទី​២ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ » ។

លោក សុក ស៊ី​ផា​ន់​ណា បាន​បន្ត​ថា ៖« និយាយ​ពី​ការ​សាងសង់​ខុន​ដូ​នៅ​ខេត្ត​ព្រះ​សីហ​នុ យើង​ត្រូវ​សួរ​ថា តើ​អ្នក​អភិវឌ្ឍន៍​ផ្តោត​លើ​អ្នក​ណា​ជា​គោលដៅ ។ បើ​អ្នក​វិនិយោគ​ផ្តោត​លើ​ប្រជាជន​ក្នុងស្រុក ខ្ញុំ​មិនសូវ​មាន​ជំនឿ​ចិត្ត​នោះ​ទេ » ។ លោក​បន្ត​ថា ៖« ប្រជាពលរដ្ឋ​ខេត្ត​ព្រះ សីហ​នុ ទំនង​មិនសូវ​ចាប់អារម្មណ៍​ខុន​ដូ​ច្រើន​ទេ ពួក​គេ​នៅ​តែ​ចាប់អារម្មណ៍​លំនៅ​ឋាន​ផ្ទាល់​ដី ដោយសារ​ខេត្ត​នៅ​សល់​ដី​ទំនេរ​ច្រើន និង​មាន​តម្លៃ​ធូរ​ថ្លៃ​នៅឡើយ » ។

ខេត្ត​ព្រះ​សីហ​នុប​ច្ចុ​ប្បន្ន​បាន​ក្លាយជា​ប៉ូ​ល​ទី​២ ដែល​អ្នក​វិនិយោគ​បរទេស​បាន​និង​កំពុង​សាងសង់​ខុន​ដូ​នៅ​តំបន់​នេះ​ច្រើន ដូច​ជា គម្រោង Dseaview, Sunshine Bay, Royal Bayview គម្រោង​Sea Gate Suite និង​គម្រោង​ខុន​ដូ​ជា​ច្រើន​ទៀត ដែល​បាន​និង​កំពុង​សាងសង់​ជា​បន្តបន្ទាប់ ។
អ្នក​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ផង​ដែរ ប៉ុន្តែ​លោក​បាន​ទាមទារ​ឲ្យ​មានការ​ពង្រីក​ព្រ​លាន​យន្តហោះ​បន្ថែម​ទៀត ។

លោក ឡៅ ហេង អ្នក​វិនិយោគ​សណ្ឋាគារ​អូរ​ឈើទាល ខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែង​ថា ខេត្ត​ព្រះ​សីហ​នុ ពិតជា​មានការ​រីក​ចម្រើន​លឿន ដោយសារ​ការ​វិនិយោគ​របស់​ជនជាតិ​ចិន ប៉ុន្តែ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ រយៈពេល​វែង មិន​ទាន់​បាន​វិនិយោគ​ច្រើន​នៅឡើយ​ទេ តែ​អ្វី​ៗ​បាន​ចាប់ផ្តើម​ដំណើរការ​ល្អ​ប្រសើរ​បណ្តើរ​ៗ​ហើយ ។ លោក​បន្ត​ថា ៖« បច្ចុប្បន្ន ព្រ​លាន​យន្តហោះ​កងកេង ទទួល​ជើងហោះហើរ​កាន់តែ​ច្រើន តែ​ព្រ​លាន​នេះ​នៅ​មាន​ប្រវែង​ផ្លូវ​រត់​ខ្លី ដែល​ទាមទារ​ឲ្យ​មានការ​ពង្រីក​ខ្សែ​រត់​បន្ថែម ដើម្បី​ទាក់ទាញ​អាកាសចរណ៍​ធំ​ៗ​ចុះ​ចត​បាន » ។
អភិបាលខេត្ត​ព្រះ​សីហ​នុ លោក យន្ត មីន​បាន​ទទួលស្គាល់​ពី​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​របស់​លោក ប៉ុន្តែ​លោក​បាន​ត្អូញត្អែរ​ពី​បញ្ហា​ប្រឈម​របស់​ខេត្ត​ទាក់ទង​នឹង​ទំនាស់​ដីធ្លី និង​ការ​កើនឡើង​នូវ​វត្តមាន​ទេសចរណ៍ ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​បំពុលបរិស្ថាន ជាដើម​។ លោក​បន្ត​ថា កន្លង​មក អាជ្ញាធរ​បាន​ណែនាំ​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ ប៉ុន្តែ​នា​ពេល​ខាង​មុខ អាជ្ញាធរ​នឹង​ចាប់បង្ខំ​ឲ្យ​អនុវត្ត​ប្រព័ន្ធ​ចម្រោះ ដើម្បី​ទប់ស្កាត់​ការ​បំពុលបរិស្ថាន ។

លោក​បន្ត​ថា ៖« ការ​រីក​ចម្រើន​របស់​ខេត្ត និង​សក្តានុពល​ដែល​កំពុង​មាន​ក្នុង​មូលដ្ឋាន​នេះ​ពិត​ណាស់ ខេត្ត​ព្រះ​សីហ​នុ​នឹង​ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​ធំ​ទី​២ បន្ទាប់​ពី​រាជធានី​ភ្នំពេញ នា​ពេល​ឆាប់​ៗ​ខាង​មុខ » ។
អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹ​ក សុខ​នី​ម បាន​ថ្លែង​ថា ដោយសារ​ខេត្ត​ព្រះ​សីហ​នុ​ជា​តំបន់​ទេសចរណ៍ ហើយ​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​តំបន់​នេះ​ទៅ​ជា​តំបន់​ពាណិជ្ជកម្ម​នា​ពេល​អនាគត អ្នក​វិនិយោគ​ដែល​មាន​គោលដៅ​ធ្វើការ​វិនិយោគ​រយៈពេល​វែង​បាន​ងាក​ទៅ​កាន់​តំបន់​នេះ ដោយសារ​វា​ជា​តំបន់​ដែល​មាន​សក្តានុពល​សម្រាប់​ពេល​អនាគត ។

លោក​បន្ត​ថា ៖« រដ្ឋាភិបាល​បាន​និង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​នៅ​តំបន់​នេះ តាម​រយៈ​ការ​រៀបចំ​ឆ្នេរ​ឲ្យ​មាន​សោភ័ណ​ភាព និង​រៀបរយ​ជាង​មុន​, គម្រោង​សាងសង់​ផ្លូវ​ហា​យ​វ៉េ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​នេះ​, ការ​មាន​ព្រ​លាន​យន្តហោះ​លំដាប់​អន្តរជាតិ និង​កំណើន​ភ្ញៀវ​ទេសចរ សុទ្ធតែ​ជា​កត្តា​ហុច​សក្តានុពល​ដល់​អ្នក​វិនិយោគ​សាងសង់​ខុន​ដូ​នៅ​ខេត្ត​នេះ » ។ លោក​បន្ត​ថា ៖« ពេល​បុណ្យ​ទាន​ម្តង​ៗ​ពិបាក​រក​ផ្ទះសំណាក់ និង​សណ្ឋាគារ​សម្រាប់​ស្នាក់​នៅ ដូច្នេះ ការ​ទិញ​ខុន​ដូ​សម្រាប់​លំហែ​នឹង​ជា​ជម្រើស​មួយ​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ